នាព្រឹកថ្ងៃព្រហស្បតិ៍ ១១ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម នង ពិសិដ្ឋ អគ្គនាយករងនៃ ន.ប.ធ. អមដោយលោក ណង សេរីវុធ អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងសហប្រតិបត្តិការ និងសហការី បានអញ្ជើញចូលរួមកាត់កញ្ចប់វិញ្ញាសារប្រឡង និងប្រកាសបើកកម្មវិធីប្រឡងគុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច លើកទី៩ ឆ្នាំ២០២៦ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។ ការប្រឡងគុណវុឌ្ឍិនេះ ជាយន្តការសំខាន់មួយក្នុងការវាយតម្លៃចំណេះដឹង សមត្ថភាពវិជ្ជាជីវៈ និងភាពត្រៀមខ្លួនរបស់បុគ្គលដែលមានបំណងចូលរួម ឬផ្តល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច។ ការប្រឡងនេះ ក៏រួមចំណែកដល់ការពង្រឹងស្តង់ដារវិជ្ជាជីវៈ ការលើកកម្ពស់ការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពសម្រាប់គាំទ្រដល់ការរីកចម្រើននៃវិស័យបរធនបាលកិច្ចនៅកម្ពុជា។ លើសពីនេះ ពិធីកាត់កញ្ចប់វិញ្ញាសាប្រឡង ត្រូវបានរៀបចំឡើងក្នុងគោលបំណងធានានូវតម្លាភាព ភាពយុត្តិធម៌ និងសុចរិតភាពនៃដំណើរការប្រឡង។ តាមរយៈការរៀបចំការប្រឡងគុណវុឌ្ឍិនេះ និយ័តករបរធនបាលកិច្ចមានគោលបំណងបន្តពង្រឹងគុណភាពនៃការផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច និងដើម្បីកសាងទំនុកចិត្តបន្ថែមក្នុងចំណោម បរធនបាលទាយក អត្ថគាហកៈ ប្រតិបត្តករបរធនបាល និងគ្រប់ភាគីពាក់ព័ន្ធ។ និយ័តករបរធនបាលកិច្ច បន្តប្តេជ្ញាចិត្តក្នុងការគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា ឱ្យមានការរីកចម្រើនប្រកបដោយចីរភាព តម្លាភាព និងវិជ្ជាជីវៈខ្ពស់។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)