ផតថល
គេហទំព័រមួយប្រភេទដែលប្រមូលផ្តុំ និងសំយោគព័ត៌មានពីរ ឬច្រើនប្រភពដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងជាក់លាក់មួយ និងផ្តល់លទ្ធភាពតភ្ជាប់ទៅកាន់គេហទំព័រផ្តល់សេវានានា។
ប្រព័ន្ធអេកូឡូស៊ី
ប្រព័ន្ធទំនាក់ទំនងដែលមានភាពប្រកួតប្រជែងគ្នា នៃសមាសភាពពាក់ព័ន្ធរួមមាន មនុស្ស ស្ថាប័ន កម្មវិធី នីតិវិធីអន្តរាគមន៍ទីផ្សារប្រព័ន្ធផ្សព្វផ្សាយ ។ល។ បង្កើតបានជាប្រព័ន្ធមួយអាចគ្រប់គ្រង និងអភិវឌ្ឍខ្លួនឯងបានប្រកបដោយចីរភាព។
ប្រព័ន្ធអ៊ីនធឺណិតនៃវត្ថុ
ការបំពាក់ឧបករណ៍អ៊ីនធឺណិតទៅនឹងសត្វ មនុស្ស ផ្ទះ អគារ យានយន្ត និង វត្ថុផ្សេងៗទៀតដើម្បីប្រតិបត្តិការជាមួយនឹងមជ្ឈមណ្ឌលអ៊ីនធឺណិតនៅគ្រប់ទីកន្លែង គ្រប់ពេលវេលាសម្រាប់បញ្ជូន-ទទួលព័ត៌មាន។
ប្រព័ន្ធសេដ្ឋកិច្ច
ជាប្រព័ន្ធនៃផលិតកម្ម ការចាត់ចែងធនធាន និងការបែងចែក ទំនិញ និងសេវាកម្មនៅក្នុងសង្គមមួយ ឬតំបន់ភូមិសាស្ត្រណាមួយ។
ប្រធានស័ក្ត
សំដៅដល់ព្រឹត្តិការណ៍ ដែលជាឧបសគ្គមិនអាចជៀសផុតបាន មិនអាចគ្រប់គ្រងបាន និងហួសពីលទ្ធភាពត្រួតត្រារបស់បុគ្គល ដែលត្រូវអនុវត្តកាតព្វកិច្ច។
ប្រទានកម្ម
សំដៅដល់កិច្ចសន្យាដែលភាគីម្ខាងបង្ហាញឆន្ទៈផ្ដល់ឱ្យភាគីម្ខាងទៀតនូវទ្រព្យសម្បត្តិដោយមិនយកថ្លៃ ហើយភាគីម្ខាងទៀតយល់ព្រមទទួល។
ប្រតិសិទ្ធិសកល
បុគ្គលដែលទទួលបន្តនូវសិទ្ធិ និងកាតព្វកិច្ចទូទៅពីបុគ្គលដទៃ។
ប្រតិសិទ្ធិដោយឡែក
បុគ្គលដែលទទួលបន្តសិទ្ធិមួយ ឬច្រើនជាកំណត់ផ្អែកតាមមូលហេតុនីមួយៗ។
ប្រតិបត្តិការបរធនបាលកិច្ច
សំដៅដល់ការធ្វើប្រតិបត្តិការបរធនបាលកិច្ច ដោយបរធនបាលឬអ្នកចូលរួមដ៏ទៃទៀត ទៅតាមប្រភេទបរធនបាលកិច្ចរួមមាន បរធនបាលកិច្ចសាធារណៈ, បរធនបាលកិច្ចហិរញ្ញវត្ថុ, បរធនបាលកិច្ចពាណិជ្ជកម្ម, បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។ បរធនបាល ឬអ្នកចូលរួមដ៏ទៃទៀត ដែលអាចធ្វើប្រតិបត្តិការបរធនបាលកិច្ចទាំងនេះបាន ត្រូវទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត/ការចុះបញ្ជីពី ន.ប.ធ.។
បុននីតិសម្បទា
សំដៅដល់យន្តការដែលអនុញ្ញាតឱ្យក្រុមហ៊ុន ដែលមានបញ្ហាហិរញ្ញវត្ថុ អាចត្រូវបានសង្រ្គោះមិនឱ្យអសោធនីយ និងបន្តដំណើរការប្រក្រតីឡើងវិញ។
បុគ្គលស្ថិតក្រោមការធ្វើអធិការកិច្ច
សំដៅដល់បុគ្គលដែលស្ថិតក្រោមការត្រួតពិនិត្យប្រតិបត្តិការបរធនបាលកិច្ច រួមមាន បុគ្គលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត/ការចុះបញ្ជី/ការទទួលស្គាល់ពី ន.ប.ធ. និងបុគ្គលផ្សេងទៀតដែលសង្ស័យប្រព្រឹត្តល្មើស ឬពាក់ព័ន្ធការប្រព្រឹត្តល្មើសនឹងច្បាប់ និង/ឬបទប្បញ្ញត្តិក្នុងវិស័យបរធនបាលកិច្ច។
បុគ្គលសាធារណៈ (Public Person)
សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលទទួលបាននីតិសម្បទារជាបុគ្គលសាធារណៈ ឬរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
បុគ្គលរងទណ្ឌកម្ម
បុគ្គលរងទណ្ឌកម្ម សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិជាធរមានក្នុងវិស័យបរធនបាលកិច្ច ហើយត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល និង/ឬពិន័យអន្តរការណ៍ ពីមន្ត្រីអធិការកិច្ចបរធនបាលកិច្ច។
បុគ្គលប្រព្រឹត្តល្មើស
បុគ្គលប្រព្រឹត្តល្មើស សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលបានប្រព្រឹត្តល្មើសនឹងលក្ខខណ្ឌអាជ្ញាបណ្ណ/ការអនុញ្ញាត/ការចុះបញ្ជី/ការទទួលស្គាល់ ហើយអាចទទួលរងនូវការដាក់ទណ្ឌកម្មរដ្ឋបាល និង/ឬការពិន័យអន្តរការណ៍ពីមន្ត្រីអធិការកិច្ចបរធនបាលកិច្ច។
បុគ្គលទទួលស្គាល់គុណវុឌ្ឍិ (Approved Persons)
សំដៅដល់អភិបាល នាយកប្រិបត្តិបត្តិ ប្រធានប្រតិបត្តិការ បុគ្គលិកជំនាញកផ្នែកច្បាប់ និងគណនេយ្យករជំនាញបរធន ដែលទទួលបានការទទួលស្គាល់គុណវុឌ្ឍិពីអគ្គនាយនៃ ន.ប.ធ. ។
បុគ្គល
សំដៅដល់រូបវន្ដបុគ្គលឬនីតិបុគ្គលណាមួយដែលត្រូវបានបង្កើតឡើងដោយស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ទោះជាបុគ្គលនោះស្វែងរកប្រាក់ចំណេញឬមិនស្វែងរកប្រាក់ចំណេញ។
បរិស្ថានសាកល្បង បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យបរធនបាលកិច្ច
បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច មានគោលដៅជួយជំរុញឱ្យមានការផ្តួចផ្តើម ក្នុងការបង្កើតឱ្យមាននវានុវត្តន៍បច្ចេកវិទ្យានៅក្នុងវិស័យបរធនបាលកិច្ចកាន់តែសម្បូរបែប ដែលអាចធ្វើការសាកល្បងក្នុងលំហ (Space) និងក្នុងរយៈពេលកំណត់មួយជាក់លាក់ ដើម្បី៖ ក- បង្កើនប្រសិទ្ធភាព និងជំរុញការអភិវឌ្ឍទីផ្សារបរធនបាលកិច្ច ខ- គ្រប់គ្រងហានិភ័យនៅក្នុងប្រតិបត្តិការបរធនបាលកិច្ចឱ្យកាន់តែល្អប្រសើរឡើង គ- ផ្តល់អត្ថប្រយោជន៍ដល់ដំណើរការធុរកិច្ចនៅក្នុងវិស័យបរធនបាលកិច្ច ឃ- ជំរុញប្រតិបត្តិការបរធនបាលកិច្ចឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងបរិយាប័ន្នហិរញ្ញវត្ថ។
បរិយាបន្នហិរញ្ញវត្ថុ
លទ្ធភាពដែលប្រជាពលរដ្ឋគ្រប់រូបទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាព។
បរិយាបន្នកម្មឌីជីថល
ដំណាក់កាលមួយដែលមនុស្សគ្រប់រូបមានកាលានុវត្តភាពស្មើគ្នា ដើម្បីចូលរួមក្នុងកិច្ចការសេដ្ឋកិច្ច និងសង្គមដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
បរធនបាលរូបវន្តបុគ្គលឯករាជ្យ
សំដៅដល់រូបវន្តបុគ្គល ដែលទទួលបានអាជ្ញាបណ្ណ និង/ឬការអនុញ្ញាតពី ន.ប.ធ. ឱ្យធ្វើប្រតិបត្តិការបរធនបាលកិច្ចមួយ ឬច្រើន ហើយបរធនបាលរូបវន្តបុគ្គលឯករាជ្យនេះ មិនស្ថិតនៅក្រោមលក្ខខណ្ឌអាជ្ញាបណ្ណ និង/ឬការអនុញ្ញាតរបស់ក្រុមហ៊ុនបរធនបាលណាមួយឡើយ។
បរធនបាលរូបវន្តបុគ្គលនៃក្រុមហ៊ុនបរធនបាល
សំដៅដល់រូបវន្តបុគ្គល ដែលទទួលបានអាជ្ញាបណ្ណ និង/ឬការអនុញ្ញាតពី ន.ប.ធ. ឱ្យធ្វើជារូបវន្តបុគ្គលក្រោមលក្ខខណ្ឌអាជ្ញាបណ្ណ និង/ឬការអនុញ្ញាតរបស់ក្រុមហ៊ុនបរធនបាល។
បរធនបាលរូបវន្តបុគ្គល
សំដៅដល់រូបវន្តបុគ្គល ដែលទទួលបានអាជ្ញាបណ្ណ និង/ឬការអនុញ្ញាតពី ន.ប.ធ. ឱ្យធ្វើជារូបវន្តបុគ្គលនៃក្រុមហ៊ុនបរធនបាល ឬបរធនបាលរូបវន្តបុគ្គលឯករាជ្យ។
បរធនបាលទាយក
សំដៅដល់បុគ្គលដែលបង្កើតនិងកំណត់លក្ខខណ្ឌនៃបរធនបាលកិច្ច និងផ្ដល់ទ្រព្យសម្បត្តិឬមូលនិធិដំបូងទៅក្នុងបរធនបាលកិច្ច។
បរធនបាលកិច្ចសាធារណៈ
ត្រូវបានបង្កើតឡើងក្នុងគោលបំណងជាប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរទូទៅ។
បរធនបាលកិច្ចសង្គម
ត្រូវបានបង្កើតឡើងនៅពេលដែលបរធនបាលទាយកធ្វើប្រទានកម្មទ្រព្យសម្បត្តិរបស់ខ្លួនឱ្យទៅបរធនបាល ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅក្នុងសង្គម ដូចជាក្នុងគោលបំណងវប្បធម៌ អប់រំ មនុស្សជាតិ សាសនា ឬវិទ្យាសាស្រ្ត។
បរធនបាលកិច្ចពាណិជ្ជកម្ម
ត្រូវបានបង្កើតឡើងក្នុងគោលបំណងស្វែងរកប្រាក់ចំណេញ សម្រាប់ជាប្រយោជន៍ដល់អ្នកផ្តល់វិភាគទានបរធនបាលកិច្ចឬបុគ្គលណាមួយជាក់លាក់ដែលកំណត់ដោយអ្នកផ្តល់វិភាគទានបរធនបាលកិច្ច។
បរធនបាលកិច្ចបុគ្គល
ត្រូវបានបង្កើតឡើងសម្រាប់ជាប្រយោជន៍របស់បរធនបាលនាយកឬបុគ្គលដែលកំណត់ជាក់លាក់ដោយបរធនបាលទាយក។
បរធនបាលកិច្ចទីផ្សាររូបិយវត្ថុ
ជាបរធនបាលកិច្ចមួយប្រភេទនៃបរធនបាលកិច្ចពាណិជ្ជកម្ម ដែលត្រូវបានបង្កើតឡើងដោយបរធនបាលទាយក (ជាម្ចាស់ទ្រព្យ) ដោយផ្ទេរទ្រព្យសម្បត្តិរបស់ខ្លួន ទៅឱ្យបរធនបាល ជាអ្នកគ្រប់គ្រង ចាត់ចែង និងវិនិយោគជំនួសទៅលើឧបករណ៍បំណុលរយៈពេលខ្លី និងដែលមានគុណភាពឬឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត ដែលមានសន្ទនីយភាពខ្ពស់។
បរធនបាលកិច្ចគ្រួសារ
ជាបរធនបាលកិច្ចមួយប្រភេទដែលត្រូវបាន បង្កើតឡើងដោយបរធនបាលទាយកដែលជាធម្មតាជាមេគ្រួសារ ឬជាស្ថាបនិកអាជីវកម្មគ្រួសារ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់សមាជិកគ្រួសារដទៃទៀត ដែលអាចទទួលផលប្រយោជន៍ពីអាជីវកម្មគ្រួសារ ឬទទួលផលប្រយោជន៍ពីការបែងចែកទ្រព្យសម្បត្តិគ្រួសារ ប៉ុន្តែមិនមានលទ្ធភាពមកចាត់ចែងឬចូលរួមចាត់ចែងអាជីវកម្មគ្រួសារដោយផ្ទាល់ខ្លួនឬដោយសារមានលក្ខខ័ណ្ឌកម្រិតផ្ទាល់ខ្លួនមួយចំនួន។ បរធនបាលកិច្ចប្រភេទនេះ អាចជួយធានា និងថែរក្សា ផលប្រយោជន៍ពីអាជីវកម្មគ្រួសារ ឬពីទ្រព្យសម្បត្តិដែលគ្រួសារ បានកសាងឡើង ឬរក្សាទុក សម្រាប់ជាប្រយោជន៍ដល់សមាជិកគ្រួសារដទៃទៀត ប្រកបដោយនិរន្តរភាព និងភាពត្រឹមត្រូវច្បាស់លាស់ នៅពេលដែលអវត្តមាននៃមេគ្រួសារនោះ។
បរធនបាលកិច្ច
សំដៅដល់កិច្ចការគ្រប់គ្រងនិងចាត់ចែងបរធនដែលផ្ដល់ដោយបរធនបាលទាយកសម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ចឬបទប្បញ្ញត្តិជាធរមាន។
បរធនបាល
សំដៅដល់បុគ្គលណាដែលទទួលសិទ្ធិគ្រប់គ្រងនិងចាត់ចែងបរធនពីបរធនបាលទាយកសម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ចឬបទប្បញ្ញត្តិជាធរមាន។
បរធន
សំដៅដល់ទ្រព្យសម្បត្តិឬមូលនិធិដែលបានផ្ទេរទៅឱ្យបរធនបាលគ្រប់គ្រងនិងចាត់ចែងសម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ តាមលក្ខខណ្ឌដែលកំណត់ដោយលិខិតបរធនបាលកិច្ចឬបទប្បញ្ញត្តិជាធរមាន។
បទប្បញ្ញតិ្តប្រុងប្រយ័ត្ន
បទប្បញ្ញត្តិដែលផ្តោតលើការរក្សាសុវត្ថិភាព និងស្ថិរភាពហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច។
បញ្ញាសិប្បនិម្មិត
បច្ចេកវិទ្យាដែលអនុញ្ញាតឱ្យម៉ាស៊ីនកុំព្យូទ័រមានសមត្ថភាពរៀន គិត វិភាគ និងយល់ដឹងពីបញ្ហាជាក់លាក់ណាមួយ ដោយយកលំនាំតាមសមត្ថភាពរបស់ខួរក្បាលមនុស្ស។
បញ្ជាទូទាត់សងប្រាក់អេឡិចត្រូនិក
សំដៅដល់ការបញ្ជាធនាគារធ្វើការសងប្រាក់ ឬទាញយកប្រាក់ក្នុងចំនួនដែលបានកំណត់ចេញពីគណនីដែលបានចង្អុលបង្ហាញឱ្យទៅ ឬសម្រាប់អ្នកទទួលប្រាក់ ឬឱ្យទៅ ឬសម្រាប់គណនីរបស់អ្នកទទួលប្រាក់ និងរួមទាំងការកែប្រែណាមួយនៅលើបញ្ជាទូទាត់សងប្រាក់អេឡិចត្រូនិកផងដែរ ។
បច្ចេកវិទ្យាហិរញ្ញវត្ថុ
បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យហិរញ្ញវត្ថុ ទាំងវិស័យធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារបង្កើតឡើងដើម្បីឱ្យមានការប្រើប្រាស់ ផ្តល់ និងទទួលសេវាហិរញ្ញវត្ថុបានទូលំទូលាយ ប្រកបដោយបរិយាបន្នកម្ម។
បច្ចេកវិទ្យាប្លុកឆេន
បច្ចេកវិទ្យានៃហេដ្ឋានរចនាសម្ព័ន្ធផ្ទុកទិន្នន័យ ជាខ្សែច្រវាក់ដែលមិនត្រូវការការកែប្រែ ហើយទិន្នន័យទាំងនោះនឹងត្រូវចម្លងដើម្បីផ្ទុកនៅតាមបណ្តាសេវូបករណ៍ ដែលចូលរួមក្នុងហេដ្ឋារចនាសម្ព័ន្ធផ្ទុកទិន្នន័យនេះក្នុងទម្រង់បែបវិមជ្ឈការ។
បច្ចេកវិទ្យានិយ័តកម្ម
បច្ចេកវិទ្យាហិរញ្ញវត្ថុដែលជួយសម្រួល, ពង្រឹង និងធ្វើសុវុឌ្ឍិកម្មអនុលោមភាព ឬលក្ខខណ្ឌតម្រូវនិយ័តកម្ម ក្នុងឧស្សាហកម្មហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពជាងសមត្ថភាពដែលមានស្រាប់។
បច្ចេកវិទ្យាត្រួតពិនិត្យ
បច្ចេកវិទ្យាហិរញ្ញវត្ថុដែលគាំទ្រ និងជួយសម្រួលដល់និយ័តករ និងអង្គភាពត្រួតពិនិត្យ ក្នុងការធ្វើឌីជីតូបនីយកម្មដំណើរការនៃការរាយការណ៍ និងនិយ័តកម្មសំដៅពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការគ្រប់គ្រង និងការត្រួតពិនិត្យហានិភ័យ និងអនុលោមភាពរបស់គ្រឹះស្ថានហិរញ្ញវត្ថុ។
បច្ចេកវិទ្យាឌីជីថល
បច្ចេកវិទ្យាដែលប្រើបា្រស់ឧបករណ៍អេឡិចត្រូនិក ឧបករណ៍ឆ្លាតប្រព័ន្ធទូរគមនាគមន៍ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងធនធាន គណនា សម្រាប់បង្កើត ផ្ទុក បំប្លែង និងវិភាគទិន្នន័យ។
បច្ចេកវិទ្យាក្លោដ
បច្ចេកវិទ្យានៃហេដ្ឋារចនាសម្ព័ន្ធសម្រាប់ផ្តល់សេវាផ្ទុកទិន្នន័យ និងធនធានគណនា សម្រាប់ប្រតិបត្តិការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត។
នីត្យានុកូល
សំដៅដល់ភាពត្រឹមត្រូវតាមផ្លូវច្បាប់ឬបទដ្ឋានគតិយុត្តដែលខ្ពស់ជាងនៃអំពើគតិយុត្ត វិធានគតិយុត្ត ឬលិខិតគតិយុត្ត។
នីតិវិធីនៃការវាយតម្លៃភាពអនុលោម
សំដៅដល់នីតិវិធីណាមួយដែលប្រើប្រាស់ដោយផ្ទាល់ឬដោយប្រយោល ដើម្បីកំណត់ថាការតម្រូវពាក់ព័ន្ធនៅក្នុងបទប្បញ្ញត្តិបច្ចេកទេសឬស្តង់ដា ឬលក្ខខណ្ឌនានាក្នុងអាជ្ញាបណ្ណ ក្នុងវិញ្ញាបនត្របញ្ជាក់ភាពអនុលោមត្រូវបានបំពេញ។
នីតិបុគ្គល
សហគ្រាស ឬអង្គការនានា ដែលប្រកបអាជីវកម្មទោះបីជាបាន ឬមិនទាន់បានទទួលស្គាល់ជាផ្លូវការពីស្ថាប័នមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលក្ដី។ ពាក្យ “នីតិបុគ្គល” រួមបញ្ចូលផងដែរនូវក្រុមហ៊ុនមូលធន ស្ថាប័នរដ្ឋាភិបាល អង្គការសាសនា អង្គការសប្បុរសធម៌ អង្គការមិនស្វែងរកចំណេញ ឬគ្រឹះស្ថានអចិន្ត្រៃយ៍របស់បុគ្គលអនិវាសនជនដែលតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពាក្យ “នីតិបុគ្គល” ពុំរាប់បញ្ចូលទេនូវក្រុមហ៊ុនសហកម្មសិទ្ធិ ឬសហគ្រាសឯកបុគ្គល។
នាយកប្រតិបត្តិ
សំដៅលើបុគ្គលមួយរូប ឬបុគ្គលមួយក្រុមដែលទទួលការតែងតាំងពីក្រុមប្រឹក្សាភិបាល ក្នុងការទទួលខុសត្រូវគ្រប់គ្រងអាជីវកម្ម និងអង្គភាពនោះ។
ធុរកិច្ចឌីជីថល
ធុរកិច្ចដែលមានអាជីវកម្មចម្បងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ឬផ្តល់សេវាឌីជីថលឬបង្កើតផលិតផលជាបច្ចេកវិទ្យាឌីជីថល។
ធុរកិច្ច
សំដៅដល់សកម្មភាពដែល៖ ១. ទំនិញឬសេវាត្រូវបានទទួល ឬផ្គត់ផ្គង់ ឬដែលសិទ្ធប្រត្យក្សលើអចលនទ្រព្យត្រូវទទួលឬចាត់ចែងឬ ២. បានធ្វើឡើងតាមវិធីដែលមានការរៀបចំនិងមានភាពច្បាស់លាស់ ឬ ៣. បុគ្គលធ្វើសកម្មភាពនោះមានគោលបំណងរកប្រាក់ចំណេញទោះបីជាសកម្មភាពដែលបានធ្វើនោះជាសកម្មភាពចម្បង ឬបន្ទាប់បន្សំ ឬ មិនធ្វើជាប្រចាំក៏ដោយ។
ធនាគារ
អង្គភាពណាមួយ ដែលអនុវត្តជាប្រក្រតីនូវប្រតិបត្តិការណាមួយក្នុងចំណោមប្រតិបត្តិការ ដូចខាងក្រោម៖ក-ផ្ដល់ឥណទានគ្រប់ប្រភេទចំពោះសាធារណជនដោយមានកម្រៃ រាប់បញ្ចូលទាំងឥណទានភតិសន្យាខ-ទទួលប្រាក់បញ្ញើមិនមានមុខសញ្ញាប្រើពីសាធារណជនគ-ប្រព្រឹត្តកម្មនិងការដាក់ឱ្យអតិថិជនប្រើប្រាស់នូវមធ្យោបាយទូទាត់ជារូបិយវត្ថុ ឬជារូបិយប័ណ្ណ។
ធនលាភមួយជីវិត
ធនលាភ ដែលធនលាភីត្រូវបានទទួលអស់មួយជីវិត។
ទ្រព្យសម្បត្តិបរធនបាលកិច្ច
សំដៅដល់ទ្រព្យសម្បត្តិឬមូលនិធិដែលបានផ្ទេរទៅក្នុងបរធនបាលកិច្ចនិងផលដែលបានពីទ្រព្យសម្បត្តិឬមូលនិធិនោះ។
ទ្រព្យសម្បត្តិ
សំដៅដល់ចលនវត្ថុនិងអចលនវត្ថុដែលបានកំណត់ក្នុងមាត្រា១២០នៃក្រមរដ្ឋប្បវេណី។
ទ្រព្យសកម្មសុទ្ធ
ទ្រព្យដែលបានមកពីទ្រព្យសកម្មសរុបដកបំណុលសរុប។
ទ្រព្យសកម្ម
ប្រាក់និងអ្វីៗផ្សេងទៀតដែលជាកម្មសិទ្ធិរបស់រូបវន្តបុគ្គលឬនីតិបុគ្គល ហើយដែលអាចទូទាត់បំណុល ប្រើប្រាស់ ទទួលអត្ថប្រយោជន៍ និងបង្កើនប្រាក់ចំណូលបាន។
ទ្រព្យបញ្ចាំ
ជាទ្រព្យដែលត្រូវបានរក្សាទុកសម្រាប់ធានាកាតព្វកិច្ចបំណុល ឬបំពេញកាតព្វកិច្ចផ្សេងទៀតតាមកិច្ចសន្យាណាមួយ។
ទ្រព្យ
តម្លៃទ្រព្យសកម្មដែលមានក្រោយពេលដកចេញនូវបំណុលដែលជំពាក់គេ។
ទុនចុះបញ្ជី
ទុនផ្លូវការដែលក្រុមហ៊ុនមាននៅពេលចុះបញ្ជីពាណិជ្ជកម្ម។
ទីផ្សារ
សំដៅដល់ទីផ្សារទំនិញឬសេវាដែលកំពុងប្រកួតប្រជែង។
ទិន្នន័យអត្តសញ្ញាណបុគ្គល
សំដៅដល់ព័ត៌មាននានា ដែលអាចកំណត់បានអត្តសញ្ញាណបុគ្គលណាម្នាក់។ ទិន្នន័យអត្តសញ្ញាណបុគ្គលអាចជាទិន្នន័យអំពីឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត ទីលំនៅបច្ចុប្បន្ន ជនជាតិ សញ្ជាតិ រួមទាំងទិន្នន័យជីវមាត្រឬទិន្នន័យផ្សេងៗទៀត ដែលទាក់ទងនឹងអត្តសញ្ញាណរបស់បុគ្គល។
ទិន្នន័យធំ
បណ្តុំទិន្នន័យដែលមានទំហំធំមានច្រើនសណ្ឋាន និងជាទូទៅគ្មានរចនាសម្ព័ន្ធច្បាស់លាស់ ហើយប្រើប្រាស់ដើម្បីវិភាគរកលំនាំ និន្នាការ និងការជាប់ទាក់ទងគ្នារវាងដែនមួយទៅដែនមួយទៀត។
ទាយជ្ជទាន
ន័យហិរញ្ញវត្ថុ មូលនិធិ ឬ ទ្រព្យសម្បត្តិដែលផ្តល់ជាទុនទៅស្ថាប័ន បុគ្គល ឬក្រុមសម្រាប់គោលដៅជាក់លាក់អ្វីមួយ។
ទស្សន៍លទ្ធភាព
ភាពអាចប៉ាន់ប្រមាណទុកជាមុននូវស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ទម្រង់ស្តង់ដានៃកិច្ចសន្យា
សំដៅដល់កិច្ចសន្យា ឬខសន្យាណាមួយនៃកិច្ចសន្យា ដែលត្រូវបានរៀបចំជាមុនដោយបុគ្គលធ្វើធុរកិច្ចសម្រាប់ការផ្គត់ផ្គង់ទំនិញ និង/ឬសេវាទៅឱ្យអ្នកប្រើប្រាស់ ដោយមិនអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការចរចា កែប្រែ ឬមានឥទ្ធិពលទៅលើខសន្យា ទោះក្នុងទម្រង់ណាមួយក៏ដោយ។
ទំនាស់ផលប្រយោជន៍
សំដៅដល់ផលប្រយោជន៍ជាទឹកប្រាក់ ផលប្រយោជន៍គ្រួសារ ឬផលប្រយោជន៍ផ្ទាល់ខ្លួន ដែលអាចមានឥទ្ធិពលលើទង្វើរបស់បុគ្គលណាមួយក្នុងការបំពេញភារកិច្ចផ្លូវការរបស់ខ្លួន។
តារាងតុល្យការ
តារាងដែលឆ្លុះបញ្ចាំងអំពីស្ថានភាពបច្ចុប្បន្ននៃទ្រព្យសម្បត្តិ (ទ្រព្យអកម្ម និងទ្រព្យសកម្ម) របស់នីតិបុគ្គល។
តតិយជន
ជនទីបី ឬភាគីទីបីក្នុងរឿង។ អ្នកដទៃ ឬអ្នកក្រៅ។ ឧទា៖ អ្នកលក់ និងអ្នកទិញជាភាគីទី១ និងទី២។ អ្នកផ្សេងទៀត ក្រៅពីអ្នកលក់ និងអ្នកទិញ ហៅថា តតិយជន។
ឌីជីថលូបនីយកម្ម
ដំណើរការនៃការកែសម្រួលការធ្វើអភិបាលកិច្ច ឬធុរកិច្ចឬដំណើរការសកម្មភាពអ្វីមួយឱ្យមានប្រសិទ្ធភាពតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
ជំហរឧត្តមភាពទីផ្សារ
សំដៅដល់ស្ថានភាពដែលបុគ្គលណាមួយមានអំណាចលើទីផ្សារដែលគួរកត់សម្គាល់ដោយគ្មានការរារាំងពីគូរប្រកួតប្រជែងផ្សេងទៀត។
ឆ្នាំសារពើពន្ធ
សំដៅរយៈពេលរាប់គិតចាប់ពីថ្ងៃទី១ ខែមករា ឬថ្ងៃផ្តើមធ្វើប្រតិបត្តិការ ចំពោះបរធនបាលកិច្ចទើបបង្កើតថ្មី រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឬរយៈពេលផ្សេងទៀតដែលសម្រេចដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឆន្ទានុសិទ្ធិ
អំណាចដែលប្រគល់ដល់អាជ្ញាធរ ឱ្យរើសយកមធ្យោបាយណាមួយ តាមចិត្តខ្លួនមកដោះស្រាយបញ្ហាណាមួយ។
ចីរភាព
មានន័យថា ភាពដែលយូរអង្វែង, កាលដែលវែងឆ្ងាយ ឬការប្រកបដោយចីរភាព (អ្វីដែលប្រកបដោយភាពរីកចម្រើនទៅមុខ) ។
ចលនការ
និន្នាការកើនឡើង ឬថយចុះជាបន្តបន្ទាប់នូវថ្លៃ ឬបិរមាណនៃមូលបត្រ ឬទំនិញដែលត្រូវបានជួញដូរក្នុងរយៈពេលមួយ។
ចំណូលសារពើពន្ធ
ចំណូលបានមកពីពន្ធនិងអាករក្នុងប្រទេស និងពន្ធនិងអាករលើពាណិជ្ជកម្មក្រៅប្រទេស និងចំណូលសារពើពន្ធដទៃទៀត។
ចំណូលមូលធន
រួមមាន ចំណូលបានមកពីអចលកម្មហិរញ្ញវត្ថុ ហិរញ្ញប្បទានឥតសំណងសម្រាប់វិនិយោគ ការខ្ចី និងចំណូលមូលធនផ្សេងទៀត។
ចំណូលមិនមែនសារពើពន្ធ
រួមមាន ចំណូលបានមកពីការចាត់ចែង ការធ្វើអាជីវកម្ម និងការលក់ទ្រព្យសម្បត្តិរដ្ឋ ផលបានមកពីសម្បទាន កម្រៃបានមកពីសេវាសាធារណៈ ផលពីការពិន័យនិងការដាក់ទណ្ឌកម្ម ការឧបត្ថម្ភអំណោយផលហិរញ្ញវត្ថុ, ផលផ្សេងៗ និងផលពិសេស និងចំណូលមិនមែនសារពើពន្ធដទៃទៀត។
ចំណាយមិនបានគ្រោងទុក
ឥណទានដែលសភាបានអនុម័តសម្រាប់ចំណាយលើការងារចាំបាច់របស់រាជរដ្ឋាភិបាល។
ចំណាយជាមូលធន
ចំណាយសម្រាប់ធ្វើហិរញ្ញប្បទានចំពោះគម្រោងវិនិយោគ ដែលមានការព្រមព្រៀងគ្នាជាមុន និងសំដៅធ្វើឱ្យសម្រេចតាមគោលដៅដែលបានដាក់ចេញ។
គ្រឹះស្ថានហិរញ្ញវត្ថុ
ស្ថាប័នសាធារណៈ ឬឯកជន ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ដើម្បីផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជន ដូចជា សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាជួញដូរមូលបត្រ សេវាធានារ៉ាប់រង សេវារបបសន្តិសុខសង្គម សេវាវិនិយោគជាដើម។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
គ្រឹះស្ថានហិរញ្ញវត្ថុ ឬស្ថាប័នហិរញ្ញវត្ថុ ឯកជនមានឯកទេស ក្នុងការផ្តល់ប្រាក់កម្ចីខ្នាតតូច សម្រាប់ក្រុម ឬបុគ្គលមានចំណូលទាប និងសហគ្រាសធុនតូច និងមានដើមទុនអប្បបរមាតម្កល់នៅធនាគារជាតិតិចជាងប្រាក់តម្កល់របស់ធនាគារពាណិជ្ជ។
គ្រឹះស្ថាន (ភ្នាក់ងារ) ផ្តល់សេវាទូទាត់សងប្រាក់
គ្រឹះស្ថាន (ភ្នាក់ងារ) ផ្តល់សេវាទូទាត់សងប្រាក់ដែលទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មត្រឹមត្រូវ។
គូរប្រកួតប្រជែង
សំដៅដល់បុគ្គលដែលកំពុងប្រកួតប្រជែងនៅក្នុងទីផ្សារណាមួយឬបុគ្គលដទៃទៀតដែលមានសក្តានុពលអាចនឹងចូលរួមប្រកួតប្រជែងក្នុងទីផ្សារ។
គុណាធិបតេយ្យ
សំដៅដល់ការជ្រើសរើសដោយផ្អែកលើសមត្ថភាព ឬស្នាដៃ។
គម្លាតឌីជីថល
ភាពខុសគ្នាក្នុងការចាប់យក ឬការមានឱកាសចាប់យកបច្ចេកវិទ្យាឌីជីថល។
គណនេយ្យភាព
ភាពអាចទទួលខុសត្រូវបាន ភាពអាចគណនាបានឬភាពអាចពន្យល់បាន។
គណនេយ្យករ
បុគ្គលដែលមានគុណវុឌ្ឍិក្នុងការកត់ត្រា និងការរក្សាបញ្ជីចំណូល ចំណាយ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់សវនកម្ម និងវិភាគគណនី និងការផ្តល់យោបល់លើបញ្ញត្តិពន្ធនានា និងឱកាសវិនិយោគ។
គណនេយ្យ
ការកត់ត្រាជាប្រព័ន្ធនិងគ្រប់ជ្រុងជ្រោយអំពីប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន អង្គភាព ឬស្ថានប័នណាមួយ។
គណនីទូទាត់
សំដៅដល់គណនីដែលធនាគារមួយ បានបើកនៅក្នុងបញ្ជីរបស់ធនាគារជាតិនៃកម្ពុជាសម្រាប់ប្រតិបត្តិការទូទាត់សងប្រាក់ចូលនិងចេញ។
គណនី
បញ្ជី ឬតារាងកត់ត្រាប្រាក់ចំណូល ចំណាយ និងទ្រព្យ។
ខ្លឹមសារឌីជីថល
ខ្លឹមសារនៃព័ត៌មានក្នុងទម្រង់ឌីជីថល ដែលអាចមើល អាន ស្តាប់ ឬទាញយកបាន ក្នុងទម្រង់ជាអត្ថបទ រូបភាព សំឡេង វីដេអូ។
ខ្ទង់ក្រៅតារាងតុល្យការ
សំដៅដល់ខ្ទង់ទាំងឡាយណាដែលមិនបង្ហាញក្នុងតារាងតុល្យការ ប៉ុន្តែនាំឱ្យមានហានិភ័យលំហូរសាច់ប្រាក់អនាគត។
ខសន្យាសំខាន់ៗ
សំដៅដល់រាល់ខសន្យា ឬលក្ខខណ្ឌសំខាន់ៗណាមួយនៃកិច្ចសន្យា (ទោះក្នុងទម្រង់ស្តង់ដានៃកិច្ចសន្យាក្តី ឬទម្រង់ស្តង់ដាអេឡិចត្រូនិកក្តី) មានសារៈសំខាន់ សម្រាប់ការបង្កើតកិច្ចសន្យា ហើយបុគ្គលធ្វើធុរៈកិច្ចគួរតែបានដឹងអំពីសារសំខាន់នៃលក្ខខណ្ឌ ឬខចែងនោះ។
ខសន្យាមិនសុចរិត
សំដៅដល់ខន្យាណាមួយនៃទម្រង់ស្តង់ដានៃកិច្ចសន្យា ដែលបង្កើតឱ្យមាននូវការកេងយកចំណេញហួសហេតុពីអ្នកប្រើប្រាស់។
ក្ស័យធន
សំដៅដល់ស្ថានភាពរបស់ក្រុមហ៊ុន ឬនីតិបំណុលមិនអាចទូទាត់សងបំំណុលបាន ហើយត្រូវបានប្រកាសបញ្ជាក់ដោយតុលាការ។
ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ
ក្រុមហ៊ុនសហកម្មសិទ្ធិមួយប្រភេទដែលកើតឡើងពីកិច្ចសន្យារវាងបុគ្គលពីរ ឬច្រើននាក់ ដែលដាក់រួមគ្នានូវទ្រព្យសម្បត្តិ ចំណេះដឹង ឬសកម្មភាពរបស់បុគ្គលទាំងនោះ ដើម្បីប្រកបពាណិជ្ជកិច្ចរួមក្នុងគោលបំណងរកប្រាក់ចំណេញ ហើយសមាជិកទាំងអស់ជាសហកម្មសិទ្ធិករទូទៅ។
ក្រុមហ៊ុនវាយតម្លៃ
សំដៅដល់នីតិបុគ្គលដែលទទួលបានអាជ្ញាបណ្ណសេវាកម្មវាយតម្លៃពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) និងទទួលបានការទទួលស្គាល់ការវាយតម្លៃពីនិយ័តករបរធនបាលកិច្ច (ន.ប.ធ.)។
ក្រុមហ៊ុនមូលធន
សំដៅដល់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតរួមមានក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតដែលបង្កើតឡើងតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។
ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត
ក្រុមហ៊ុនមូលធនមួយប្រភេទបង្កើតឡើងនិងចុះបញ្ជីតាមច្បាប់ ដឹកនាំ និងគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាល ដែលក្នុងនោះមានសមាសភាពជាអភិបាលយ៉ាងតិច៣រូប។ ក្រុមហ៊ុនប្រភេទនេះមានសិទ្ធិបោះចេញនូវមូលបត្រសម្រាប់លក់ជាសាធារណៈ។
ក្រុមហ៊ុនផ្តល់សេវាសវនកម្ម
សំដៅដល់នីតិបុគ្គលដែលទទួលបានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសវនកម្មពីនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) និងទទួលបានការទទួលស្គាល់ជាក្រុមហ៊ុនផ្តល់សេវាសវនកម្ម ក្នុងវិស័យបរធនបាលកិច្ចពីនិយ័តករបរធនបាលកិច្ច (ន.ប.ធ.)។
ក្រុមហ៊ុនបរធនបាល
សំដៅដល់បរធនបាលជានីតិបុគ្គល ដែលទទួលបានអាជ្ញាបណ្ណ និង/ឬការអនុញ្ញាតពី ន.ប.ធ. ឱ្យធ្វើប្រតិបត្តិការបរធនបាលកិច្ចមួយ ឬច្រើន។
ក្រុមប្រឹក្សាភិបាល
ស្ថាប័នជាន់ខ្ពស់ ឬបុគ្គលមួយក្រុមដែលមានអភិបាលជាសមាជិក ដើម្បីគ្រប់គ្រង និងតាមដានការអនុវត្តសកម្មភាព។
ក្រមសីលធម៌វិជ្ជាជីវៈ
សំដៅដល់គោលការណ៍ តម្លៃ ស្តង់ដា ឬវិធាននានាដែលកំណត់អំពីឥរិយាបថរបស់គណនេយ្យករ និងសវនករក្នុងវិជ្ជាជីវៈរបស់ខ្លួន។
សេចក្ដីជូនដំណឹងស្ដីពីការប្រឡងជ្រើសរើសមន្ត្រីលក្ខន្តិកៈរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សម្រាប់ចូលបម្រើការងារនៅនិយ័តករបរធនបាលកិច្ច (ន.ប.ធ.)។
សេចក្ដីជូនដំណឹង ស្ដីពី ការផ្ដល់ការទទួលស្គាល់ក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត (EYES REAL ESTATE CO., LTD.) ជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច
ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បាននាំយកអំណោយលេីកទឹកចិត្តដល់វីរកងទ័ពជួរមុខដែលបានរងរបួស និងកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពគូលែន និងមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា នៃខេត្តព្រះវិហារ។
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំកម្មវិធីសប្បុរសធម៌ នៅមជ្ឈមណ្ឌលទារក និងកុមារជាតិ
អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
info@trustregulator.gov.kh
(+៨៥៥)២៣-២៣៧-៨៨៨
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)