នាព្រឹកថ្ងៃចន្ទ ១០ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយអនុវត្តតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នារវាង និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ស្ដីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” ន.ប.ធ. និងសមាគម CVEA បានសហការរៀបចំកម្មវិធីជជែកអំពីបរធនបាលកិច្ច ក្រោមប្រធានបទស្ដីពី “បរធនបាលកិច្ច៖ យន្តការសម្រាប់ការវិនិយោគអចលនទ្រព្យប្រកបដោយទំនុកចិត្ត” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និង លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។ កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីបញ្រ្ជាបការយល់ដឹងឱ្យបានកាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងវិសាលភាព និងគុណប្រយោជន៍នៃយន្តការបរធនបាលកិច្ចដល់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃសមាគម CVEA ដែលជាតួអង្គពាក់ព័ន្ធដ៏សំខាន់ក្នុងទីផ្សារបរធនបាលកិច្ចនៅកម្ពុជា និងដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីយន្តការបរធនបាលកិច្ចសម្រាប់ធុរកិច្ចរបស់ខ្លួន។ កម្មវិធីនេះក៏មានការចូលរួមផ្ដល់បទបង្ហាញដោយ លោក រិន រដ្ឋា អនុប្រធាននាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ច លោកស្រី យស ស៊ីរតនា ប្រធានផ្នែកច្បាប់ និងអនុលោមភាព នៃក្រុមហ៊ុនកាណា ត្រាស, លោក ព្រឿង សុភាព នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វីលីព ត្រាសធី (ខេមបូឌា) និងលោក ស៊ីយ៉ា ម៉ាលីដា នាយកការិយាល័យប្រតិបត្តិការមូលបត្រ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី ផងដែរ។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)