នាព្រឹកថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានសហការជាមួយរដ្ឋបាលខេត្តកំពត រៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពី “វិធានក្នុងការគ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្ដទៅរបស់បរធនបាលកិច្ច និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច” ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃ ន.ប.ធ. និងឯកឧត្តម ចាន់ ថា អភិបាលរង នៃគណៈអភិបាលខេត្តកំពត និងជាតំណាងរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត នៅសណ្ឋាគារ កំពតឌីយ៉ាម៉ង់។ សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងបន្ថែម ឱ្យបានកាន់តែទូលំទូលាយដល់មន្ទីរ-អង្គភាពចំណុះរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនៅខេត្តកំពត ស្ថាប័នពាក់ព័ន្ធ និងសាធារណជន ថាតើអ្វីទៅជាបរធនបាលកិច្ច? បរធនបាលកិច្ចមានយន្ដការ និងប្រតិបត្ដិការដូចម្ដេច? ធ្វើដូចម្ដេចទើបការបង្កើត និងចុះបញ្ជីបរធនបាលកិច្ចមានភាពត្រឹមត្រូវ និងមានអនុលោមភាពតាមច្បាប់? នៅក្នុងសិក្ខាសាលានេះ ឯកឧត្តម សុខ ដារ៉ា បានគូសរំលេចផងដែរអំពីតួនាទី និងសារសំខាន់របស់យន្ដការបរធនបាលកិច្ចក្នុងការបង្កើតទំនុកចិត្ត ក៏ដូចជាការទាក់ទាញការវិនិយោគបន្ថែម ជាពិសេសចូលរួមចំណែកក្នុងការជំរុញដំណើរការអភិវឌ្ឍគម្រោងធុរកិច្ចនានាក្នុងខេត្ដកំពត ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្ដិជាធរមាន។ គិតត្រឹមថ្ងៃនេះ ទីផ្សារបរធនបាលកិច្ចមានបរធនបាលកិច្ចដែលបានចុះបញ្ជីសរុបចំនួន 1,483 ករណី ដែលមានទំហំបរធនសរុប $2,194 លានដុល្លារអាម៉េរិក ព្រមទាំងមានប្រតិបត្តិករបរធនបាលសរុបចំនួន ៤២ ដែលក្នុងនោះ រួមមាន ក្រុមហ៊ុនបរធនបាល ចំនួន ១៥ និងធនាគារពាណិជ្ជដែលជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកចំនួន ២៧ ធនាគារ, បរធនបាលរូបវន្តបុគ្គលចំនួន ៧០ រូប ដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ប.ធ. និងក្រុមហ៊ុនផ្តល់សេវាវាយតម្លៃចំនួន ១៧ និងក្រុហ៊ុនផ្តល់សេវាសវនកម្មចំនួន ១៥ ដែលទទួលបានការទទួលស្គាល់ពី ន.ប.ធ.។ សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងមកពីមន្ទីរ-អង្គភាពចំណុះរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនៅខេត្តកំពត, សមាជិក-សមាជិកានៃសភាពាណិជ្ជកម្ម, និងសមាគមធុរកិច្ចពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងមកពីក្រុមហ៊ុនបរធនបាល, ធនាគារពាណិជ្ជដែលជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក និងបរធនបាលរូបវន្ដបុគ្គលឯករាជ្យ ដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ប.ធ.។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)