ឯកជនភាពនៃទិន្នន័យផ្ទាល់ខ្លួន
នីតិវិធីដែលធានាថាទិន្នន័យរបស់រូបវន្តបុគ្គល និងនីតិបុគ្គលដែលទទួលបានការយល់ព្រមឱ្យកត់ត្រាដោយនីតិបុគ្គលណាមួយក្នុងប្រព័ន្ធបច្ចេកវិទ្យាមិនត្រូវបានចែករំលែក លួចយក ឬយកទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់ទិន្នន័យ។
ឧស្សាហកម្ម ៤.០
បរិបទនៃការវិវឌ្ឍឧស្សាហកម្មដែលបច្ចេកវិទ្យាអនុញ្ញាតឱ្យមាន ការបញ្ចូលគ្នានៃទិន្នន័យពីម៉ាស៊ីន ឧបករណ៍ និងសេនស័រពីខ្សែច្រវាក់ផលិតកម្ម និងពីការប្រើប្រាស់របស់មនុស្ស ហើយដែលផ្តល់ព័ត៌មានច្បាស់លាស់ និងទាន់ពេលដល់អ្នកផលិត និងអ្នកពាក់ព័ន្ធសំដៅធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មទាំងមូល។
ឧត្តមានុវត្តន៍
គោលការណ៍ ឬស្តង់ដារ និងការអនុវត្តតាមអនុសាសន៍របស់អង្គភាពជំនាញវិជ្ជាជីវៈ និងស្ថាប័នអភិបាលកិច្ចផ្ទៃក្នុង។ ច្បាប់ បទប្បញ្ញត្តិផ្សេងៗ និងស្តង់ដារទូទៅផ្សេងៗទៀត ដែលដកស្រង់ពីទស្សនៈល្អៗរបស់ស្ថាប័នអាជីពដែលត្រូវបានទទួលស្គាល់ថាបានអនុវត្តល្អបំផុត សម្រាប់ការត្រួតពិនិត្យកិច្ចលទ្ធកម្មតាមក្រោយ។
ឧក្រិដ្ឋកម្មសាយប័រ
បទល្មើសដែលប្រព្រឹត្តនៅក្នុងបណ្តាញបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដូចជា ការចូលលួច ក្លែងបន្លំ ឬកែឯកសារ ការបញ្ចូលមេរោគ ការផ្ញើសារគំរាមកំហែង ឬចាប់ជំរិត ឬការធ្វើឱ្យប៉ះពាល់សន្តិសុខសេដ្ឋកិច្ច និងសង្គមជាតិ។
អ្នកផ្ដល់វិភាគទានបរធនបាលកិច្ច
សំដៅដល់បុគ្គលណាដែលផ្ដល់វិភាគទានទៅក្នុងបរធនបាលកិច្ច ឬបរធនបាលកិច្ចដែលមានស្រាប់ និងមានសិទ្ធិចូលរួមកំណត់លក្ខខណ្ឌនៃការបង់វិភាគទានដែលនឹងត្រូវគ្រប់គ្រងនិងចាត់ចែងដោយបរធនបាល និងលក្ខខណ្ឌនៃការទទួលផលរបស់អត្ថគាហកៈ។
អ្នកជំនាញវាយតម្លៃ
សំដៅដល់រូបវន្តបុគ្គលដែលទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) ដើម្បីផ្តល់សេវាកម្មវាយតម្លៃជូនអតិថិជន ក្នុងនាមក្រុមហ៊ុនវាយតម្លៃ និងទទួលបានការទទួលស្គាល់គុណវុឌ្ឍិពីនិយ័តករបរធនបាលកិច្ច (ន.ប.ធ.)។
អ្នកជំនាញភ្នាក់ងារអចលនវត្ថុ
រូបវន្តបុគ្គលដែលទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈពីក្រសួង ដើម្បីផ្តល់សេវាកម្មភ្នាក់ងារអចលនវត្ថុជូនអតិថិជន ក្នុងនាមក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ។
អ្នកកាន់កាប់
រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលគ្មានបណ្ណសម្គាល់សិទ្ធិ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី។
អាវុធមហាប្រល័យ
សំដៅដល់អាវុធផ្ទុះអាតូមិកឬនុយក្លេអ៊ែរ អាវុធសម្ភារៈវិទ្យុសកម្ម អាវុធគីមី និងអាវុធជីវសាស្រ្តដែលអាចសម្លាប់ ឬបង្កមហន្តរាយដល់មនុស្សឬសត្វពាហនៈ ព្រមទាំងអាវុធផ្សេងទៀត ដែលនឹងត្រូវបានផលិតនាពេលអនាគតដែលមានលក្ខណៈបង្កនូវផលបំផ្លិចបំផ្លាញដូចនឹងគ្រាប់បែកអាតូមិកឬនុយក្លេអ៊ែរ ឬអាវុធដទៃទៀតដូចដែលបានរៀបរាប់ខាងលើ។
អាជ្ញាបណ្ណ
លិខិតអនុញ្ញាតដែលបានចេញឱ្យតាមការស្នើសុំ ដើម្បីប្រើស្តង់ដារឧស្សាហកម្ម ឬសញ្ញាសម្គាល់។
អភិបាលកិច្ចដោយផ្អែកលើទិន្នន័យ
អភិបាលកិច្ចដោយប្រើប្រាស់ទិន្នន័យដើម្បីនាំឱ្យមានការសម្រេចចិត្តជាគោលនយោបាយ ផ្លាស់ប្តូរវិធានការគោលនយោបាយ និងតាមដានការអនុវត្តគោលនយោបាយក្នុងន័យបង្កើនតម្លាភាព។
អភិបាល
សមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន។
អន្តរប្រតិបត្តិការ (ទៅវិញទៅមក)
សមត្ថភាពនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលអាចធ្វើសន្ធានកម្ម ជាមួយគ្នាក្នុងការផ្លាស់ប្តូរ និងការប្រើប្រាស់ទិន្នន័យ ដែលជាទូទៅកើតឡើងដោយស្វ័យប្រវត្តិក្រោមលក្ខខណ្ឌច្បាស់លាស់។
អនុបំណុល
សំដៅដល់មូលនិធិហិរញ្ញប្បទាន ឬហិរញ្ញប្បទានឥតសំណងរបស់ដៃគូអភិវឌ្ឍ ដែលកំពុងត្រូវបានប្រើប្រាស់ដោយនីតិបុគ្គលណាមួយ ក្នុងគោលបំណងបន្តសកម្មភាពអភិវឌ្ឍន៍វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុក្រោមកិច្ចព្រមព្រៀងអនុបំណុល។
អត្ថគាហកៈ
សំដៅដល់បុគ្គលដែលទទួលផលប្រយោជន៍ពីបរធនបាលកិច្ច។
អត្តសញ្ញាណឌីជីថល
ព័ត៌មានដែលបញ្ជាក់ពីអត្តសញ្ញាណរូបវន្តបុគ្គល និងនីតិបុគ្គលក្នុងពិភពឌីជីថលដែលព័ត៌មាននេះបានភ្ជាប់ទៅនឹងអត្តសញ្ញាណរូបវន្តបុគ្គល និងនីតិបុគ្គលនៅក្នុងពិភពពិត។
អំណោយ
សំដៅដល់ការផ្ទេរទ្រព្យសម្បត្តិដោយស្ម័គ្រចិត្តពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតដោយគ្មានតម្លៃតបស្នងឬកាតព្វកិច្ចត្រឡប់។
អង្គភាព
សំដៅដល់នីតិបុគ្គល អង្គភាពមិនមែនសាជីវកម្ម ក្រុម សមាគម អង្គការ គ្រឹះស្ថាននិងការចងក្រងនានា។
អក្ខរកម្មហិរញ្ញវត្ថុ
សមត្ថភាពក្នុងការយល់ និងការប្រើប្រាស់ជំនាញហិរញវត្ថុផ្សេងៗ រួមមានដូចជា ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងការវិនិយោគប្រកបដោយប្រសិទ្ធភាព។
អក្ខកម្មឌីជីថល
ជំនាញដែលជំរុញសមត្ថភាពឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ សម្រាប់ការសិក្សារៀនសូត្រ កម្សាន្ត ការងារ និងការប្រាស្រ័យទាក់ទង។
ហិរញ្ញាប្បទានឥតសំណងរបស់ដៃគូអភិវឌ្ឍ
សំដៅដល់មូលនិធិជំនួយឥតសំណងដំបូងដែលត្រូវបានផ្ដល់ដោយដៃគូអភិវឌ្ឍឱ្យទៅបុគ្គលណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់គោលបំណងនៃបរធនបាលកិច្ច។
ហិរញ្ញប្បទានភេរវកម្ម
សំដៅដល់ការផ្តល់ឬការប្រមូលដោយចេតនានូវទ្រព្យសម្បត្តិ មូលនិធិឬសេវាផ្សេងៗក្នុងបំណងប្រើប្រាស់ ឬដោយដឹងថាទ្រព្យសម្បត្តិ មូលនិធិ ឬសេវានេះនឹងត្រូវបានឬអាចប្រើប្រាស់ទាំងមូល ឬមួយផ្នែកសម្រាប់គាំទ្ររាល់សកម្មភាព ជាអាទិ៍ ការធ្វើដំណើរការបណ្តុះបណ្តាល ការរៀបចំ ការចូលរួម ឬការប្រព្រឹត្តអំពើភេរវកម្ម របស់ភេរវករឬអង្គការចាត់តាំងរបស់ភេរវកម្ម។
ហិតូបត្ថម្ភកៈ
ជនដែលច្បាប់ចាត់ឱ្យឃុំគ្រងទ្រព្យរបស់អនីតិជន ឬទ្រព្យរបស់ជនល្ងីល្ងើជាដើម។
ហានិភ័យក្នុងការគ្រប់គ្រង
គឺជាហានិភ័យដែលពាក់ព័ន្ធនិងការគ្រប់គ្រងដែលអសមត្ថភាព ឬប្រកបដោយចេតនាឧក្រិដ្ឋ។ ឧទាហរណ៍៖ បញ្ហាណាមួយដែលកើតឡើងដោយចេតនា ដោយអ្នកគ្រប់គ្រង។
ហត្ថលេខាឌីជីថល
ហត្ថលេខាដែលត្រូវបានបង្កើតឡើងតាមមធ្យោបាយអេឡិចត្រូនិកសម្រាប់ប្រើប្រាស់កំណត់អត្តសញ្ញាណរបស់ហត្ថលេខីដែលរួមមាន ហត្ថលេខាអេឡិកត្រូនិក ហត្ថលេខាជីវមាត្រ និងហត្ថលេខាផ្សេងៗ។
ស្តង់ដារវាយតម្លៃ (Valuation Standard)
សំដៅដល់ស្តង់ដារវាយតម្លៃដែលដាក់ឱ្យប្រើប្រាស់នៅព្រះរាជាណាចក្រកម្ពុជា និងទទួលបានការទទួលស្គាល់ឱ្យប្រើប្រាស់ក្នុងការវាយតម្លៃ សម្រាប់ក្រុមហ៊ុនវាយតម្លៃ និងអ្នកជំនាញវាយតម្លៃ។
សេវាហិរញ្ញវត្ថុឌីជីថល
បណ្តាសេវាកម្មហិរញ្ញវត្ថុដែលអាចទទួលបាន និងផ្តល់ឱ្យតាមរយៈបច្ចេកវិទ្យាឌីជីថល ដែលរួមមានការទូទាត់ ឥណទាន ការសន្សំ ការផ្ទេរប្រាក់ និងធានារ៉ាប់រងជាដើម។
សេវារក្សាសុវត្ថិភាព ឬរក្សាទុក
សំដៅដល់ប្រតិបត្តិការដែលក្នុងនោះ ម្ចាស់ទ្រព្យបានប្រគល់ទ្រព្យរបស់ខ្លួនឱ្យទៅធនាគារពាណិជ្ជ ដែលទទួលបានអាជ្ញាបណ្ណឬការអនុញ្ញាតពីនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ធ្វើជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬរក្សាទុក ដើម្បីរក្សាសុវត្ថិភាព ឬរក្សាទុក តាមរយៈការបង្កើតគណនី Escrow ក្នុងគោលបំណងដើម្បីធ្វើការទូទាត់ ឬប្រគល់ទ្រព្យនោះទៅឱ្យបុគ្គលណាមួយ ក្នុងប្រតិបត្តិការធុរកិច្ច ឬក្នុងប្រតិបត្តិការអចលនទ្រព្យ ឬក្នុងប្រតិបត្តិការវិនិយោគនានា នៅពេលកំណត់ជាក់លាក់ណាមួយ តាមលក្ខខណ្ឌដែលបានព្រមព្រៀង។
សេវារក្សាទុក
សំដៅដល់ការផ្ទេរទ្រព្យសម្បត្តិឬមូលនិធិដោយបុគ្គលណាមួយទៅឱ្យបរធនបាលដើម្បីរក្សាទុក ហើយប្រគល់ទៅឱ្យបុគ្គលផ្សេងទៀតឬប្រគល់ត្រឡប់ទៅឱ្យបុគ្គលនោះវិញ តាមលក្ខខណ្ឌដែលបានកំណត់នៅក្នុងលិខិតបរធនបាលកិច្ច។
សេវាកម្មក្លោដ
សេវាកម្មនៃការប្រើប្រាស់កម្មវិធីសុស្វវែរដែលប្រតិបត្តិលើបច្ចេកវិទ្យាក្លោដ។
សិទ្ធិលើបំណុល
សំដៅដល់សិទ្ធិទទួលបានការទូទាត់សងពីកូនបំណុល ឬការទូទាត់ពីទ្រព្យសកម្មរបស់កូនបំណុលដែលកើតមានឡើងមុនពេលបើកសំណុំរឿងក្ស័យធនដោយមិនគិតពីសិទ្ធិលើបំណុលនោះមានលក្ខខណ្ឌមិនទាន់ទូទាត់បាន ឬមានភាពបន្ទាន់ឡើយ លើកលែងតែច្បាប់ចែងច្បាស់ថាជាសិទ្ធិលើបំណុលខាងរដ្ឋបាល។
សិទ្ធិប្រត្យក្ស
សំដៅទៅលើសិទ្ធិគ្រប់គ្រងលើវត្ថុដោយចំពោះ ដែលអាចអះអាងចំពោះបុគ្គលដទៃទៀតបាន។
សវនកម្ម
សំដៅដល់ការត្រួតពិនិត្យ និងវាយតម្លៃដោយឯករាជ្យ និងជាប្រព័ន្ធលើទិន្នន័យរបាយការណ៍ កំណត់ត្រា កិច្ចប្រតិបត្តិការ និងលទ្ធផលជាហិរញ្ញវត្ថុ ឬមិនមែនហិរញ្ញវត្ថុរបស់សហគ្រាសសម្រាប់គោលបំណងជាក់លាក់ណាមួយ។
សន្ទនីយភាព
កម្រិតដែលទ្រព្យសកម្ម ឬសញ្ញាបណ្ណ អាចត្រូវបានទិញ ឬលក់នៅក្នុងទីផ្សារ ដោយពុំមានការប៉ះពាល់ដល់តម្លៃទ្រព្យសកម្មនោះ។ សន្ទនីយភាពឆ្លុះបញ្ចាំងពីសមត្ថភាពក្នុងការបម្លែងទ្រព្យសកម្មមួយឱ្យទៅជាសាច់ប្រាក់។
សន្តិសុខសាយប័រ
ការអនុវត្តនៃការទប់ស្កាត់ ការឆ្លើយតប និងការការពារប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរួមទាំងហេដ្ឋារចនាសម្ព័ន្ធ, បណ្តាញ, ប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីពីការជ្រៀតចូល និងការវាយប្រហារគ្រប់រូបភាព ជាពិសេសតាមប្រព័ន្ធអ៊ីនធឺណិត។
សន្តតិជន
សំដៅដល់ជនដែលទទួលបន្តសិទ្ធិ និងករណីកិច្ចរបស់មតកជនតាមរយៈសន្តតិកម្ម។
សន្តតិកម្ម
សំដៅដល់ការផ្ទេរសិទ្ធិ និងករណីកិច្ចរបស់មតកជនម្នាក់ ឬច្រើននាក់តាមឆន្ទៈ ឬតាមច្បាប់។
សំណើទិញធិនឌ័រ (Tender Offer)
សំដៅដល់សំណើសុំទិញដែលបើកចំហជាសាធារណៈដើម្បីទិញមូលបត្រកម្មសិទ្ធ ឬភាគហ៊ុនរបស់នីតិបុគ្គលណាមួយចាប់ពី ៥ (ប្រាំ) ភាគរយឡើងទៅនៃភាគហ៊ុន ឬមូលបត្រកម្មសិទ្ធឬសំណើសុំទិញដែលមានគោលដៅត្រួតត្រាលើនីតិបុគ្គលណាមួយ។
សំណុំរឿងអធិការកិច្ច
សំដៅដល់ករណីដែលកំពុងស្ថិតនៅក្រោមការធ្វើអធិការកិច្ច របស់មន្រ្តីអធិការកិច្ចបរធនបាលកិច្ច ទាំងក្នុងការជំរុញការអនុវត្តច្បាប់ និងទាំងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យបរធនបាលកិច្ច។
វគ្គបណ្តុះបណ្តាល និងការប្រឡងសម្រាប់បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិ
សំដៅដល់វគ្គបណ្តុះបណ្តាល និងការប្រឡងដែលរៀបចំឡើងដោយនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) សម្រាប់រាល់រូបវន្តបុគ្គលដែលបម្រើការងារនៅក្នុងក្រុមហ៊ុនបរធនបាល និងផ្តល់សេវាកម្មនៅក្នុងវិស័យបរធនបាលកិច្ច ដូចជាបុគ្គលិកជាន់ខ្ពស់ បុគ្គលិកផ្នែកបច្ចេកទេស និងបុគ្គលិកសំខាន់ៗដទៃទៀត របស់ក្រុមហ៊ុនទាំងនោះ ដែលវគ្គបណ្តុះបណ្តាលនេះ ផ្តោតជាសំខាន់ទៅលើក្របខណ្ឌបទប្បញ្ញត្តិ និងផ្នែកបច្ចេកទេសក្នុងវិស័យបរធនបាលកិច្ច។ បន្ទាប់ពីការចូលរួមវគ្គបណ្តុះបណ្តាល និងបំពេញតាមលក្ខខណ្ឌតម្រូវនៃវគ្គបណ្តុះបណ្តាល រូបវន្តបុគ្គលត្រូវចូលរួមការប្រឡងដែលរៀបចំឡើងដោយ ន.ប.ធ.។
លិខិតយុត្តិការ
ឯកសារជាលាយលក្ខណ៍អក្សរច្បាប់ដើម ភ្ជាប់ជាមួយសំណើសុំធានាចំណាយ ឬអាណត្តិបើកប្រាក់ សម្រាប់ជាកម្មវត្ថុ នៃការពិនិត្យនិងសម្រេចផ្តល់ចំណាយ។
លិខិតបរធនបាលកិច្ចហិរញ្ញវត្ថុ្ច
សំដៅដល់លិខិតគតិយុត្ត ដែលកំណត់អំពីការបង្កើត ការគ្រប់គ្រង ការត្រួតពិនិត្យ និងការបញ្ចប់បរធនបាលកិច្ច។
លិខិតបរធនបាលកិច្ច
សំដៅដល់៖ ក- លិខិតគតិយុត្តដែលកំណត់ជាអាទិ៍អំពីការបង្កើត ការគ្រប់គ្រង ការចាត់ចែង និងការបញ្ចប់បរធនបាលកិច្ច ដែលត្រូវបានធ្វើឡើងរវាងបរធនបាលទាយកឬអ្នកផ្ដល់វិភាគទានបរធនបាលកិច្ច និងបរធនបាល ដោយមានការបញ្ជាក់ពីសារការី ឬមេធាវី ឬឃុំសង្កាត់ ឬដោយបុគ្គលផ្សេងទៀតដែលមានចែងក្នុងបទប្បញ្ញត្តិជាធរមាន។ ខ- មតកសាសន៍ដែលធ្វើឡើងស្របតាមបទប្បញ្ញត្តិស្ដីពីសន្ដតិកម្មនៃក្រមរដ្ឋប្បវេណី។
រេខូបនីយកម្ម
ដំណើរការនៃការបំប្លែងទិន្នន័យ និងព័ត៌មានពីទម្រង់អាណាឡូក ទៅជាទម្រង់ឌីជីថល។
រូបវន្ដបុគ្គល
បុគ្គលដែលមានរូបមែនៗ គឺមនុស្សមែនៗ ផ្ទុយនឹងនីតិបុគ្គលដែលជាមនុស្សដោយសន្មតតាមរបៀបច្បាប់។
របាយការណ៍ហិរញ្ញវត្ថុ
របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម ដោយសវនករឯករាជ្យ ដោយអនុលោមតាមច្បាប់ស្ដីពីគណនេយ្យសហគ្រាស សវនកម្ម គណនេយ្យសហគ្រាស និងវិជ្ជាជីវៈគណនេយ្យ ដែលក្នុងនោះរួមមាន របាយការណ៍របស់អភិបាល របាយការណ៍របស់សវនករឯករាជ្យ និងរបាយការណ៍ហិរញ្ញវត្ថុដែលធ្វើសវនកម្មរួច។
របាយការណ៍សវនករ
ជាព័ត៌មានដែលផ្តល់ដោយសវនករជាលាយលក្ខណ៍អក្សរ អំពីការត្រួតពិនិត្យរបស់ខ្លួនទៅលើរបាយការណ៍គណនីប្រចាំឆ្នាំរបស់ក្រុមហ៊ុន។
របាយការណ៍គណនីប្រចាំឆ្នាំ
ជារបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលរៀបចំឡើងដោយផ្អែកតាមច្បាប់ពាណិជ្ជកម្មឬគោលការណ៍គណនេយ្យដែលត្រូវបានទទួលស្គាល់ជាទូទៅ ពោលគឺមិនមែនរៀបចំឡើងជាពិសេសសម្រាប់ការត្រួតពិនិត្យរបស់អាជ្ញាធរត្រួតពិនិត្យឡើយ។ នៅបណ្តាប្រទេសមួយចំនួនរបាយការណ៍គណនីប្រចាំឆ្នាំឬរបាយការណ៍គណនីភាគទុនិកក៏អាចត្រូវបានប្រើប្រាស់សម្រាប់ដាក់ជូនអាជ្ញាធរត្រួតពិនិត្យផងដែរ។
រដ្ឋាភិបាលអេឡិចត្រូនិក
ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ជាពិសេសប្រព័ន្ធអ៊ីនធឺណិត ដោយរាជរដ្ឋាភិបាលដើម្បីសម្រេចបាននូវរាជរដ្ឋាភិបាលមួយដែលល្អប្រសើរ។
រដ្ឋាភិបាលឌីជីថល
ដំណើរការនៃការធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាល និងសេវាសាធារណៈ តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថលដូចជាកុំព្យូទ័រ ឧបករណ៍ឆ្លាត និងប្រព័ន្ធអ៊ីនធឺណិតសំដៅជួយសម្រួលដល់ការគ្រប់គ្រងកិច្ចការរដ្ឋបាលរបស់រដ្ឋ ការសម្រេចចិត្ត និងការផ្តល់សេវាជូនប្រជាពលរដ្ឋ វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធនានាប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាបន្នកម្ម។
ម្ចាស់បំណុល
សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសិទ្ធិទាមទារសំណងពីកូនបំណុល ឬពីទ្រព្យសម្បត្តិរបស់កូនបំណុល។
មូលនិធិហិរញ្ញប្បទានរបស់ដែគូអភិវឌ្ឍ
សំដៅដល់សមតុល្យហិរញ្ញប្បទានឥតសំណងសរុបចុងក្រោយ បន្ទាប់ពីត្រូវបានប្រើប្រាស់ស្របតាមគោលបំណងរបស់បរធនបាលកិច្ចហិរញ្ញវត្ថុ។ សមតុល្យនេះត្រូវគណនាតាមស្ដង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជា សម្រាប់គោលបំណងនៃការចុះបញ្ជី។
មូលដ្ឋានទិន្នន័យ
បណ្តុំទិន្នន័យដែលមានទំនាក់ទំនងគ្នាបង្កើតឡើងក្នុងគោលបំណងងាយស្រួលគ្រប់គ្រង និងស្វែងរក។
មន្រ្តីអធិការកិច្ចបរធនបាលកិច្ច
សំដៅដល់មន្រ្តីរបស់ ន.ប.ធ. ដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌ និងត្រូវបានចាត់តាំងដោយ ន.ប.ធ. ឱ្យធ្វើអធិការកិច្ចក្នុងវិស័យបរធនបាលកិច្ច អនុលោមតាមច្បាប់ស្តីពីបរធនបាលកិច្ច និងបទប្បញ្ញត្តិពាក់ព័ន្ធ។
មតកសាសន៍
សំដៅដល់លិខិតបណ្ដាំដែលបុគ្គលបានធ្វើឡើងតាមទម្រង់ដែលកំណត់ដោយច្បាប់ដើម្បីសម្ដែងឆន្ទៈចុងក្រោយអំពីការចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួនជាអាទិ៍ បន្ទាប់ពីមរណភាព។
មជ្ឈមណ្ឌលទិន្នន័យ
ហេដ្ឋានរចនាសម្ព័ន្ធសម្រាប់ផ្តល់សេវាកម្មផ្ទុកទិន្នន័យ និងធនធានគណនាសម្រាប់ប្រតិបត្តិការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
ភាពគ្រប់គ្រាន់នៃដើមទុន
ភាពគ្រប់គ្រាន់នៃធនធានមូលធនទាក់ទិននឹងលក្ខខណ្ឌតម្រូវដើមទុនតាមបទប្បញ្ញត្តិ។
ភាគហ៊ុន
ចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុន ឬផលប្រយោជន៍ ឬការលក់អាជីវកម្មរបស់ក្រុមហ៊ុននីតិបុគ្គល ក្រុមហ៊ុនសហកម្មសិទ្ធិ សហគ្រាសឯកបុគ្គល ដែលបានចុះបញ្ជី ឬមិនបានចុះបញ្ជី នៅក្រសួងស្ថាប័័នមានសមត្ថកិច្ច។
ពិភពពិត (ពិភពរូបវន្ត)
ពិភពពិតដែលមនុស្សគ្រប់គ្នាប្រាស្រ័យទាក់ទងគ្នា និងទទួលបទពិសោធតាមរយៈឥន្ទ្រីយារម្មណ៍។
ពិភពឌីជីថល
ពិភពនិម្មិតមួយដែលបង្កើតដោយថ្នាលឌីជីថលមានគោលបំណងជាក់លាក់ក្នុងការផ្តល់អន្តរសកម្មរវាងតួអង្គពាក់ព័ន្ធនានាដោយប្រើប្រាស់អត្តសញ្ញាណឌីជីថល។
ពិន័យអន្តរការណ៍
ការតម្រូវជនប្រព្រឹត្តល្មើសទៅនឹងបញ្ញត្តិដែលមានចែងក្នុងអនុក្រឹត្យ បង់ប្រាក់ពិន័យ តាមកម្រិតទណ្ឌកម្មដែលបានប្រព្រឹត្តល្មើស។
ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
សកម្មភាពទិញ លក់ ជួល ផ្លាស់ប្តូរទំនិញ ឬសេវាដោយរាប់បញ្ចូលទាំងសកម្មភាពពាណិជ្ជកម្ម និង រដ្ឋប្បវេណីជាព្រមទាំង សកម្មភាព និង ប្រតិបត្តិការនានារបស់រដ្ឋ តាមប្រព័ន្ធអេឡិចត្រូនិក ។
ព័ត៌មានសម្ងាត់
សំដៅដល់ព័ត៌មានដែលមន្ត្រីអធិការកិច្ចបរធនបាលកិច្ច ទទួលបានពីមន្រ្តីនៃនាយកដ្ឋានចំណុះឱ្យ ន.ប.ធ., បុគ្គលរាយការណ៍, កម្លាំងជំនាញ, ភ្នាក់ងារ, ស្ថាប័ន, អង្គការជាតិ ឬអង្គការអន្តរជាតិ ក្នុងនាមជាដៃគូសហការក្នុងការផ្លាស់ប្តូរព័ត៌មានគ្នា ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើស។
ព័ត៌មានចំហ
សំដៅដល់ក្រុមតម្រុយដែលទទួលបានពីការផ្សព្វផ្សាយព័ត៌មានគ្រប់មធ្យោបាយ ដែលអាចជាព័ត៌មានក្នុងស្រុក ឬជាព័ត៌មានពីបរទេស។
ផលនៃបទល្មើស
សំដៅដល់ទ្រព្យសម្បត្តិណាដែលបាន ឬទទួលដោយផ្ទាល់ ឬដោយប្រយោលតាមរយៈការប្រព្រឹត្តបទល្មើសឧក្រិដ្ឋឬបទល្មើសមជ្ឍិម។
ផតថល
គេហទំព័រមួយប្រភេទដែលប្រមូលផ្តុំ និងសំយោគព័ត៌មានពីរ ឬច្រើនប្រភពដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងជាក់លាក់មួយ និងផ្តល់លទ្ធភាពតភ្ជាប់ទៅកាន់គេហទំព័រផ្តល់សេវានានា។
ប្រព័ន្ធអេកូឡូស៊ី
ប្រព័ន្ធទំនាក់ទំនងដែលមានភាពប្រកួតប្រជែងគ្នា នៃសមាសភាពពាក់ព័ន្ធរួមមាន មនុស្ស ស្ថាប័ន កម្មវិធី នីតិវិធីអន្តរាគមន៍ទីផ្សារប្រព័ន្ធផ្សព្វផ្សាយ ។ល។ បង្កើតបានជាប្រព័ន្ធមួយអាចគ្រប់គ្រង និងអភិវឌ្ឍខ្លួនឯងបានប្រកបដោយចីរភាព។
ប្រព័ន្ធអ៊ីនធឺណិតនៃវត្ថុ
ការបំពាក់ឧបករណ៍អ៊ីនធឺណិតទៅនឹងសត្វ មនុស្ស ផ្ទះ អគារ យានយន្ត និង វត្ថុផ្សេងៗទៀតដើម្បីប្រតិបត្តិការជាមួយនឹងមជ្ឈមណ្ឌលអ៊ីនធឺណិតនៅគ្រប់ទីកន្លែង គ្រប់ពេលវេលាសម្រាប់បញ្ជូន-ទទួលព័ត៌មាន។
ប្រទានកម្ម
សំដៅដល់កិច្ចសន្យាដែលភាគីម្ខាងបង្ហាញឆន្ទៈផ្ដល់ឱ្យភាគីម្ខាងទៀតនូវទ្រព្យសម្បត្តិដោយមិនយកថ្លៃ ហើយភាគីម្ខាងទៀតយល់ព្រមទទួល។
ប្រតិបត្តិការបរធនបាលកិច្ច
សំដៅដល់ការធ្វើប្រតិបត្តិការបរធនបាលកិច្ច ដោយបរធនបាលឬអ្នកចូលរួមដ៏ទៃទៀត ទៅតាមប្រភេទបរធនបាលកិច្ចរួមមាន បរធនបាលកិច្ចសាធារណៈ, បរធនបាលកិច្ចហិរញ្ញវត្ថុ, បរធនបាលកិច្ចពាណិជ្ជកម្ម, បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។ បរធនបាល ឬអ្នកចូលរួមដ៏ទៃទៀត ដែលអាចធ្វើប្រតិបត្តិការបរធនបាលកិច្ចទាំងនេះបាន ត្រូវទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត/ការចុះបញ្ជីពី ន.ប.ធ.។
បុននីតិសម្បទា
សំដៅដល់យន្តការដែលអនុញ្ញាតឱ្យក្រុមហ៊ុន ដែលមានបញ្ហាហិរញ្ញវត្ថុ អាចត្រូវបានសង្រ្គោះមិនឱ្យអសោធនីយ និងបន្តដំណើរការប្រក្រតីឡើងវិញ។
បុគ្គលស្ថិតក្រោមការធ្វើអធិការកិច្ច
សំដៅដល់បុគ្គលដែលស្ថិតក្រោមការត្រួតពិនិត្យប្រតិបត្តិការបរធនបាលកិច្ច រួមមាន បុគ្គលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត/ការចុះបញ្ជី/ការទទួលស្គាល់ពី ន.ប.ធ. និងបុគ្គលផ្សេងទៀតដែលសង្ស័យប្រព្រឹត្តល្មើស ឬពាក់ព័ន្ធការប្រព្រឹត្តល្មើសនឹងច្បាប់ និង/ឬបទប្បញ្ញត្តិក្នុងវិស័យបរធនបាលកិច្ច។
បុគ្គលសាធារណៈ (Public Person)
សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលទទួលបាននីតិសម្បទារជាបុគ្គលសាធារណៈ ឬរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
បុគ្គលរងទណ្ឌកម្ម
បុគ្គលរងទណ្ឌកម្ម សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិជាធរមានក្នុងវិស័យបរធនបាលកិច្ច ហើយត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល និង/ឬពិន័យអន្តរការណ៍ ពីមន្ត្រីអធិការកិច្ចបរធនបាលកិច្ច។
បុគ្គលប្រព្រឹត្តល្មើស
បុគ្គលប្រព្រឹត្តល្មើស សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលបានប្រព្រឹត្តល្មើសនឹងលក្ខខណ្ឌអាជ្ញាបណ្ណ/ការអនុញ្ញាត/ការចុះបញ្ជី/ការទទួលស្គាល់ ហើយអាចទទួលរងនូវការដាក់ទណ្ឌកម្មរដ្ឋបាល និង/ឬការពិន័យអន្តរការណ៍ពីមន្ត្រីអធិការកិច្ចបរធនបាលកិច្ច។
បុគ្គលទទួលស្គាល់គុណវុឌ្ឍិ (Approved Persons)
សំដៅដល់អភិបាល នាយកប្រិបត្តិបត្តិ ប្រធានប្រតិបត្តិការ បុគ្គលិកជំនាញកផ្នែកច្បាប់ និងគណនេយ្យករជំនាញបរធន ដែលទទួលបានការទទួលស្គាល់គុណវុឌ្ឍិពីអគ្គនាយនៃ ន.ប.ធ. ។
បុគ្គល
សំដៅដល់រូបវន្ដបុគ្គលឬនីតិបុគ្គលណាមួយដែលត្រូវបានបង្កើតឡើងដោយស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ទោះជាបុគ្គលនោះស្វែងរកប្រាក់ចំណេញឬមិនស្វែងរកប្រាក់ចំណេញ។
បរិស្ថានសាកល្បង បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យបរធនបាលកិច្ច
បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច មានគោលដៅជួយជំរុញឱ្យមានការផ្តួចផ្តើម ក្នុងការបង្កើតឱ្យមាននវានុវត្តន៍បច្ចេកវិទ្យានៅក្នុងវិស័យបរធនបាលកិច្ចកាន់តែសម្បូរបែប ដែលអាចធ្វើការសាកល្បងក្នុងលំហ (Space) និងក្នុងរយៈពេលកំណត់មួយជាក់លាក់ ដើម្បី៖ ក- បង្កើនប្រសិទ្ធភាព និងជំរុញការអភិវឌ្ឍទីផ្សារបរធនបាលកិច្ច ខ- គ្រប់គ្រងហានិភ័យនៅក្នុងប្រតិបត្តិការបរធនបាលកិច្ចឱ្យកាន់តែល្អប្រសើរឡើង គ- ផ្តល់អត្ថប្រយោជន៍ដល់ដំណើរការធុរកិច្ចនៅក្នុងវិស័យបរធនបាលកិច្ច ឃ- ជំរុញប្រតិបត្តិការបរធនបាលកិច្ចឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងបរិយាប័ន្នហិរញ្ញវត្ថ។
បរិយាបន្នហិរញ្ញវត្ថុ
លទ្ធភាពដែលប្រជាពលរដ្ឋគ្រប់រូបទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាព។
បរិយាបន្នកម្មឌីជីថល
ដំណាក់កាលមួយដែលមនុស្សគ្រប់រូបមានកាលានុវត្តភាពស្មើគ្នា ដើម្បីចូលរួមក្នុងកិច្ចការសេដ្ឋកិច្ច និងសង្គមដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
បរធនបាលរូបវន្តបុគ្គលឯករាជ្យ
សំដៅដល់រូបវន្តបុគ្គល ដែលទទួលបានអាជ្ញាបណ្ណ និង/ឬការអនុញ្ញាតពី ន.ប.ធ. ឱ្យធ្វើប្រតិបត្តិការបរធនបាលកិច្ចមួយ ឬច្រើន ហើយបរធនបាលរូបវន្តបុគ្គលឯករាជ្យនេះ មិនស្ថិតនៅក្រោមលក្ខខណ្ឌអាជ្ញាបណ្ណ និង/ឬការអនុញ្ញាតរបស់ក្រុមហ៊ុនបរធនបាលណាមួយឡើយ។
បរធនបាលរូបវន្តបុគ្គលនៃក្រុមហ៊ុនបរធនបាល
សំដៅដល់រូបវន្តបុគ្គល ដែលទទួលបានអាជ្ញាបណ្ណ និង/ឬការអនុញ្ញាតពី ន.ប.ធ. ឱ្យធ្វើជារូបវន្តបុគ្គលក្រោមលក្ខខណ្ឌអាជ្ញាបណ្ណ និង/ឬការអនុញ្ញាតរបស់ក្រុមហ៊ុនបរធនបាល។
បរធនបាលរូបវន្តបុគ្គល
សំដៅដល់រូបវន្តបុគ្គល ដែលទទួលបានអាជ្ញាបណ្ណ និង/ឬការអនុញ្ញាតពី ន.ប.ធ. ឱ្យធ្វើជារូបវន្តបុគ្គលនៃក្រុមហ៊ុនបរធនបាល ឬបរធនបាលរូបវន្តបុគ្គលឯករាជ្យ។
បរធនបាលទាយក
សំដៅដល់បុគ្គលដែលបង្កើតនិងកំណត់លក្ខខណ្ឌនៃបរធនបាលកិច្ច និងផ្ដល់ទ្រព្យសម្បត្តិឬមូលនិធិដំបូងទៅក្នុងបរធនបាលកិច្ច។
បរធនបាលកិច្ចសាធារណៈ
ត្រូវបានបង្កើតឡើងក្នុងគោលបំណងជាប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរទូទៅ។
បរធនបាលកិច្ចសង្គម
ត្រូវបានបង្កើតឡើងនៅពេលដែលបរធនបាលទាយកធ្វើប្រទានកម្មទ្រព្យសម្បត្តិរបស់ខ្លួនឱ្យទៅបរធនបាល ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅក្នុងសង្គម ដូចជាក្នុងគោលបំណងវប្បធម៌ អប់រំ មនុស្សជាតិ សាសនា ឬវិទ្យាសាស្រ្ត។
បរធនបាលកិច្ចពាណិជ្ជកម្ម
ត្រូវបានបង្កើតឡើងក្នុងគោលបំណងស្វែងរកប្រាក់ចំណេញ សម្រាប់ជាប្រយោជន៍ដល់អ្នកផ្តល់វិភាគទានបរធនបាលកិច្ចឬបុគ្គលណាមួយជាក់លាក់ដែលកំណត់ដោយអ្នកផ្តល់វិភាគទានបរធនបាលកិច្ច។
បរធនបាលកិច្ចបុគ្គល
ត្រូវបានបង្កើតឡើងសម្រាប់ជាប្រយោជន៍របស់បរធនបាលនាយកឬបុគ្គលដែលកំណត់ជាក់លាក់ដោយបរធនបាលទាយក។
បរធនបាលកិច្ចទីផ្សាររូបិយវត្ថុ
ជាបរធនបាលកិច្ចមួយប្រភេទនៃបរធនបាលកិច្ចពាណិជ្ជកម្ម ដែលត្រូវបានបង្កើតឡើងដោយបរធនបាលទាយក (ជាម្ចាស់ទ្រព្យ) ដោយផ្ទេរទ្រព្យសម្បត្តិរបស់ខ្លួន ទៅឱ្យបរធនបាល ជាអ្នកគ្រប់គ្រង ចាត់ចែង និងវិនិយោគជំនួសទៅលើឧបករណ៍បំណុលរយៈពេលខ្លី និងដែលមានគុណភាពឬឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត ដែលមានសន្ទនីយភាពខ្ពស់។
បរធនបាលកិច្ចគ្រួសារ
ជាបរធនបាលកិច្ចមួយប្រភេទដែលត្រូវបាន បង្កើតឡើងដោយបរធនបាលទាយកដែលជាធម្មតាជាមេគ្រួសារ ឬជាស្ថាបនិកអាជីវកម្មគ្រួសារ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់សមាជិកគ្រួសារដទៃទៀត ដែលអាចទទួលផលប្រយោជន៍ពីអាជីវកម្មគ្រួសារ ឬទទួលផលប្រយោជន៍ពីការបែងចែកទ្រព្យសម្បត្តិគ្រួសារ ប៉ុន្តែមិនមានលទ្ធភាពមកចាត់ចែងឬចូលរួមចាត់ចែងអាជីវកម្មគ្រួសារដោយផ្ទាល់ខ្លួនឬដោយសារមានលក្ខខ័ណ្ឌកម្រិតផ្ទាល់ខ្លួនមួយចំនួន។ បរធនបាលកិច្ចប្រភេទនេះ អាចជួយធានា និងថែរក្សា ផលប្រយោជន៍ពីអាជីវកម្មគ្រួសារ ឬពីទ្រព្យសម្បត្តិដែលគ្រួសារ បានកសាងឡើង ឬរក្សាទុក សម្រាប់ជាប្រយោជន៍ដល់សមាជិកគ្រួសារដទៃទៀត ប្រកបដោយនិរន្តរភាព និងភាពត្រឹមត្រូវច្បាស់លាស់ នៅពេលដែលអវត្តមាននៃមេគ្រួសារនោះ។
បរធនបាលកិច្ច
សំដៅដល់កិច្ចការគ្រប់គ្រងនិងចាត់ចែងបរធនដែលផ្ដល់ដោយបរធនបាលទាយកសម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ចឬបទប្បញ្ញត្តិជាធរមាន។
បរធនបាល
សំដៅដល់បុគ្គលណាដែលទទួលសិទ្ធិគ្រប់គ្រងនិងចាត់ចែងបរធនពីបរធនបាលទាយកសម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ចឬបទប្បញ្ញត្តិជាធរមាន។
បរធន
សំដៅដល់ទ្រព្យសម្បត្តិឬមូលនិធិដែលបានផ្ទេរទៅឱ្យបរធនបាលគ្រប់គ្រងនិងចាត់ចែងសម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ តាមលក្ខខណ្ឌដែលកំណត់ដោយលិខិតបរធនបាលកិច្ចឬបទប្បញ្ញត្តិជាធរមាន។
បទប្បញ្ញតិ្តប្រុងប្រយ័ត្ន
បទប្បញ្ញត្តិដែលផ្តោតលើការរក្សាសុវត្ថិភាព និងស្ថិរភាពហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច។
បញ្ញាសិប្បនិម្មិត
បច្ចេកវិទ្យាដែលអនុញ្ញាតឱ្យម៉ាស៊ីនកុំព្យូទ័រមានសមត្ថភាពរៀន គិត វិភាគ និងយល់ដឹងពីបញ្ហាជាក់លាក់ណាមួយ ដោយយកលំនាំតាមសមត្ថភាពរបស់ខួរក្បាលមនុស្ស។
បច្ចេកវិទ្យាហិរញ្ញវត្ថុ
បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យហិរញ្ញវត្ថុ ទាំងវិស័យធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារបង្កើតឡើងដើម្បីឱ្យមានការប្រើប្រាស់ ផ្តល់ និងទទួលសេវាហិរញ្ញវត្ថុបានទូលំទូលាយ ប្រកបដោយបរិយាបន្នកម្ម។
បច្ចេកវិទ្យាប្លុកឆេន
បច្ចេកវិទ្យានៃហេដ្ឋានរចនាសម្ព័ន្ធផ្ទុកទិន្នន័យ ជាខ្សែច្រវាក់ដែលមិនត្រូវការការកែប្រែ ហើយទិន្នន័យទាំងនោះនឹងត្រូវចម្លងដើម្បីផ្ទុកនៅតាមបណ្តាសេវូបករណ៍ ដែលចូលរួមក្នុងហេដ្ឋារចនាសម្ព័ន្ធផ្ទុកទិន្នន័យនេះក្នុងទម្រង់បែបវិមជ្ឈការ។
បច្ចេកវិទ្យានិយ័តកម្ម
បច្ចេកវិទ្យាហិរញ្ញវត្ថុដែលជួយសម្រួល, ពង្រឹង និងធ្វើសុវុឌ្ឍិកម្មអនុលោមភាព ឬលក្ខខណ្ឌតម្រូវនិយ័តកម្ម ក្នុងឧស្សាហកម្មហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពជាងសមត្ថភាពដែលមានស្រាប់។
បច្ចេកវិទ្យាត្រួតពិនិត្យ
បច្ចេកវិទ្យាហិរញ្ញវត្ថុដែលគាំទ្រ និងជួយសម្រួលដល់និយ័តករ និងអង្គភាពត្រួតពិនិត្យ ក្នុងការធ្វើឌីជីតូបនីយកម្មដំណើរការនៃការរាយការណ៍ និងនិយ័តកម្មសំដៅពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការគ្រប់គ្រង និងការត្រួតពិនិត្យហានិភ័យ និងអនុលោមភាពរបស់គ្រឹះស្ថានហិរញ្ញវត្ថុ។
បច្ចេកវិទ្យាឌីជីថល
បច្ចេកវិទ្យាដែលប្រើបា្រស់ឧបករណ៍អេឡិចត្រូនិក ឧបករណ៍ឆ្លាតប្រព័ន្ធទូរគមនាគមន៍ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងធនធាន គណនា សម្រាប់បង្កើត ផ្ទុក បំប្លែង និងវិភាគទិន្នន័យ។
Building 168F (8th Floor), Street 598, Chrang Chamres 1, Russey Keo, Phnom Penh.
info@trustregulator.gov.kh
(+855)23-237-888
© All rights reserved 2023 Trustregulator (TR)