នាព្រឹកថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.), និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពី "បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. អមដោយ ឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន និងសហការីនៃ ន.ប.ធ. ដោយមានការចូលរួមពីតំណាងមកពីបរធនបាល, ក្រុមបរធនបាលនៃបរធនបាលកិច្ចហិរញ្ញវត្ថុ, បុគ្គលថែរក្សាសុវត្ថិភាពបរធន, បុគ្គលថែរក្សាទ្រព្យសម្បត្តិជំនួស, បុគ្គលផ្តល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងបុគ្គលពាក់ព័ន្ធផ្សេងទៀត។ សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីការដាក់ឱ្យអនុវត្តជាផ្លូវការនូវគោលការណ៍ណែនាំស្តីពី "បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច" និងការពន្យល់ពីខ្លឹមសារ ក៏ដូចជាការអនុវត្តនានាដែលមាននៅក្នុងគោលការណ៍ណែនាំនេះ សំដៅដល់ការអនុវត្តប្រកបដោយសណ្តាប់ធ្នាប់ តម្លាភាព ប្រសិទ្ធភាព និងទំនុកចិត្តពីគ្រប់តួអង្គ និងអ្នកចូលរួមទាំងអស់នៅក្នុងវិស័យបរធនបាលកិច្ច។ សិក្ខាសាលានេះក៏មានការធ្វើបទបង្ហាញដោយលោក ចេស ចាន់ដេត ប្រធានការិយាល័យគ្រប់គ្រងព័ត៌មានវិទ្យានៃនាយកដ្ឋានកិច្ចការទូទៅ អំពីខ្លឹមសារជារួមដែលមាននៅក្នុងគោលការណ៍ណែនាំស្តីពី "បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច" នេះផងដែរ។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)