នាព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានសហការជាមួយរដ្ឋបាលខេត្តកែប រៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពី “វិធានក្នុងការគ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្ដទៅរបស់បរធនបាលកិច្ច និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃ ន.ប.ធ. និងលោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តកែប នៅសណ្ឋាគារ សង្គហមិត្ត ខេត្ដកែប។ សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងបន្ថែម ឱ្យបានកាន់តែទូលំទូលាយដល់មន្ទីរ-អង្គភាពចំណុះរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនៅខេត្តកែប ស្ថាប័នពាក់ព័ន្ធ និងសាធារណជន ថាតើអ្វីទៅជាបរធនបាលកិច្ច? បរធនបាលកិច្ចមានយន្ដការ និងប្រតិបត្ដិការដូចម្ដេច? ធ្វើដូចម្ដេចទើបការបង្កើត និងចុះបញ្ជីបរធនបាលកិច្ចមានភាពត្រឹមត្រូវ និងមានអនុលោមភាពតាមច្បាប់? នៅក្នុងសិក្ខាសាលានេះ ឯកឧត្តម សុខ ដារ៉ា បានគូសរំលេចផងដែរអំពីតួនាទី និងសារសំខាន់របស់យន្ដការបរធនបាលកិច្ចក្នុងការបង្កើតទំនុកចិត្ត ក៏ដូចជាការទាក់ទាញការវិនិយោគបន្ថែម ជាពិសេសចូលរួមចំណែកក្នុងការជំរុញដំណើរការអភិវឌ្ឍគម្រោងធុរកិច្ចនានាក្នុងខេត្ដកែប ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្ដិជាធរមាន។ គិតត្រឹមថ្ងៃនេះ ទីផ្សារបរធនបាលកិច្ចមានបរធនបាលកិច្ចដែលបានចុះបញ្ជីសរុបចំនួន ១.១០៦ ករណី និងគិតជាទំហំបរធនសរុបចំនួន ១.៧៤២ លានដុល្លារអាម៉េរិក ព្រមទាំងមានប្រតិបត្តិករបរធនបាលសរុបចំនួន ៣៦ ដែលក្នុងនោះ រួមមាន ក្រុមហ៊ុនបរធនបាល ចំនួន ១៣ និងធនាគារពាណិជ្ជដែលជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកចំនួន ២៣ ធនាគារ, បរធនបាលរូបវន្តបុគ្គលចំនួន ៦៦ រូប ដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ប.ធ. និងក្រុមហ៊ុនផ្តល់សេវាវាយតម្លៃចំនួន ១៦ និងក្រុហ៊ុនផ្តល់សេវាសវនកម្មចំនួន ១៥ ដែលទទួលបានការទទួលស្គាល់ពី ន.ប.ធ.។ សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងមកពីមន្ទីរ-អង្គភាពចំណុះរដ្ឋបាល ខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនៅខេត្តកែប, សមាជិក-សមាជិកានៃសភាពាណិជ្ជកម្ម, និងសមាគមធុរកិច្ចពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងមកពីក្រុមហ៊ុនបរធនបាល, ធនាគារពាណិជ្ជដែលជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក និងបរធនបាលរូបវន្ដបុគ្គលឯករាជ្យ ដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ប.ធ.។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)