នារសៀលថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤, និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការដាក់ឱ្យអនុវត្តគេហទំព័ររបស់ ន.ប.ធ. ជាផ្លូវការ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. អមដោយ ឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន និងសហការីទាំងអស់នៃ ន.ប.ធ. ដោយមានការចូលរួមដោយផ្ទាល់ពីតំណាងមកពីនិយ័តករ និងអង្គភាពក្រោមឱវាទនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងតំណាងមកពីបរធនបាល, ប្រតិបត្តិករផ្តល់សេវារក្សាទុក ឬសេវារក្សាសុវត្ថិភាពក្នុងវិស័យបរធនបាលកិច្ច, ក្រុមហ៊ុនផ្តល់សេវាវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច និងបុគ្គលពាក់ព័ន្ធផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC)។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីប្រកាសដាក់ឱ្យអនុវត្តនូវគេហទំព័រ (Website) របស់ ន.ប.ធ. ជាផ្លូវការ ក៏ដូចជាដើម្បីធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀតនូវ Website របស់ ន.ប.ធ. ទៅដល់និយ័តករនិងអង្គភាពក្រោមឱវាទ អ.ស.ហ., តួអង្គនិងភាគីពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យបរធនបាលកិច្ច និងសាធារណជន ដែលសំដៅដល់ការដាក់ឱ្យអនុវត្តប្រកបដោយសណ្តាប់ធ្នាប់ តម្លាភាព និងទំនុកចិត្ត ក៏ដូចជាការផ្តល់នូវភាពងាយស្រួលដល់អ្នកចូលមើល (Visitor) ក្នុងការទាញយកនូវរាល់ឯកសារផ្សេងៗដែលពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ច ជាដើម។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)