នាព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានសហការជាមួយរដ្ឋបាលខេត្តក្រចេះ រៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយអំពីប្រកាសស្តីពី “វិធានក្នុងការគ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្ដទៅរបស់បរធនបាលកិច្ច និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ នៅសាលមហោស្រពខេត្ដក្រចេះ។ សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង បញ្ជ្រាបការយល់ដឹងបន្ថែមឱ្យបានកាន់តែទូលំទូលាយដល់មន្ទីរ-អង្គភាពចំណុះរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនៅខេត្តក្រចេះ ស្ថាប័នពាក់ព័ន្ធ និងសាធារណជន ថាតើអ្វីទៅជាបរធនបាលកិច្ច? បរធនបាលកិច្ចមានយន្ដការ និងប្រតិបត្ដិការដូចម្ដេច? ធ្វើដូចម្ដេចទើបការបង្កើត និងចុះបញ្ជីបរធនបាលកិច្ចមានភាពត្រឹមត្រូវ និងមានអនុលោមភាពតាមច្បាប់? សិក្ខាសាលានេះ ឯកឧត្តម សុខ ដារ៉ា បានគូសរំលេចផងដែរអំពីតួនាទី និងសារសំខាន់របស់យន្ដការបរធនបាលកិច្ចក្នុងការបង្កើតទំនុកចិត្ត ក៏ដូចជាការទាក់ទាញការវិនិយោគបន្ថែម ជាពិសេសចូលរួមចំណែកក្នុងការជំរុញដំណើរការអភិវឌ្ឍន៍គម្រោងធុរកិច្ចនានាក្នុងខេត្ដក្រចេះ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្ដិជាធរមាន។ គិតត្រឹមថ្ងៃនេះ ទីផ្សារបរធនបាលកិច្ចមានទំហំសរុបចំនួន ១.៦១០ លានដុល្លារអាម៉េរិក និងមានបរធនបាលកិច្ចចំនួន ១.០២៦ ករណី ដែលបានបង្កើតនិងចុះបញ្ជី ព្រមទាំងមានប្រតិបត្តិករបរធនបាលសរុបចំនួន ៣៤ ដែលក្នុងនោះ រួមមាន ក្រុមហ៊ុនបរធនបាលចំនួន ១៣ និងធនាគារពាណិជ្ជដែលជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកចំនួន ២១ ធនាគារ, បរធនបាលរូបវន្តបុគ្គលចំនួន ៦៥ រូប ដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ប.ធ. និងក្រុមហ៊ុនផ្តល់សេវាវាយតម្លៃចំនួន ១៦ និងក្រុហ៊ុនផ្តល់សេវា សវនកម្មចំនួន ១៥ ដែលទទួលបានការទទួលស្គាល់ពី ន.ប.ធ.។ សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងមកពីមន្ទីរ-អង្គភាពចំណុះរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនៅខេត្តក្រចេះ, សមាជិក-សមាជិកានៃសភាពាណិជ្ជកម្ម, និងសមាគមធុរកិច្ចពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងមកពីក្រុមហ៊ុនបរធនបាល, ធនាគារពាណិជ្ជដែលជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក និងបរធនបាលរូបវន្ដបុគ្គលឯករាជ្យ ដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ប.ធ.។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)