នារសៀលថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី៣ លើសេចក្ដីព្រាង “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យបរធនបាលកិច្ច ឆ្នាំ ២០២៥-២០៣៥” នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. អមដោយឯកឧត្តមអគ្គនាយករង និងប្រធាននាយកដ្ឋាន ព្រមទាំងមន្ដ្រីជំនាញនៃ ន.ប.ធ. និងដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងបរិស្ថាន, ក្រសួងយុត្តិធម៌, ក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, ធនាគារជាតិនៃកម្ពុជា, គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” តំណាងនិយ័តករ/អង្គភាពក្រោមឱវាទ អ.ស.ហ. និងតំណាងស្ថាប័នពាក់ព័ន្ធ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីទទួលបានមតិយោបល់ និងធាតុចូលបន្ថែមពីស្ថាប័នរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីឱ្យការរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យបរធនបាលកិច្ច ឆ្នាំ ២០២៥-២០៣៥ កាន់តែមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងមានសង្គតិភាពជាមួយក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅដល់ការអនុវត្តប្រកបដោយសណ្តាប់ធ្នាប់ តម្លាភាព ប្រសិទ្ធភាព និងទំនុកចិត្តពីអ្នកចូលរួមក្នុងវិស័យបរធនបាលកិច្ច។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)