នាព្រឹកថ្ងៃសុក្រ ៨រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពី “ការបំពេញបន្ថែមលើប្រកាសស្តីពីកម្រៃសេវានៃការចុះបញ្ជីបរធនបាលកិច្ច ចំពោះសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ប្រអប់សុវត្ថិភាព” ក្រោមអធិបតីភាពរបស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. ក្នុងគោលបំណងទទួលបានមតិយោបល់ ក៏ដូចជាធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធ ជាពិសេសអ្នកអនុវត្តការងារផ្ទាល់ ដើម្បីឱ្យសេចក្តីព្រាងប្រកាសខាងលើកាន់តែមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយសំដៅដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងទំនុកចិត្តពីអ្នកចូលរួមក្នុងវិស័យបរធនបាលកិច្ច។ សិក្ខាសាលាពិគ្រោះយោបល់នេះ មានការចូលរួមពីតំណាងក្រុមហ៊ុនបរធនបាល, ធនាគារដែលជាប្រតិបត្តិករបរធនបាលផ្តល់សេវាសុវត្តិភាពឬរក្សាទុក, បរធនបាលរូបវន្តបុគ្គលឯករាជ្យ, ក្រុមហ៊ុនវាយតម្លៃ និងក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)