ឯកជនភាពនៃទិន្នន័យផ្ទាល់ខ្លួន
នីតិវិធីដែលធានាថាទិន្នន័យរបស់រូបវន្តបុគ្គល និងនីតិបុគ្គលដែលទទួលបានការយល់ព្រមឱ្យកត់ត្រាដោយនីតិបុគ្គលណាមួយក្នុងប្រព័ន្ធបច្ចេកវិទ្យាមិនត្រូវបានចែករំលែក លួចយក ឬយកទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់ទិន្នន័យ។
ឧស្សាហកម្ម ៤.០
បរិបទនៃការវិវឌ្ឍឧស្សាហកម្មដែលបច្ចេកវិទ្យាអនុញ្ញាតឱ្យមាន ការបញ្ចូលគ្នានៃទិន្នន័យពីម៉ាស៊ីន ឧបករណ៍ និងសេនស័រពីខ្សែច្រវាក់ផលិតកម្ម និងពីការប្រើប្រាស់របស់មនុស្ស ហើយដែលផ្តល់ព័ត៌មានច្បាស់លាស់ និងទាន់ពេលដល់អ្នកផលិត និងអ្នកពាក់ព័ន្ធសំដៅធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មទាំងមូល។
ឧត្តមានុវត្តន៍
គោលការណ៍ ឬស្តង់ដារ និងការអនុវត្តតាមអនុសាសន៍របស់អង្គភាពជំនាញវិជ្ជាជីវៈ និងស្ថាប័នអភិបាលកិច្ចផ្ទៃក្នុង។ ច្បាប់ បទប្បញ្ញត្តិផ្សេងៗ និងស្តង់ដារទូទៅផ្សេងៗទៀត ដែលដកស្រង់ពីទស្សនៈល្អៗរបស់ស្ថាប័នអាជីពដែលត្រូវបានទទួលស្គាល់ថាបានអនុវត្តល្អបំផុត សម្រាប់ការត្រួតពិនិត្យកិច្ចលទ្ធកម្មតាមក្រោយ។
ឧក្រិដ្ឋកម្មសាយប័រ
បទល្មើសដែលប្រព្រឹត្តនៅក្នុងបណ្តាញបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដូចជា ការចូលលួច ក្លែងបន្លំ ឬកែឯកសារ ការបញ្ចូលមេរោគ ការផ្ញើសារគំរាមកំហែង ឬចាប់ជំរិត ឬការធ្វើឱ្យប៉ះពាល់សន្តិសុខសេដ្ឋកិច្ច និងសង្គមជាតិ។
ឥណទេយ្យមិនមែនពាណិជ្ជកម្ម
សំដៅដល់សាច់ប្រាក់ដទៃទៀតដែលសមភាគីជំពាក់ក្រុមហ៊ុនបរធនបាលក្រៅពីឥណទេយ្យពាណិជ្ជកម្ម។
ឥណទេយ្យពាណិជ្ជកម្ម
សំដៅដល់លាភការដែលអតិថិជនជំពាក់សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចរបស់អតិថិជនដែលរួមទាំងកម្រៃជើងសា ឬថ្លៃសេវាផ្សេងៗ។
អ្នកវិនិយោគ
មានន័យថា បុគ្គលណាមួយដែលអនុវត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
អ្នកផ្ដល់វិភាគទានបរធនបាលកិច្ច
សំដៅដល់បុគ្គលណាដែលផ្ដល់វិភាគទានទៅក្នុងបរធនបាលកិច្ច ឬបរធនបាលកិច្ចដែលមានស្រាប់ និងមានសិទ្ធិចូលរួមកំណត់លក្ខខណ្ឌនៃការបង់វិភាគទានដែលនឹងត្រូវគ្រប់គ្រងនិងចាត់ចែងដោយបរធនបាល និងលក្ខខណ្ឌនៃការទទួលផលរបស់អត្ថគាហកៈ។
អ្នកប្រើប្រាស់
សំដៅដល់ បុគ្គលដែលទទួលបានទំនិញឬសេវា៖ ក. ដែលជាធម្មតាយកទៅប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួនក្នុងផ្ទះ ឬក្នុងគ្រួសារ និង ខ. ក្នុងគោលបំណង៖ - មិនផ្គត់ផ្គង់បន្តក្នុងការធ្វើពាណិជ្ជកិច្ច ឬ - មិនប្រើប្រាស់ក្នុងដំណើរការចង្វាក់ផលិតកម្មឬការផលិត ឬមិនប្រើប្រាស់ទំនិញក្នុងសកម្មភាពពាណិជ្ជកម្មដូចជា ដើម្បីជួសជុលអគារឬយកទៅធ្វើជាវត្ថុតាំងភ្ជាប់លើអចលនទ្រព្យ។
អ្នកតំណាងពេញសិទ្ធិ
តំណាងដែលមានអនុភាពតាមផ្លូវច្បាប់ ក្នុងការចុះហត្ថលេខាលើកិច្ចសន្យាឬធ្វើការសម្រេចចិត្តក្នុងនាមភាគីដែលខ្លួនតំណាង។
អ្នកជំនាញវាយតម្លៃ
សំដៅដល់រូបវន្តបុគ្គលដែលទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) ដើម្បីផ្តល់សេវាកម្មវាយតម្លៃជូនអតិថិជន ក្នុងនាមក្រុមហ៊ុនវាយតម្លៃ និងទទួលបានការទទួលស្គាល់គុណវុឌ្ឍិពីនិយ័តករបរធនបាលកិច្ច (ន.ប.ធ.)។
អ្នកជំនាញភ្នាក់ងារអចលនវត្ថុ
រូបវន្តបុគ្គលដែលទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈពីក្រសួង ដើម្បីផ្តល់សេវាកម្មភ្នាក់ងារអចលនវត្ថុជូនអតិថិជន ក្នុងនាមក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ។
អ្នកកាន់កាប់
រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលគ្មានបណ្ណសម្គាល់សិទ្ធិ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី។
អាវុធមហាប្រល័យ
សំដៅដល់អាវុធផ្ទុះអាតូមិកឬនុយក្លេអ៊ែរ អាវុធសម្ភារៈវិទ្យុសកម្ម អាវុធគីមី និងអាវុធជីវសាស្រ្តដែលអាចសម្លាប់ ឬបង្កមហន្តរាយដល់មនុស្សឬសត្វពាហនៈ ព្រមទាំងអាវុធផ្សេងទៀត ដែលនឹងត្រូវបានផលិតនាពេលអនាគតដែលមានលក្ខណៈបង្កនូវផលបំផ្លិចបំផ្លាញដូចនឹងគ្រាប់បែកអាតូមិកឬនុយក្លេអ៊ែរ ឬអាវុធដទៃទៀតដូចដែលបានរៀបរាប់ខាងលើ។
អាជ្ញាបណ្ណ
លិខិតអនុញ្ញាតដែលបានចេញឱ្យតាមការស្នើសុំ ដើម្បីប្រើស្តង់ដារឧស្សាហកម្ម ឬសញ្ញាសម្គាល់។
អស្សាមិករណ៍
សំដៅដល់ការដកហូតកម្មសិទ្ធិលើអចលនវត្ថុ ឬលើសិទ្ធិប្រត្សក្សលើអចលនវត្ថុរបស់រូបវន្តបុគ្គល នីតិបុគ្គលឯកជន និងនីតិបុគ្គលសាធារណៈដែលបម្រើប្រយោជន៍សាធារណៈ និងផលប្រយោជន៍ជាតិ ព្រមទាំងផ្តល់នូវសំណងជាមុនសមរម្យ និងយុត្តិធម៌។
អភិបាលកិច្ចដោយផ្អែកលើទិន្នន័យ
អភិបាលកិច្ចដោយប្រើប្រាស់ទិន្នន័យដើម្បីនាំឱ្យមានការសម្រេចចិត្តជាគោលនយោបាយ ផ្លាស់ប្តូរវិធានការគោលនយោបាយ និងតាមដានការអនុវត្តគោលនយោបាយក្នុងន័យបង្កើនតម្លាភាព។
អភិបាល
សមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន។
អំពើមិនសុចរិត
សំដៅដល់អំពើណាមួយរបស់បុគ្គលលនៅក្នុងធុរកិច្ចដែលអាចបំភាន់ឬបោកបញ្ជោតអ្នកប្រើប្រាស់ ទោះបីជាអំពើនោះធ្វើដោយចេតនាឬអចេតនាក៏ដោយ។
អន្តរប្រតិបត្តិការ (ទៅវិញទៅមក)
សមត្ថភាពនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលអាចធ្វើសន្ធានកម្ម ជាមួយគ្នាក្នុងការផ្លាស់ប្តូរ និងការប្រើប្រាស់ទិន្នន័យ ដែលជាទូទៅកើតឡើងដោយស្វ័យប្រវត្តិក្រោមលក្ខខណ្ឌច្បាស់លាស់។
អនុស្សរណៈនៃការយោគយល់
សំដៅលើឯកសារដែលពិពណ៌នាពីចំណុចទូទៅនៃកិច្ចព្រមព្រៀងទ្វេភាគី ឬពហុភាគី ដែលភាគីទាំងអស់បានឯកភាពគ្នា។
អនុសាសន៍ពង្រឹងការគ្រប់គ្រង អាជីវកម្ម
សំដៅដល់ការផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនបរធនបាល ឱ្យពង្រឹងការគ្រប់គ្រងនៅពេល អនុបាតមូលធនសុទ្ធរបស់ក្រុមហ៊ុននោះ ធ្លាក់ក្រោម ១៥០ (មួយរយហាសិប) ភាគរយ។
អនុលក្ខណៈនិច្ឆ័យ
សមាសធាតុនីមួយៗនៃលក្ខណៈវិនិច្ឆ័យទាំងមូល ដែលត្រូវបានប្រើប្រាស់ដើម្បីវាយតម្លៃសំណើដែលបានដាក់។
អនុបាតមូលធនសុទ្ធ
សំដៅដល់ផលធៀបជាភាគរយរវាងមូលធនប្រតិបត្តិការសុទ្ធ និងហានិភ័យដុល។
អនុបំណុល
សំដៅដល់មូលនិធិហិរញ្ញប្បទាន ឬហិរញ្ញប្បទានឥតសំណងរបស់ដៃគូអភិវឌ្ឍ ដែលកំពុងត្រូវបានប្រើប្រាស់ដោយនីតិបុគ្គលណាមួយ ក្នុងគោលបំណងបន្តសកម្មភាពអភិវឌ្ឍន៍វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុក្រោមកិច្ចព្រមព្រៀងអនុបំណុល។
អត្ថគាហកៈ
សំដៅដល់បុគ្គលដែលទទួលផលប្រយោជន៍ពីបរធនបាលកិច្ច។
អត្តសញ្ញាណឌីជីថល
ព័ត៌មានដែលបញ្ជាក់ពីអត្តសញ្ញាណរូបវន្តបុគ្គល និងនីតិបុគ្គលក្នុងពិភពឌីជីថលដែលព័ត៌មាននេះបានភ្ជាប់ទៅនឹងអត្តសញ្ញាណរូបវន្តបុគ្គល និងនីតិបុគ្គលនៅក្នុងពិភពពិត។
អំណោយ
សំដៅដល់ការផ្ទេរទ្រព្យសម្បត្តិដោយស្ម័គ្រចិត្តពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតដោយគ្មានតម្លៃតបស្នងឬកាតព្វកិច្ចត្រឡប់។
អង្គភាពគ្រប់គ្រងគម្រោង
អង្គភាពដែលបានបង្កើតឡើងនៅគ្រប់ស្ថាប័នសាមីនីមួយៗ ដើម្បីអនុវត្តគម្រោង។ អង្គភាពនេះអាចត្រូវបានបង្កើតឡើងសម្រាប់អនុវត្តគម្រោងជាក់លាក់ណាមួយ ឬអាចជាអង្គភាពសម្រាប់អនុវត្តគម្រោងទាំងអស់របស់ស្ថាប័នសាមីដែលតែម្តង។
អង្គភាព
សំដៅដល់នីតិបុគ្គល អង្គភាពមិនមែនសាជីវកម្ម ក្រុម សមាគម អង្គការ គ្រឹះស្ថាននិងការចងក្រងនានា។
អក្ខរកម្មហិរញ្ញវត្ថុ
សមត្ថភាពក្នុងការយល់ និងការប្រើប្រាស់ជំនាញហិរញវត្ថុផ្សេងៗ រួមមានដូចជា ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងការវិនិយោគប្រកបដោយប្រសិទ្ធភាព។
អក្ខកម្មឌីជីថល
ជំនាញដែលជំរុញសមត្ថភាពឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ សម្រាប់ការសិក្សារៀនសូត្រ កម្សាន្ត ការងារ និងការប្រាស្រ័យទាក់ទង។
ហិរញ្ញប្បទានឥតសំណងរបស់ដៃគូអភិវឌ្ឍ
សំដៅដល់មូលនិធិជំនួយឥតសំណងដំបូងដែលត្រូវបានផ្ដល់ដោយដៃគូអភិវឌ្ឍឱ្យទៅបុគ្គលណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់គោលបំណងនៃបរធនបាលកិច្ច។
ហិរញ្ញប្បទានភេរវកម្ម
សំដៅដល់ការផ្តល់ឬការប្រមូលដោយចេតនានូវទ្រព្យសម្បត្តិ មូលនិធិឬសេវាផ្សេងៗក្នុងបំណងប្រើប្រាស់ ឬដោយដឹងថាទ្រព្យសម្បត្តិ មូលនិធិ ឬសេវានេះនឹងត្រូវបានឬអាចប្រើប្រាស់ទាំងមូល ឬមួយផ្នែកសម្រាប់គាំទ្ររាល់សកម្មភាព ជាអាទិ៍ ការធ្វើដំណើរការបណ្តុះបណ្តាល ការរៀបចំ ការចូលរួម ឬការប្រព្រឹត្តអំពើភេរវកម្ម របស់ភេរវករឬអង្គការចាត់តាំងរបស់ភេរវកម្ម។
ហិតូបត្ថម្ភកៈ
ជនដែលច្បាប់ចាត់ឱ្យឃុំគ្រងទ្រព្យរបស់អនីតិជន ឬទ្រព្យរបស់ជនល្ងីល្ងើជាដើម។
ហានិភ័យឥណទាន
សំដៅដល់ហានិភ័យដែលជះឥទ្ធិពលលើក្រុមហ៊ុនបរធនបាល ដែលបង្កឡើងដោយសារការរំលោភកិច្ចសន្យាទូទាត់សងប្រាក់កម្ចីរបស់សមភាគី។
ហានិភ័យប្រតិបត្តិការ
សំដៅដល់ឱកាសខាតបង់ដែលជះឥទ្ធិពលលើក្រុមហ៊ុនបរធនបាល បង្កឡើងដោយកំហុសឆ្គងដំណើរការផ្ទៃក្នុង ការគ្រប់គ្រងធនធានមនុស្ស និងប្រព័ន្ធមិនល្អ ឬ ព្រឹត្តិការណ៍ ឬបុព្វហេតុខាងក្រៅ។
ហានិភ័យទីផ្សារ
សំដៅដល់ហានិភ័យដែលជះឥទ្ធិពលដល់ការវិនិយោគហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល ដែលបង្កឡើងដោយសារបម្រែបម្រួលឡើងចុះនៃតម្លៃទីផ្សាររបស់អត្រាការប្រាក់ អត្រាប្តូរប្រាក់ និងមូលបត្រដែលអាចជួញដូរបានរួមមាន ភាគហ៊ុន និងសញ្ញាបណ្ណ ជាដើម។
ហានិភ័យដុល
សំដៅដល់ហានិភ័យរួមសរុបដោយរាប់បញ្ចូលទាំងហានិភ័យទីផ្សារ ហានិភ័យឥណទាន និងហានិភ័យប្រតិបត្តិការ។
ហានិភ័យក្នុងការគ្រប់គ្រង
គឺជាហានិភ័យដែលពាក់ព័ន្ធនិងការគ្រប់គ្រងដែលអសមត្ថភាព ឬប្រកបដោយចេតនាឧក្រិដ្ឋ។ ឧទាហរណ៍៖ បញ្ហាណាមួយដែលកើតឡើងដោយចេតនា ដោយអ្នកគ្រប់គ្រង។
ហត្ថលេខាឌីជីថល
ហត្ថលេខាដែលត្រូវបានបង្កើតឡើងតាមមធ្យោបាយអេឡិចត្រូនិកសម្រាប់ប្រើប្រាស់កំណត់អត្តសញ្ញាណរបស់ហត្ថលេខីដែលរួមមាន ហត្ថលេខាអេឡិកត្រូនិក ហត្ថលេខាជីវមាត្រ និងហត្ថលេខាផ្សេងៗ។
ស្ថាប័នសាមី
ស្ថាប័នសាធារណៈដែលមានសិទ្ធិចុះកិច្ចសន្យា បំពេញតួនាទីជាស្ថាប័ន សាមី រួមមាន ក្រសួង-ស្ថាប័ន, ស្ថាប័នសាធារណៈប្រហាក់ប្រហែល, គ្រឹះស្ថានសាធារណៈរដ្ឋបាល, សហគ្រាសសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ស្ថាប័នសាធារណៈទាំងនេះត្រូវបានអនុញ្ញាតឱ្យចុះកិច្ចសន្យា ក្រោមសមត្ថកិច្ចរៀងៗខ្លួន ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
ស្ថាប័នបញ្ញត្តិករ
សំដៅដល់ស្ថាប័ន ដែលទទួលបន្ទុករៀបចំនិងដាក់ឱ្យអនុវត្តបទប្បញ្ញតិ្ត និងគោលការណ៍ ផ្សេងៗ។
ស្តង់ដារវាយតម្លៃ (Valuation Standard)
សំដៅដល់ស្តង់ដារវាយតម្លៃដែលដាក់ឱ្យប្រើប្រាស់នៅព្រះរាជាណាចក្រកម្ពុជា និងទទួលបានការទទួលស្គាល់ឱ្យប្រើប្រាស់ក្នុងការវាយតម្លៃ សម្រាប់ក្រុមហ៊ុនវាយតម្លៃ និងអ្នកជំនាញវាយតម្លៃ។
ស្តង់ដានីយកម្ម
សំដៅដល់សកម្មភាពនៃការបង្កើតនូវបញ្ញាត្តិទាំងឡាយដែលទាក់ទងនឹងបញ្ហាដាក់ស្តែងឬបញ្ហាសំខាន់ៗដើម្បីទុកសម្រាប់ការប្រើប្រាស់ជាទូទៅនិងបន្តបន្ទាប់ សំដៅធានាឱ្យបានដល់ចំណុចប្រសើរបំផុតនៃបរិបទមួយ។
ស្តង់ដា
សំដៅដល់ឯកសារដែលត្រូវបានអនុម័តដោយស្ថាប័នមានសមត្ថកិច្ច សម្រាប់ការប្រើប្រាស់ជាទូទៅនិងបន្តបន្ទាប់ ដែលជាវិធានគោលការណ៍ណែនាំឬចរិតលក្ខណៈសម្រាប់ផលិតផលឬដំណើរការពាក់ព័ន្ធ និងវិធីសាស្រ្តផលិតកម្ម ដែលការអនុលោមមិនមានលក្ខណៈតម្រូវឱ្យអនុវត្តនោះទេ។ ស្តង់ដានេះអាចរួមបញ្ចូលឬប្រើប្រាស់សម្រាប់តែការតម្រូវផ្នែកវាក្យសព្ទ និមិត្តសញ្ញាការវេចខ្ចប់ ការធ្វើសញ្ញាសម្គាល់ ឬការធ្វើស្លាកសញ្ញា ដែលអនុវត្តទៅលើផលិតផល ដំណើរការឬវិធីសាស្រ្តផលិតកម្ម។
សេវាហិរញ្ញវត្ថុឌីជីថល
បណ្តាសេវាកម្មហិរញ្ញវត្ថុដែលអាចទទួលបាន និងផ្តល់ឱ្យតាមរយៈបច្ចេកវិទ្យាឌីជីថល ដែលរួមមានការទូទាត់ ឥណទាន ការសន្សំ ការផ្ទេរប្រាក់ និងធានារ៉ាប់រងជាដើម។
សេវារក្សាសុវត្ថិភាព ឬរក្សាទុក
សំដៅដល់ប្រតិបត្តិការដែលក្នុងនោះ ម្ចាស់ទ្រព្យបានប្រគល់ទ្រព្យរបស់ខ្លួនឱ្យទៅធនាគារពាណិជ្ជ ដែលទទួលបានអាជ្ញាបណ្ណឬការអនុញ្ញាតពីនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ធ្វើជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬរក្សាទុក ដើម្បីរក្សាសុវត្ថិភាព ឬរក្សាទុក តាមរយៈការបង្កើតគណនី Escrow ក្នុងគោលបំណងដើម្បីធ្វើការទូទាត់ ឬប្រគល់ទ្រព្យនោះទៅឱ្យបុគ្គលណាមួយ ក្នុងប្រតិបត្តិការធុរកិច្ច ឬក្នុងប្រតិបត្តិការអចលនទ្រព្យ ឬក្នុងប្រតិបត្តិការវិនិយោគនានា នៅពេលកំណត់ជាក់លាក់ណាមួយ តាមលក្ខខណ្ឌដែលបានព្រមព្រៀង។
សេវារក្សាទុក
សំដៅដល់ការផ្ទេរទ្រព្យសម្បត្តិឬមូលនិធិដោយបុគ្គលណាមួយទៅឱ្យបរធនបាលដើម្បីរក្សាទុក ហើយប្រគល់ទៅឱ្យបុគ្គលផ្សេងទៀតឬប្រគល់ត្រឡប់ទៅឱ្យបុគ្គលនោះវិញ តាមលក្ខខណ្ឌដែលបានកំណត់នៅក្នុងលិខិតបរធនបាលកិច្ច។
សេវាកម្មក្លោដ
សេវាកម្មនៃការប្រើប្រាស់កម្មវិធីសុស្វវែរដែលប្រតិបត្តិលើបច្ចេកវិទ្យាក្លោដ។
សេដ្ឋកិច្ចឌីជីថល
សំដៅដល់ការចាប់យកការប្រើប្រាស់នូវភាពរីកចម្រើននៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឌីជីថលក្នុងការធ្វើទំនើបកម្មផលិតកម្ម និងការបង្កើនផលិតភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ច ដោយបង្កើតចេញនូវគំរូធុរកិច្ចថ្មីៗ, ផ្លាស់ប្ដូរដំណើរការផលិតកម្ម, ផ្លាស់ប្ដូររបៀបធ្វើការថ្មី, ផ្លាស់ប្ដូររបៀបនៃការប្រើប្រាស់និងការចែកចាយទំនិញនិងសេវាជាដើម។
សេចក្តីជូនដំណឹងស្តីពីវិធាន ការហាមឃាត់ជាបណ្តុះអាសន្ន
សំដៅដល់សេចក្តីជូនដំណឹងដែលមានគោលបំណងផ្អាកជាបណ្តោះអាសន្នការផ្គត់ផ្គង់ ការចែកចាយ ឬការចរាចរណ៍លើទីផ្សារនូវប្រភេទទំនិញ ឬសេវាទាំងឡាយដែលមិនមានភាពអនុលោមតាមបទប្បញ្ញត្តិ និងចេញដោយមន្រ្តីស៊ើបអង្កេត។
សុខដុមនីយកម្ម
ការកែសម្រួលភាពផ្សេងៗគ្នា និង/ឬភាពមិនស៊ីចង្វាក់គ្នាដែលពាក់ព័ន្ធនឹងការវាស់វែង វិធីសាស្រ្ត នីតិវិធី កាលវិភាគ លក្ខណៈបច្ចេកទេស ឬប្រព័ន្ធដើម្បីធ្វើឱ្យមានឯកភាព ឬមានភាពសមស្របសម្រាប់ទាំងអស់គ្នា។
សុក្រឹត្យភាព
អ្វីដែលគេបានធ្វើដោយសព្វគ្រប់ ឬអ្វីដែលគេពុំអាចបន្ថែមអ្វីទៀតបាន។ ដូចនេះសុក្រឹត្យភាពគឺលក្ខណៈនៃអ្វីដែលប្រជុំគ្រប់គុណសម្បត្តិដោយពុំមានលាយឡំនឹងគុណវិបត្តិ។ ដូចនេះសុក្រឹត្យភាព មានន័យដូចគុណសម្បត្តិ ឬគុណធម៌ដែរ។
សិទ្ធិអ្នកប្រើប្រាស់
សិទ្ធិអ្នកប្រើប្រាស់ សំដៅដល់៖ - សិទ្ធិទទួលបានព័ត៌មាននិងការអប់រំដើម្បីថ្លឹងថ្លែងនូវភាពខុសគ្នារវាងទំនិញឬសេវា និងដើម្បីការពារការក្លែងបន្លំនិងពីការបោកប្រាស់តាមការផ្សាយពាណិជ្ជកម្ម - សិទ្ធិជ្រើសរើសទំនិញឬសេវាដែលមានការប្រកួតប្រជែងគ្នាអំពីថ្លៃនិងគុណភាព - សិទ្ធិត្រូវបានដឹងលឺអំពីកង្វល់និងទទួលការពិនិត្យដោះស្រាយពីបញ្ញត្តិករមានសមត្ថកិច្ចនិងរាជរដ្ឋាភិបាល - សិទ្ធិទាមទារសំណងតាមច្បាប់នេះឬតាមច្បាប់ផ្សេង។
សិទ្ធិលើបំណុល
សំដៅដល់សិទ្ធិទទួលបានការទូទាត់សងពីកូនបំណុល ឬការទូទាត់ពីទ្រព្យសកម្មរបស់កូនបំណុលដែលកើតមានឡើងមុនពេលបើកសំណុំរឿងក្ស័យធនដោយមិនគិតពីសិទ្ធិលើបំណុលនោះមានលក្ខខណ្ឌមិនទាន់ទូទាត់បាន ឬមានភាពបន្ទាន់ឡើយ លើកលែងតែច្បាប់ចែងច្បាស់ថាជាសិទ្ធិលើបំណុលខាងរដ្ឋបាល។
សិទ្ធិប្រត្យក្ស
សំដៅទៅលើសិទ្ធិគ្រប់គ្រងលើវត្ថុដោយចំពោះ ដែលអាចអះអាងចំពោះបុគ្គលដទៃទៀតបាន។
សវនកម្ម
សំដៅដល់ការត្រួតពិនិត្យ និងវាយតម្លៃដោយឯករាជ្យ និងជាប្រព័ន្ធលើទិន្នន័យរបាយការណ៍ កំណត់ត្រា កិច្ចប្រតិបត្តិការ និងលទ្ធផលជាហិរញ្ញវត្ថុ ឬមិនមែនហិរញ្ញវត្ថុរបស់សហគ្រាសសម្រាប់គោលបំណងជាក់លាក់ណាមួយ។
សន្ទនីយភាព
កម្រិតដែលទ្រព្យសកម្ម ឬសញ្ញាបណ្ណ អាចត្រូវបានទិញ ឬលក់នៅក្នុងទីផ្សារ ដោយពុំមានការប៉ះពាល់ដល់តម្លៃទ្រព្យសកម្មនោះ។ សន្ទនីយភាពឆ្លុះបញ្ចាំងពីសមត្ថភាពក្នុងការបម្លែងទ្រព្យសកម្មមួយឱ្យទៅជាសាច់ប្រាក់។
សន្តិសុខសាយប័រ
ការអនុវត្តនៃការទប់ស្កាត់ ការឆ្លើយតប និងការការពារប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរួមទាំងហេដ្ឋារចនាសម្ព័ន្ធ, បណ្តាញ, ប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីពីការជ្រៀតចូល និងការវាយប្រហារគ្រប់រូបភាព ជាពិសេសតាមប្រព័ន្ធអ៊ីនធឺណិត។
សន្តតិជន
សំដៅដល់ជនដែលទទួលបន្តសិទ្ធិ និងករណីកិច្ចរបស់មតកជនតាមរយៈសន្តតិកម្ម។
សន្តតិកម្ម
សំដៅដល់ការផ្ទេរសិទ្ធិ និងករណីកិច្ចរបស់មតកជនម្នាក់ ឬច្រើននាក់តាមឆន្ទៈ ឬតាមច្បាប់។
សំណើទិញធិនឌ័រ (Tender Offer)
សំដៅដល់សំណើសុំទិញដែលបើកចំហជាសាធារណៈដើម្បីទិញមូលបត្រកម្មសិទ្ធ ឬភាគហ៊ុនរបស់នីតិបុគ្គលណាមួយចាប់ពី ៥ (ប្រាំ) ភាគរយឡើងទៅនៃភាគហ៊ុន ឬមូលបត្រកម្មសិទ្ធឬសំណើសុំទិញដែលមានគោលដៅត្រួតត្រាលើនីតិបុគ្គលណាមួយ។
សំណុំរឿងអធិការកិច្ច
សំដៅដល់ករណីដែលកំពុងស្ថិតនៅក្រោមការធ្វើអធិការកិច្ច របស់មន្រ្តីអធិការកិច្ចបរធនបាលកិច្ច ទាំងក្នុងការជំរុញការអនុវត្តច្បាប់ និងទាំងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យបរធនបាលកិច្ច។
សញ្ញាបណ្ណបៃតង
សំដៅលើមូលបត្របំណុលដែលត្រូវបានបោះផ្សាយដោយក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ ហើយសាច់ប្រាក់ដែលទទួលបានមកពីការបោះផ្សាយត្រូវបានប្រើប្រាស់ ដើម្បីធ្វើហិរញ្ញប្បទាន ឬហិរញ្ញប្បទានឡើងវិញដល់គម្រោង ឬទ្រព្យសកម្មបៃតងដែលជះឥទ្ធិពលវិជ្ជមានដល់បរិស្ថាន និង/ឬអាកាសធាតុ។
សង្គតិភាព
ស្ថានភាពនៃការអនុវត្តគោលការណ៍តែមួយជាលក្ខណៈប្រទាក់ក្រឡាគ្នា រវាងក្រសួង ស្ថាប័ន ឬអង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងអស់របស់ព្រះ-រាជាណាចក្រកម្ពុជា។
សកម្មភាពសេដ្ឋកិច្ច
មានន័យថាជាសកម្មភាពរបស់បុគ្គលដែលធ្វើជានិច្ចកាលជាប់បន្ត ឬមួយដងមួយគ្រា ដើម្បីរក ឬមិនរកចំណេញ ក្នុងការផ្គត់ផ្គង់ ឬមានបំណងផ្គត់ផ្គង់ទំនិញ ឬសេវាឱ្យដល់បុគ្គលដទៃក្នុងគោលដៅដើម្បីបានអត្ថប្រយោជន៍អ្វីមួយ។
វគ្គបណ្តុះបណ្តាល និងការប្រឡងសម្រាប់បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិ
សំដៅដល់វគ្គបណ្តុះបណ្តាល និងការប្រឡងដែលរៀបចំឡើងដោយនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) សម្រាប់រាល់រូបវន្តបុគ្គលដែលបម្រើការងារនៅក្នុងក្រុមហ៊ុនបរធនបាល និងផ្តល់សេវាកម្មនៅក្នុងវិស័យបរធនបាលកិច្ច ដូចជាបុគ្គលិកជាន់ខ្ពស់ បុគ្គលិកផ្នែកបច្ចេកទេស និងបុគ្គលិកសំខាន់ៗដទៃទៀត របស់ក្រុមហ៊ុនទាំងនោះ ដែលវគ្គបណ្តុះបណ្តាលនេះ ផ្តោតជាសំខាន់ទៅលើក្របខណ្ឌបទប្បញ្ញត្តិ និងផ្នែកបច្ចេកទេសក្នុងវិស័យបរធនបាលកិច្ច។ បន្ទាប់ពីការចូលរួមវគ្គបណ្តុះបណ្តាល និងបំពេញតាមលក្ខខណ្ឌតម្រូវនៃវគ្គបណ្តុះបណ្តាល រូបវន្តបុគ្គលត្រូវចូលរួមការប្រឡងដែលរៀបចំឡើងដោយ ន.ប.ធ.។
លិខិតយុត្តិការ
ឯកសារជាលាយលក្ខណ៍អក្សរច្បាប់ដើម ភ្ជាប់ជាមួយសំណើសុំធានាចំណាយ ឬអាណត្តិបើកប្រាក់ សម្រាប់ជាកម្មវត្ថុ នៃការពិនិត្យនិងសម្រេចផ្តល់ចំណាយ។
លិខិតបរធនបាលកិច្ចហិរញ្ញវត្ថុ្ច
សំដៅដល់លិខិតគតិយុត្ត ដែលកំណត់អំពីការបង្កើត ការគ្រប់គ្រង ការត្រួតពិនិត្យ និងការបញ្ចប់បរធនបាលកិច្ច។
លិខិតបរធនបាលកិច្ច
សំដៅដល់៖ ក- លិខិតគតិយុត្តដែលកំណត់ជាអាទិ៍អំពីការបង្កើត ការគ្រប់គ្រង ការចាត់ចែង និងការបញ្ចប់បរធនបាលកិច្ច ដែលត្រូវបានធ្វើឡើងរវាងបរធនបាលទាយកឬអ្នកផ្ដល់វិភាគទានបរធនបាលកិច្ច និងបរធនបាល ដោយមានការបញ្ជាក់ពីសារការី ឬមេធាវី ឬឃុំសង្កាត់ ឬដោយបុគ្គលផ្សេងទៀតដែលមានចែងក្នុងបទប្បញ្ញត្តិជាធរមាន។ ខ- មតកសាសន៍ដែលធ្វើឡើងស្របតាមបទប្បញ្ញត្តិស្ដីពីសន្ដតិកម្មនៃក្រមរដ្ឋប្បវេណី។
លក្ខខណ្ឌហាមឃាត់ការខ្ចីប្រាក់បន្ថែម
សំដៅដល់លក្ខខណ្ឌក្នុងកិច្ចសន្យាផ្តល់កម្ចី ដែលហាមឃាត់កូនបំណុលមិនឱ្យខ្ចីបំណុលបន្ថែមដោយគ្មានការយល់ព្រមពីឥណទាយក។
លក្ខខណ្ឌចាប់បង្ខំសងរួម
សំដៅដល់លក្ខខណ្ឌក្នុងកិច្ចសន្យាផ្តល់កម្ចីដែលការពារផលប្រយោជន៍ឥណទាយកដោយចែងពីករណីកូនបំណុលខកខានមិនបានបំពេញកាតព្វកិច្ចស្របតាមកិច្ចសន្យាផ្តល់កម្ចីណាមួយ ធ្វើឱ្យកើតឡើងនូវការខកខានមិនបានបំពេញកាតព្វកិច្ចលើបំណុលផ្សេងទៀតដោយស្វ័យប្រវត្តិ។
រេខូបនីយកម្ម
ដំណើរការនៃការបំប្លែងទិន្នន័យ និងព័ត៌មានពីទម្រង់អាណាឡូក ទៅជាទម្រង់ឌីជីថល។
រូបិយប័ណ្ណ
សំដៅដល់រូបិយវត្ថុណាមួយ ក្រៅពីរូបិយវត្ថុក្នុងស្រុក។
រូបវន្ដបុគ្គល
បុគ្គលដែលមានរូបមែនៗ គឺមនុស្សមែនៗ ផ្ទុយនឹងនីតិបុគ្គលដែលជាមនុស្សដោយសន្មតតាមរបៀបច្បាប់។
របាយការណ៍ហិរញ្ញវត្ថុ
របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម ដោយសវនករឯករាជ្យ ដោយអនុលោមតាមច្បាប់ស្ដីពីគណនេយ្យសហគ្រាស សវនកម្ម គណនេយ្យសហគ្រាស និងវិជ្ជាជីវៈគណនេយ្យ ដែលក្នុងនោះរួមមាន របាយការណ៍របស់អភិបាល របាយការណ៍របស់សវនករឯករាជ្យ និងរបាយការណ៍ហិរញ្ញវត្ថុដែលធ្វើសវនកម្មរួច។
របាយការណ៍សវនករ
ជាព័ត៌មានដែលផ្តល់ដោយសវនករជាលាយលក្ខណ៍អក្សរ អំពីការត្រួតពិនិត្យរបស់ខ្លួនទៅលើរបាយការណ៍គណនីប្រចាំឆ្នាំរបស់ក្រុមហ៊ុន។
របាយការណ៍គណនីប្រចាំឆ្នាំ
ជារបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលរៀបចំឡើងដោយផ្អែកតាមច្បាប់ពាណិជ្ជកម្មឬគោលការណ៍គណនេយ្យដែលត្រូវបានទទួលស្គាល់ជាទូទៅ ពោលគឺមិនមែនរៀបចំឡើងជាពិសេសសម្រាប់ការត្រួតពិនិត្យរបស់អាជ្ញាធរត្រួតពិនិត្យឡើយ។ នៅបណ្តាប្រទេសមួយចំនួនរបាយការណ៍គណនីប្រចាំឆ្នាំឬរបាយការណ៍គណនីភាគទុនិកក៏អាចត្រូវបានប្រើប្រាស់សម្រាប់ដាក់ជូនអាជ្ញាធរត្រួតពិនិត្យផងដែរ។
រដ្ឋាភិបាលអេឡិចត្រូនិក
ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ជាពិសេសប្រព័ន្ធអ៊ីនធឺណិត ដោយរាជរដ្ឋាភិបាលដើម្បីសម្រេចបាននូវរាជរដ្ឋាភិបាលមួយដែលល្អប្រសើរ។
រដ្ឋាភិបាលឌីជីថល
ដំណើរការនៃការធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាល និងសេវាសាធារណៈ តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថលដូចជាកុំព្យូទ័រ ឧបករណ៍ឆ្លាត និងប្រព័ន្ធអ៊ីនធឺណិតសំដៅជួយសម្រួលដល់ការគ្រប់គ្រងកិច្ចការរដ្ឋបាលរបស់រដ្ឋ ការសម្រេចចិត្ត និងការផ្តល់សេវាជូនប្រជាពលរដ្ឋ វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធនានាប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាបន្នកម្ម។
ម្ចាស់បំណុល
សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសិទ្ធិទាមទារសំណងពីកូនបំណុល ឬពីទ្រព្យសម្បត្តិរបស់កូនបំណុល។
មូលនិធិហិរញ្ញប្បទានរបស់ដែគូអភិវឌ្ឍ
សំដៅដល់សមតុល្យហិរញ្ញប្បទានឥតសំណងសរុបចុងក្រោយ បន្ទាប់ពីត្រូវបានប្រើប្រាស់ស្របតាមគោលបំណងរបស់បរធនបាលកិច្ចហិរញ្ញវត្ថុ។ សមតុល្យនេះត្រូវគណនាតាមស្ដង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជា សម្រាប់គោលបំណងនៃការចុះបញ្ជី។
មូលធនភាគហ៊ុននិក
សំដៅដល់ទ្រព្យសកម្មដែលនៅសល់ចុងក្រោយបន្ទាប់ពីបានដកបំណុលទាំងអស់ចេញពីទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនបរធនបាល ដោយអនុលោមតាមស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ (CIFRS)។
មូលដ្ឋានទិន្នន័យ
បណ្តុំទិន្នន័យដែលមានទំនាក់ទំនងគ្នាបង្កើតឡើងក្នុងគោលបំណងងាយស្រួលគ្រប់គ្រង និងស្វែងរក។
ម៉ាកសមូហភាព
គឺជាសញ្ញាដែលមើលឃើញ សំដៅប្រើក្នុងការដាក់ពាក្យសុំចុះបញ្ជី ហើយអាចសម្គាល់នូវប្រភពដើមនៃទំនិញឬសេវា ឬសម្គាល់នូវចរិតលក្ខណៈរួមដទៃទៀត គិតទាំងគុណភាពនៃទំនិញ ឬសេវារបស់សហគ្រាសផ្សេងៗគ្នា ដែលប្រើសញ្ញានោះក្រោមការគ្រប់គ្រងរបស់ម្ចាស់ម៉ាកសមូហភាពដែលបានចុះបញ្ជី។
មន្រ្តីអធិការកិច្ចបរធនបាលកិច្ច
សំដៅដល់មន្រ្តីរបស់ ន.ប.ធ. ដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌ និងត្រូវបានចាត់តាំងដោយ ន.ប.ធ. ឱ្យធ្វើអធិការកិច្ចក្នុងវិស័យបរធនបាលកិច្ច អនុលោមតាមច្បាប់ស្តីពីបរធនបាលកិច្ច និងបទប្បញ្ញត្តិពាក់ព័ន្ធ។
មតកសាសន៍
សំដៅដល់លិខិតបណ្ដាំដែលបុគ្គលបានធ្វើឡើងតាមទម្រង់ដែលកំណត់ដោយច្បាប់ដើម្បីសម្ដែងឆន្ទៈចុងក្រោយអំពីការចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួនជាអាទិ៍ បន្ទាប់ពីមរណភាព។
មជ្ឈមណ្ឌលទិន្នន័យ
ហេដ្ឋានរចនាសម្ព័ន្ធសម្រាប់ផ្តល់សេវាកម្មផ្ទុកទិន្នន័យ និងធនធានគណនាសម្រាប់ប្រតិបត្តិការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
ភាពគ្រប់គ្រាន់នៃដើមទុន
ភាពគ្រប់គ្រាន់នៃធនធានមូលធនទាក់ទិននឹងលក្ខខណ្ឌតម្រូវដើមទុនតាមបទប្បញ្ញត្តិ។
ភាគហ៊ុន
ចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុន ឬផលប្រយោជន៍ ឬការលក់អាជីវកម្មរបស់ក្រុមហ៊ុននីតិបុគ្គល ក្រុមហ៊ុនសហកម្មសិទ្ធិ សហគ្រាសឯកបុគ្គល ដែលបានចុះបញ្ជី ឬមិនបានចុះបញ្ជី នៅក្រសួងស្ថាប័័នមានសមត្ថកិច្ច។
ភាគលាភ
សំដៅដល់ចំណែកនៃសាច់ប្រាក់ឬទ្រព្យដែលនីតិបុគ្គលបានចែកឱ្យអ្នកចូលហ៊ុនទៅតាមកម្រិតនៃភាគកម្មរបស់ខ្លួននៅក្នុងដើមទុនផ្ទាល់របស់នីតិបុគ្គល លើកលែងតែការចែងចែកមូលធននានាក្នុងពេលជម្រះបញ្ជីរំលាយក្រុមហ៊ុនទាំងស្រុង។ ចំណែកណាមួយដែលចាត់ទុកថាជាភាគលាភ ឬមិនមែនជាភាគលាភត្រូវផ្អែកតាមលក្ខខណ្ឌខាងលើនេះ ដោយពុំគិតថានីតិបុគ្គលមាន ឬគ្មានប្រាក់ចំណូលសុទ្ធក្នុងឆ្នាំចរន្ត ឬពីឆ្នាំមុនៗឡើយ។
ពិភពពិត (ពិភពរូបវន្ត)
ពិភពពិតដែលមនុស្សគ្រប់គ្នាប្រាស្រ័យទាក់ទងគ្នា និងទទួលបទពិសោធតាមរយៈឥន្ទ្រីយារម្មណ៍។
ពិភពឌីជីថល
ពិភពនិម្មិតមួយដែលបង្កើតដោយថ្នាលឌីជីថលមានគោលបំណងជាក់លាក់ក្នុងការផ្តល់អន្តរសកម្មរវាងតួអង្គពាក់ព័ន្ធនានាដោយប្រើប្រាស់អត្តសញ្ញាណឌីជីថល។
ពិន័យអន្តរការណ៍
ការតម្រូវជនប្រព្រឹត្តល្មើសទៅនឹងបញ្ញត្តិដែលមានចែងក្នុងអនុក្រឹត្យ បង់ប្រាក់ពិន័យ តាមកម្រិតទណ្ឌកម្មដែលបានប្រព្រឹត្តល្មើស។
ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
សកម្មភាពទិញ លក់ ជួល ផ្លាស់ប្តូរទំនិញ ឬសេវាដោយរាប់បញ្ចូលទាំងសកម្មភាពពាណិជ្ជកម្ម និង រដ្ឋប្បវេណីជាព្រមទាំង សកម្មភាព និង ប្រតិបត្តិការនានារបស់រដ្ឋ តាមប្រព័ន្ធអេឡិចត្រូនិក ។
ព័ត៌មានឯកជនរបស់បុគ្គល
សំដៅដល់បន្សំនៃទិន្នន័យដែលអាចឱ្យដឹងបានអំពីព័ត៌មានជីវភាពឯកជន ឬការសម្ងាត់របស់បុគ្គលណាម្នាក់។
ព័ត៌មានសម្ងាត់
សំដៅដល់ព័ត៌មានដែលមន្ត្រីអធិការកិច្ចបរធនបាលកិច្ច ទទួលបានពីមន្រ្តីនៃនាយកដ្ឋានចំណុះឱ្យ ន.ប.ធ., បុគ្គលរាយការណ៍, កម្លាំងជំនាញ, ភ្នាក់ងារ, ស្ថាប័ន, អង្គការជាតិ ឬអង្គការអន្តរជាតិ ក្នុងនាមជាដៃគូសហការក្នុងការផ្លាស់ប្តូរព័ត៌មានគ្នា ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើស។
ព័ត៌មានចំហ
សំដៅដល់ក្រុមតម្រុយដែលទទួលបានពីការផ្សព្វផ្សាយព័ត៌មានគ្រប់មធ្យោបាយ ដែលអាចជាព័ត៌មានក្នុងស្រុក ឬជាព័ត៌មានពីបរទេស។
ផលនៃបទល្មើស
សំដៅដល់ទ្រព្យសម្បត្តិណាដែលបាន ឬទទួលដោយផ្ទាល់ ឬដោយប្រយោលតាមរយៈការប្រព្រឹត្តបទល្មើសឧក្រិដ្ឋឬបទល្មើសមជ្ឍិម។
សេចក្តីជូនដំណឹងស្តីពី ការរៀបចំវគ្គបណ្ដុះបណ្ដាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ក្នុងវិស័យបរធនបាលកិច្ច លើកទី៧។
ធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី ទទួលបានអាជ្ញាបណ្ណពីនិយ័តករបរធនបាលកិច្ចធ្វើជាប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្ម។
ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ព្រមទាំងសហការីនៃ ន.ប.ធ. និងសប្បុរសជនក្នុងវិស័យបរធនបាលកិច្ច បានចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភាគ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន ដេីម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ព្រមទាំងសហការីនៃ ន.ប.ធ. និងសប្បុរសជនក្នុងវិស័យបរធនបាលកិច្ច បាននាំយកគ្រឿងឧបភោគបរិភាគ ថ្នាំពេទ្យ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន ដេីម្បីប្រគល់ដល់តំណាងវីរកងទ័ពជួរមុខនៅទីបញ្ជាការតំបន់សឹករង ដេីម្បីបុព្វហេតុការពារជាតិ ការពារទឹកដីកម្ពុជាពីការឈ្លានពានដោយកងទ័ពថៃ ស្ថិតក្នុងភូមសាស្រ្តខេត្តព្រះវិហារ។
អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
info@trustregulator.gov.kh
(+៨៥៥)២៣-២៣៧-៨៨៨
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)