នារសៀលថ្ងៃពុធ ៨ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំកម្មវិធីបាឋកថា ស្ដីពី «បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាក្នុងបរិការណ៍សេដ្ឋកិច្ចសកល និងការចែករំលែកអំពីសិល្បៈនៃការនិយាយ (The Arts of Narrative) » ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស (វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ) ជាវាគ្មិនកិត្តិយស នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃ ន.ប.ធ. និយ័តករនិងអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ព្រមទាំងប្រតិបត្តិករពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច អំពីបច្ចុប្បន្នភាពនៃសេដ្ឋកិច្ចកម្ពុជា និងនិន្នាការសេដ្ឋកិច្ចសកល ព្រមទាំងលើកកម្ពស់ជំនាញទន់ ជាពិសេសសមត្ថភាពក្នុងការនិយាយ ការរៀបចំបទបង្ហាញ និងប្រាស្រ័យទាក់ទងខ្លឹមសារប្រកបដោយប្រសិទ្ធភាព តាមរយៈសិល្បៈនៃការនិយាយ (The Arts of Narrative) ដែលជាជំនាញដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្នុងការអនុវត្តមុខងារ និងភារកិច្ចប្រចាំថ្ងៃ។ កម្មវិធីនេះ មានអ្នកចូលរួមសរុបប្រមាណ ២០០ រូប មកពីអគ្គលេខាធិការដ្ឋាន អ.ស.ហ. និយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. ព្រមទាំងក្រុមហ៊ុនបរធនបាល បរធនបាលរូបវន្តបុគ្គល ប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬរក្សាទុក ក្រុមហ៊ុនវាយតម្លៃ ក្រុមហ៊ុនផ្តល់សេវាសវនកម្ម និងបុគ្គលពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច។ ក្នុងឱកាសថ្លែងសុន្ទរកថាស្វាគមន៍ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. បានជម្រាបជូនអង្គពិធីអំពីសាវតារ បច្ចុប្បន្នភាព និងទិដ្ឋភាពទូទៅនៃការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា ដោយបានគូសបញ្ជាក់ថា វិស័យបរធនបាលកិច្ច គឺជាវិស័យហិរញ្ញវត្ថុថ្មីមួយ ដែលត្រូវបានបង្កើតឡើងស្របតាមច្បាប់ស្ដីពីបរធនបាលកិច្ច និងកំពុងរីកចម្រើនជាបន្តបន្ទាប់ ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងការអភិវឌ្ឍក្របខណ្ឌច្បាប់ បទប្បញ្ញត្តិ និងទីផ្សារបរធនបាលកិច្ច ន.ប.ធ. ក៏បានបន្តផ្តោតសំខាន់លើការកសាង និងពង្រឹងសមត្ថភាពធនធានមនុស្ស ដោយចាត់ទុកការអភិវឌ្ឍទាំងជំនាញរឹង និងជំនាញទន់ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍស្ថាប័ន និងវិស័យប្រកបដោយចីរភាព។ ក្នុងបាឋកថាស្ដីពី «បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាក្នុងបរិការណ៍សេដ្ឋកិច្ចសកល» ឯកឧត្តមសាស្រ្តាចារ្យ បណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី បានចែករំលែកទស្សនវិស័យ និងការវិភាគអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទនៃការប្រែប្រួលសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកល ព្រមទាំងបានបង្ហាញអំពីកាលានុវត្តភាព បញ្ហាប្រឈម និងកត្តាដែលកម្ពុជាគួរយកចិត្តទុកដាក់ ដើម្បីពង្រឹងភាពធន់ និងការប្រកួតប្រជែងរបស់សេដ្ឋកិច្ចជាតិ ក្នុងបរិការណ៍អន្តរជាតិដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ បន្ទាប់មក ឯកឧត្តមសាស្រ្តាចារ្យ បណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី បានបន្តចែករំលែកអំពី «សិល្បៈនៃការនិយាយ (The Arts of Narrative) » ដោយបានលើកឡើងថា សមត្ថភាពក្នុងការរៀបចំ និងបង្ហាញគំនិតប្រកបដោយភាពច្បាស់លាស់ មានរចនាសម្ព័ន្ធ និងអាចបង្កើតការជឿទុកចិត្ត គឺជាជំនាញដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងអ្នកបង្កើតគោលនយោបាយ ក្នុងការប្រាស្រ័យទាក់ទង ការពន្យល់គោលនយោបាយ និងការបង្កើតការយល់ដឹងជាមួយភាគីពាក់ព័ន្ធ និងសាធារណជន។ កម្មវិធីបាឋកថានេះ បានផ្ដល់នូវចំណេះដឹង ទស្សនវិស័យ និងបទពិសោធន៍ដ៏មានតម្លៃដល់អ្នកចូលរួមទាំងអស់ ដើម្បីពង្រឹងការគិតជាយុទ្ធសាស្ត្រ ការវិភាគបរិបទសេដ្ឋកិច្ច និងសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ដែលជាធាតុផ្សំដ៏សំខាន់សម្រាប់ការអនុវត្តមុខងារ និងភារកិច្ចរបស់ថ្នាក់ដឹកនាំ មន្ត្រី និងប្រតិបត្តិករក្នុងវិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងគាំទ្រដល់ការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជាប្រកបដោយចីរភាព។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)