ក្រមរដ្ឋប្បវេណី
សំដៅដល់ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២០៧/០៣០ ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៧។
ក្រមព្រហ្មទណ្ឌ
សំដៅដល់ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១០៩/០២២ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩។
ក្រមនីតិវិធីព្រហ្មទណ្ឌ
សំដៅដល់ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលខ នស/រកម/០៨០៧/០២៤ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧។
កិច្ចសន្យាអាណត្តិ
កិច្ចសន្យាមួយ ដែលអាណត្តិទាយកប្រគល់សិទ្ធិអំណាចឱ្យទៅអាណត្តិគាហកៈធ្វើការចាត់ចែងកិច្ចការដើម្បីអាណត្តិទាយក។
កិច្ចសន្យាអញ្ញមញ្ញ
កិច្ចសន្យា ដែលភាគីមានបន្ទុកបំពេញកាតព្វកិច្ចទៅវិញទៅមកដូចជា កិច្ចសន្យាម៉ៅការ ភតិសន្យា និងកិច្ចសន្យាលក់ទំនិញ។
កិច្ចព្រមព្រៀងអនុបំណុល
សំដៅលើកិច្ចព្រមព្រៀងដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើឡើងជាមួយដៃគូអភិវឌ្ឍ ដើម្បីទទួលយកអនុបំណុលមកគ្រប់គ្រងជំនួស សម្រាប់បន្ដសកម្មភាពអភិវឌ្ឍន៍វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។
កិច្ចព្រមព្រៀងកម្ចីម៉ាជីន
សំដៅដល់កម្ចីដែលចងភ្ជាប់ជាមួយរូបិយវត្ថុផ្ទាល់របស់អ្នកខ្ចី ដើម្បីទិញមូលបត្រ និងមានសុវត្ថិភាពដោយសារសាច់ប្រាក់និងមូលបត្រដែលតម្កល់ ដោយអ្នកខ្ចីត្រូវបានទទួលស្គាល់ដោយអ្នកផ្តល់កម្ចី។ ជាធម្មតាអ្នកផ្តល់កម្ចីយល់ព្រមផ្តល់កម្ចីតាមចំនួន ដែលអាស្រ័យលើមូលបត្រដែលបានតម្កល់ដោយអ្នកខ្ចី។
កាលាវសាន
កាលបរិច្ឆេទកំណត់ក្នុងការទូទាត់សេវាបំណុល។
កាលានុវត្តភាព
មានន័យថាកាលៈទេសៈដ៏សមគួរ ឬដំណើរវិវឌ្ឍត្រូវពេលវេលា ឱកាសដែលអនុគ្រោះសម្រាប់ចាប់យកប្រយោជន៍អំពីកិច្ចការអ្វីមួយ ឬគុណសម្បត្តិអ្វីមួយដែលកំពុងលេចឡើង។ ក៏ប៉ុន្តែការទាញយកប្រយោជន៍នោះ គឺអាចប្រឈមនឹងហានិភ័យ ហើយចំាបាច់ត្រូវបេ្តជ្ញាចិត្តយ៉ាងមុតមាំ និងមានធនធានគ្រប់គ្រាន់ទើបគេអាចទាញយកប្រយោជន៍នោះបាន។
ការអះអាងដោយបំភាន់
សំដៅដល់ការអះអាងមួយដែលបុគ្គលកំពុងធ្វើសកម្មភាពធុរកិច្ចណាមួយធ្វើឱ្យអ្នកប្រើប្រាស់ជឿថាអ្វីមួយពិត ប៉ុន្តែជាក់ស្តែងមិនមែនជាការពិត។
ការស្រូបយក ឬការចាប់យកឌីជីថល
ស្ថានភាពដែលមនុស្សមានជំនាញក្នុងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងថ្នាលឌីជីថលតាមបំណង និងឱ្យអស់លទ្ធភាព។
ការសម្អាតប្រាក់
សំដៅដល់៖ ក- ការបំប្លែងឬការផ្ទេរទ្រព្យសម្បត្តិ ដោយមិនដឹងថាទ្រព្យសម្បត្តិនេះជាផលនៃបទល្មើសក្នុងគោលបំណងបិទបាំង ឬក្លែងប្រភពដើមមិនស្របច្បាប់នៃទ្រព្យសម្បត្តិទាំងនេះ ឬជួយបុគ្គលណាមួយដែលបានពាក់ព័ន្ធក្នុងបទល្មើស ដើម្បីឱ្យបុគ្គលនោះគេចផុតពីផលវិបាកតាមផ្លូវច្បាប់នូវសកម្មភាពរបស់ខ្លួន។ ខ- ការបិទបាំងឬការក្លែងសភាវៈពិត ប្រភព ទីតាំង សិទ្ធិចាត់ចែង ចលនា ឬកម្មសិទ្ធិ ឬសិទ្ធិលើទ្រព្យសម្បត្តិ ដោយដឹងថាទ្រព្យសម្បត្តិទាំងនេះបានមកពីបទល្មើស។ គ- ការធ្វើលទ្ធកម្ម ការកាន់កាប់ ឬការប្រើប្រាស់ទ្រព្យសម្បត្តិ ដោយដឹងថាទ្រព្យសម្បត្តិទាំងនេះបានមកពីបទល្មើស។ ឃ- ការចូលរួម ការប៉ុនប៉ងប្រព្រឹត្ត ដោយជួយនិងជំរុញឱ្យប្រព្រឹត្តសកម្មភាពណាមួយដែលបានកំណត់។
ការសម្រុះសម្រួលដោះស្រាយបណ្តឹង
ដំណើរការនៃការស្វែងរកដំណោះស្រាយមួយសមស្របដោយអនុលោមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ការសម្របឌីជីថល
សមត្ថភាពរបស់មនុស្សក្នុងការយល់ដឹង និងការសម្របខ្លួនទៅតាមការវិវឌ្ឍឥតឈប់ឈររបស់បច្ចេកវិទ្យាឌីជីថលដែលចាក់ជ្រៅនៅក្នុងធុរកិច្ច សេដ្ឋកិច្ច និងសង្គម។
ការសម្គាល់អតិថិជនឌីជីថល
ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីបង្កើត និងកំណត់អត្តសញ្ញាណរបស់អតិថិជនក្នុងពិភពឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិកដោយពឹងផ្អែកលើឯកសារសម្គាល់។
ការវាយតម្លៃភាពអនុលោម
សំដៅដល់សកម្មភាពណាមួយដែលពាក់ព័ន្ធនឹងការកំណត់ដោយផ្ទាល់ឬដោយប្រយោលថា ការតម្រូវដែលពាក់ព័ន្ធទាំងឡាយត្រូវបានបំពេញ។
ការលាតត្រដាងព័ត៌មាន
សំដៅដល់ការបង្ហាញព័ត៌មានគ្រប់គ្រាន់និងត្រឹមត្រូវដល់សាធារណជន។
ការរំលាយបញ្ចូលគ្នា (Merger and Acquisition)
សំដៅដល់យុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ឬនីតិបុគ្គលក្នុងការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងទិញលក់ ក្នុងគោលបំណងសម្រេចបានកំណើនឆាប់រហ័សឬក្នុងគោលបំណងជាក់លាក់ផ្សេងទៀត។
ការមានទ្រព្យសម្បត្តិដោយខុសច្បាប់
កំណើនទ្រព្យសម្បត្តិរបស់បុគ្គលណាម្នាក់ដែលបុគ្គលនោះមិនអាចផ្ដល់ការពន្យល់សមហេតុសមផលនូវការកើនឡើងនៃទ្រព្យសម្បត្តិនេះ ដោយប្រៀបធៀបទៅនឹងចំណូលស្របច្បាប់របស់ខ្លួន។
ការព្រមព្រៀងខ្សែដេក
សំដៅដល់ការព្រមព្រៀងរវាងបុគ្គលដែលធ្វើប្រតិបត្តិការឬអាចធ្វើប្រតិបត្តិការនៅក្នុងកម្រិតស្មើគ្នានៃខ្សែច្រវាក់ផលិតកម្មនិងចែកចាយ។
ការព្រមព្រៀងខ្សែឈរ
សំដៅដល់ការព្រមព្រៀងរវាងបុគ្គលដែលធ្វើប្រតិបត្តិការឬអាចធ្វើប្រតិបត្តិការនៅក្នុងកម្រិតខុសៗគ្នានៅក្នុងខ្សែច្រវាក់ផលិតកម្មនិងចែកចាយ។
ការព្រមព្រៀង
សំដៅដល់គ្រប់ទម្រង់នៃកិច្ចសន្យា កិច្ចព្រមព្រៀង ការរៀបចំឬការយល់គ្នារវាងបុគ្គលនិងបុគ្គល ហើយអាចធ្វើឡើងជាលាយលក្ខណ៍អក្សរ ដោយផ្ទាល់មាត់ ដោយតុណ្ហីភាព ឬដោយរួមបញ្ចូលនូវការសម្របសម្រួលដោយបុគ្គលដែលមានទំនាក់ទំនងដោយផ្ទាល់ឬមិនផ្ទាល់ ហើយដែលកម្មវត្ថុឬអានុភាពនៃទំនាក់ទំនងនោះ៖ ក. បណ្តាលឱ្យមានឥទ្ធិពលលើអំពើរបស់បុគ្គលមួយឬច្រើននៅលើទីផ្សារ ឬ ខ. បង្ហាញពីអំពីឬសកម្មភាពដែលបុគ្គលណាមួយបានសម្រេចរួចហើយ ឬមានគោលបំណងនឹងយកមកអនុវត្តនៅក្នុងទីផ្សារ។
ការពិន័យអន្តរការណ៍
ការពិន័យដោយរដ្ឋបាលជលផល ហើយអាចធ្វើបានតែក្នុងករណីជនល្មើសបានយល់ព្រមបង់ប្រាក់ពិន័យ ស្របតាមទោសប្បញ្ញត្តិដែលមានចែង។
ការផ្សាយពាណិជ្ជកម្ម
សំដៅដល់ការផ្សព្វផ្សាយជាសាធារណៈឬការផ្សព្វផ្សាយទៅកាន់ក្រុមណាមួយក្នុងចំណោមសាធារណជនទោះតាមទម្រង់ណាក៏ដោយ ក្នុងគោលបំណងជំរុញការផ្គត់ផ្គង់ទំនិញ ឬសេវា ឬការលក់ឬការផ្តល់សិទ្ធិប្រត្យក្សលើអចលនទ្រព្យ។
ការផ្ទេរទ្រព្យសកម្ម
ការផ្លាស់ប្តូរភាពជាម្ចាស់កម្មសិទ្ធិនៃទ្រព្យសកម្ម។
ការប្រកួតប្រជែងដោយសុចរិត
សំដៅដល់ការប្រកួតប្រជែងឈរលើមូលដ្ឋានថ្លៃទាប គុណភាពល្អ និងសេវាល្អ ដោយផ្អែកលើគោលការណ៍និរន្តរភាពផ្នែកសេដ្ឋកិច្ចយូរអង្វែងនិងមិនបំពានអំណាចឬជំហរឧត្តមភាពលើទីផ្សារ។
ការប្រកួតប្រជែង
សំដៅលើសកម្មភាពរបស់បុគ្គលធ្វើធុរកិច្ចនៅក្នុងទីផ្សារ ដើម្បីដណ្តើមយកអតិថិជនឱ្យបានច្រើនក្នុងការប្រើប្រាស់នូវទំនិញឬសេវារបស់ខ្លួន ទទួលបាននូវចំណែកទីផ្សារច្រើន និងជំហរឧត្តមភាពលើទីផ្សារ។
ការបញ្ជាពង្រឹងការគ្រប់គ្រងអាជីវកម្ម
សំដៅដល់ការបញ្ជាឱ្យក្រុមហ៊ុនបរធនបាលពង្រឹងការគ្រប់គ្រងនៅពេលអនុបាតមូលធនសុទ្ធរបស់ក្រុមហ៊ុននោះធ្លាក់ក្រោម ១០០ (មួយរយ) ភាគរយ។
ការបញ្ជាក់
សំដៅដល់នីតិវិធីមួយដែលក្នុងនោះ តតិយជនម្នាក់ផ្តល់ការធានាជាលាយលក្ខណ៍អក្សរថាទំនិញ ដំណើរការ ការអនុវត្ត ឬសេវាកម្មសមស្របទៅតាមការតម្រូវដែលបានកំណត់។
ការបង្កកទ្រព្យសម្បត្តិ
សំដៅដល់ការទប់ស្តាត់ការលក់ ការផ្គត់ផ្គង់ ភតិសន្យា ការផ្ទេរ ការបំប្លែង ការធ្វើមត៌កឬអនុប្បទាន ការចល័ត ឬការប្រើប្រាស់ទ្រព្យ។
ការធ្វើអធិការកិច្ច
សំដៅដល់ការត្រួតពិនិត្យ ស៊ើបអង្កេត ស្រាវជ្រាវ ឆែកឆេររបស់មន្រ្តីអធិការកិច្ចបរធនបាលកិច្ច ក្នុងករណីសង្ស័យប្រព្រឹត្តល្មើសនឹងច្បាប់និង/ឬបទប្បញ្ញត្តិក្នុងវិស័យបរធនបាលកិច្ចដើម្បីពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យបរធនបាលកិច្ច និង/ឬ ការត្រួតពិនិត្យលើបរធនបាលកិច្ចដែលបានចុះបញ្ជី, ប្រតិបត្តិការរបស់ប្រតិបត្តិករបរធនបាល និងអ្នកចូលរួមដទៃទៀតក្នុងវិស័យបរធនបាលកិច្ច។
ការធានាគុណភាព
សំដៅដល់សកម្មភាពដែលបានគ្រោងទុកនិងបានរៀបចំជាប្រព័ន្ធគុណភាព ដើម្បីផ្តល់នូវទំនុកចិត្តគ្រប់គ្រាន់ថាផលិតផលឬសេវាកម្មនឹងបំពេញតាមការតម្រូវសម្រាប់គុណភាព។
ការទទួលបាន
សំដៅដល់ការទទួលបានទំនិញនិងសិទ្ធិប្រត្យក្សលើអចលនទ្រព្យតាមរយៈអំណោយ ការទិញលក់ ការដោះដូរ ឬតាមការព្រមព្រៀងផ្សេងៗទៀត ព្រមទាំងការទទួលបានសេវាតាមរយៈការព្រមព្រៀងនានា។
ការទទួលកាន់កាប់បន្ត (Takeover)
សំដៅដល់ការសម្រេចបាននូវការទិញមូលបត្រកម្មសិទ្ធិ ការទិញធុរកិច្ច ឬទ្រព្យសកម្មរបស់នីតិបុគ្គលណាមួយ ដើម្បីគ្រប់គ្រង និងកាន់កាប់នីតិបុគ្គលនោះ។
ការត្រួតពិនិត្យ វាយតម្លៃ, ប្រគល់ទទួល និងបញ្ចប់សុពលភាព
យន្តការត្រួតពិនិត្យការអនុវត្តគម្រោង និងជាការវាយតម្លៃអំពីទំហំការងារ ដោយគណៈកម្មការអន្តរក្រសួងដែលអ្នកទទួលការសម្រេចបាន ដើម្បីជាមូលដ្ឋានទូទាត់/បើកផ្ដល់ តាមលក្ខខណ្ឌនៃកិច្ចសន្យា។
ការតម្រូវពង្រឹងការគ្រប់គ្រងអាជីវកម្ម
សំដៅដល់ការតម្រូវឱ្យក្រុមហ៊ុនបរធនបាលពង្រឹងការគ្រប់គ្រង នៅពេលអនុបាតមូលធនសុទ្ធរបស់ក្រុមហ៊ុនបរធនបាលនោះធ្លាក់ក្រោម ១២០ (មួយរយម្ភៃ) ភាគរយ។
ការចាប់យកឌីជីថល
សំដៅទៅលើការក្រសោបយកថាមពលនៃបច្ចេកវិទ្យាឌីជីថលមកប្រើប្រាស់ ដើម្បីផ្លាស់ប្តូររបៀបនៃការធ្វើការ ការរស់នៅ និងការតភ្ជាប់ទំនាក់ទំនង និងសំដៅទៅលើដំណើរការនៃការបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងសកម្មភាពនានារបស់ស្ថាប័ន ក្រុមហ៊ុន ឬបុគ្គលផ្ទាល់ ដោយប្រើប្រាស់យ៉ាងពេញលេញនូវអត្ថប្រយោជន៍នៃបច្ចេកវិទ្យានេះ។ ការចាប់យកឌីជីថលនេះ រួមបញ្ចូលទាំងការប្រើប្រាស់ឧបករណ៍ឬដំណោះស្រាយឌីជីថល និងការធានានូវប្រសិទ្ធភាពនៃការប្រើប្រាស់ដោយភាគីពាក់ព័ន្ធ ដើម្បីសម្រេចឱ្យបាននូវលទ្ធផល និងគោលបំណងដែលចង់បាន។
ការចាប់ផ្ដើមប្រតិបត្តិការបរធនបាលកិច្ច
សំដៅដល់ការចាប់ផ្តើមធ្វើប្រតិបត្តិការរបស់បរធនបាលកិច្ចក្រោយពីទទួលបានអាជ្ញបណ្ណ/ការអនុញ្ញាត/ការចុះបញ្ជីឬចាប់ផ្តើមពេលដែលបរធនបាលចាប់ផ្ដើមជួលបុគ្គលិក ដើម្បីបំពេញការងារសម្រាប់ប្រតិបត្តិការដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត/ការចុះបញ្ជីឬចាប់ផ្ដើមពីពេលដែលបរធនបាលចាប់ផ្ដើមធ្វើសកម្មភាពពេលដែលទទួលបានអាជ្ញាបណ្ណ និង/ឬការអនុញ្ញាត។
ការគ្រប់គ្រងហិរញ្ញវត្ថុ
សំដៅដល់វិធីសាស្រ្តនៃការប្រើប្រាស់ធនធានហិរញ្ញវត្ថុរបស់អង្គភាព/ស្ថាប័នប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទិ្ធភាពតាមរយៈការធ្វើផែនការ ការរកប្រភពធនធាន ការបែងចែកធនធាន ការត្រួតពិនិត្យការប្រើប្រាស់ និងការរាយការណ៍ពីធនធានហិរញ្ញវត្ថុរបស់ស្ថាប័ន។
ការគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានទូទៅលម្អិត
ការគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានទូទៅដែលមិនបញ្ចូលក្នុងការគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានទូទៅរួមទេ និងផ្តោតជាចម្បងលើការទទួលបានការថែរក្សា និងប្រតិបត្តិការនៃហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសេវាកម្មដែលគាំទ្រដល់ដំណើរការនៃកម្មវិធីស្រាប់។
ការគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានទូទៅរួម
ការគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានទូទៅ ដែលត្រូវបានតាក់តែងឡើងដើម្បីគ្រប់គ្រង និងពិនិត្យតាមដានលើបរិស្ថានបច្ចេកវិទ្យាព័ត៌មាន ហើយមានឥទ្ធិពលលើកម្មវិធីស្រាប់ទាំងអស់។ កិច្ចការនេះផ្តោតសំខាន់លើការគ្រប់គ្រង និងពិនិត្យតាមដានលើបច្ចេកវិទ្យាព័ត៌មាន។
ការគេចវេះពន្ធ
បទល្មើសដោយចេតនា ដោយដឹងជាមុន មានការរៀបចំទុកនិងច្រើនដងទៅលើបទប្បញ្ញត្តិស្ដីពីពន្ធដារក្នុងបំណងបន្ថយ ឬបំបាត់ប្រាក់ពន្ធដែលបទប្បញ្ញត្តិស្ដីពីពន្ធដារតម្រូវឱ្យបង់។
ការកែទម្រង់ស្ថាប័ន ឫកំណែទម្រង់ស្ថាប័ន
សំដៅទៅលើការផ្លាស់ប្តូររចនាសម្ព័ន្ធប្រព័ន្ធនីតិវិធី និងរបៀបរបបធ្វើការងាររួមទាំងខ្សែគណនេយ្យភាព ទំនាក់ទំនង និងដំណើរការនៃការធ្វើសេចក្តីសម្រេចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
កសាងសមត្ថភាព
ការអភិវឌ្ឍចំណេះដឹង ជំនាញ សមត្ថភាពរបស់បុគ្គលិក ឬស្ថាប័នដើម្បីបំពេញកិច្ចការដោយមានប្រសិទ្ធភាព។ ការកសាងសមត្ថភាពអាចធ្វើឡើងតាមរយៈការអប់រំ វគ្គបណ្ដុះបណ្ដាល (Training Courses) ជាផ្លូវការ ឬតាមរយៈការរៀនបណ្ដើរ ធ្វើបណ្ដើរ (On-job-training)។
កលិយុគ
(សេដ្ឋកិច្ច) ភាពចលាចល ឬភាពរំជើបរំជួលនៃស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ករណីយកិច្ច
កិច្ចការ ដែលត្រូវតែធ្វើតាមវិធានច្បាប់ដែលបានចែង។
កម្រៃសួយសារ
ជាកម្រៃដែលទូទាត់ដោយភាគីមួយជូនភាគីមួយទៀតដែលជាម្ចាស់នៃទ្រព្យសម្បតិ្ត ណាមួយ ដើម្បីមានសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិនោះ។
កម្រៃសម្បទាន
ជាកម្រៃទូទាត់ដោយក្រុមហ៊ុនដែលជាថ្នូនឹងការអនុញ្ញាតឱ្យប្រតិបត្តិការសេវាកម្មគម្រោងស្របតាមសេចក្តីណែនាំ នៃកិច្ចព្រមព្រៀង។ ការទូទាត់នេះ អាចជាទំហំថេរ ឬជាសមាមាត្រនៃចំណូលដុល ឬអាចជាទាំងពីរទម្រង់។
កម្រៃ
ផលជាប្រាក់បានមកអំពីកិច្ចការការិយាល័យ ឋានៈ មុខងារ ឬការងារ ដែលរួមទាំងប្រាក់បៀវត្ស ប្រាក់ឈ្នួល និងប្រាក់បន្ថែមឯទៀត។
កម្មសិទ្ធិអវិភាគ
កម្មសិទ្ធិរបស់បុគ្គលច្រើននាក់ ដែលអនុវត្តសិទ្ធិរបស់ខ្លួនដោយសាមគ្គីគ្នាទៅលើទ្រព្យទាំងមូល គឺកម្មសិទ្ធិអវិភាគ។
កម្មសិទ្ធិករ
សំដៅដល់៖ ១. ម្ចាស់កម្មសិទ្ធិលើទ្រព្យ និងមានសិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល និងសិទ្ធិចាត់ចែងលើទ្រព្យដែលជារបស់ខ្លួន។ ២. រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានបណ្ណសម្គាល់សិទ្ធិ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី។
កម្មសិទ្ធបញ្ញា
សំដៅទៅលើការបង្កើតដោយគំនិតបញ្ញា ដូចជា តក្កកម្ម ស្នាដៃអក្សរសាស្រ្តនិងសិល្បៈ និមិត្តសញ្ញា រូបភាព និងគំរូដែលត្រូវបានប្រើប្រាស់នៅក្នុងពាណិជ្ជកម្ម។
កម្មសិទ្ធករ
ម្ចាស់កម្មសិទ្ធិ, អ្នកដែលមានសិទ្ធិប្រើប្រាស់សិទ្ធិអាស្រ័យផលនិងសិទ្ធិចាត់ចែងលើវត្ថុណាមួយ។
កំណត់ហេតុ
សំដៅដល់កំណត់ហេតុដែលត្រូវបំពេញដោយមន្រ្តីអធិការកិច្ចតាមគំរូដែលបានកំណត់។
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) មានកិត្តិយសសូមប្រកាសនូវលទ្ធផលនៃការប្រឡងគុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច លើកទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ និងលទ្ធផលកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យបរធនបាលកិច្ច ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១-៣ ខែកក្កដា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។
សេចក្តីជូនដំណឹងស្តីពី ការរៀបចំវគ្គបណ្ដុះបណ្ដាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ក្នុងវិស័យបរធនបាលកិច្ច លើកទី៥
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានពាំនាំយកថវិកាដែលជាការបរិច្ចាគពីថ្នាក់ដឹកនាំ និងមន្ត្រីនៃ ន.ប.ធ. ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
"សងត្រឡប់ដល់សង្គម និងសហគមន៍វិញ"
អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
info@trustregulator.gov.kh
(+៨៥៥)២៣-២៣៧-៨៨៨
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)