នាព្រឹកថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងក្រុមហ៊ុន អាយជី ថិក គ្រុប បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពី “ការប្រឹក្សាយោបល់ និងជំនួយបច្ចេកទេសពាក់ព័ន្ធនវានុវត្តន៍បច្ចេកវិទ្យាគាំទ្រក្នុងវិស័យបរធនបាលកិច្ច” ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និង លោក គឹម ពុធគីរី ប្រធានក្រុមហ៊ុន អាយជី ថិក គ្រុប នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។ ការចុះ MoU នេះ មានគោលបំណងដើម្បីបង្កើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការ សំដៅជំរុញនវានុវត្តន៍ប្រតិបត្តិការបរធនបាលកិច្ច តាមរយៈការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីនវានុវត្តន៍បច្ចេកវិទ្យាគាំទ្រ (Technology-enabled Innovations) និងបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ។ ពិធីចុះ MoU នេះ មានការអញ្ជើញចូលរួមពីតំណាងជាន់ខ្ពស់នៃនិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ. ថ្នាក់ដឹកនាំ និងសហការីនៃក្រុមហ៊ុន អាយជី ថិក គ្រុប តំណាងក្រុមហ៊ុនបរធនបាល និងបុគ្គលពាក់ព័ន្ធផ្ដល់សេវាក្នុងវិស័យបរធនបាលកិច្ច។ ពិធីនេះត្រូវបានបញ្ចប់ទៅដោយភាពរលូន និងផ្លែផ្កាខ្ពស់ ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)