បច្ចេកវិទ្យាក្លោដ
បច្ចេកវិទ្យានៃហេដ្ឋារចនាសម្ព័ន្ធសម្រាប់ផ្តល់សេវាផ្ទុកទិន្នន័យ និងធនធានគណនា សម្រាប់ប្រតិបត្តិការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត។
នីតិបុគ្គល
សហគ្រាស ឬអង្គការនានា ដែលប្រកបអាជីវកម្មទោះបីជាបាន ឬមិនទាន់បានទទួលស្គាល់ជាផ្លូវការពីស្ថាប័នមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលក្ដី។ ពាក្យ “នីតិបុគ្គល” រួមបញ្ចូលផងដែរនូវក្រុមហ៊ុនមូលធន ស្ថាប័នរដ្ឋាភិបាល អង្គការសាសនា អង្គការសប្បុរសធម៌ អង្គការមិនស្វែងរកចំណេញ ឬគ្រឹះស្ថានអចិន្ត្រៃយ៍របស់បុគ្គលអនិវាសនជនដែលតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពាក្យ “នីតិបុគ្គល” ពុំរាប់បញ្ចូលទេនូវក្រុមហ៊ុនសហកម្មសិទ្ធិ ឬសហគ្រាសឯកបុគ្គល។
នាយកប្រតិបត្តិ
សំដៅលើបុគ្គលមួយរូប ឬបុគ្គលមួយក្រុមដែលទទួលការតែងតាំងពីក្រុមប្រឹក្សាភិបាល ក្នុងការទទួលខុសត្រូវគ្រប់គ្រងអាជីវកម្ម និងអង្គភាពនោះ។
ធុរកិច្ចឌីជីថល
ធុរកិច្ចដែលមានអាជីវកម្មចម្បងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ឬផ្តល់សេវាឌីជីថលឬបង្កើតផលិតផលជាបច្ចេកវិទ្យាឌីជីថល។
ធុរកិច្ច
សំដៅដល់សកម្មភាពដែល៖ ១. ទំនិញឬសេវាត្រូវបានទទួល ឬផ្គត់ផ្គង់ ឬដែលសិទ្ធប្រត្យក្សលើអចលនទ្រព្យត្រូវទទួលឬចាត់ចែងឬ ២. បានធ្វើឡើងតាមវិធីដែលមានការរៀបចំនិងមានភាពច្បាស់លាស់ ឬ ៣. បុគ្គលធ្វើសកម្មភាពនោះមានគោលបំណងរកប្រាក់ចំណេញទោះបីជាសកម្មភាពដែលបានធ្វើនោះជាសកម្មភាពចម្បង ឬបន្ទាប់បន្សំ ឬ មិនធ្វើជាប្រចាំក៏ដោយ។
ធនាគារ
អង្គភាពណាមួយ ដែលអនុវត្តជាប្រក្រតីនូវប្រតិបត្តិការណាមួយក្នុងចំណោមប្រតិបត្តិការ ដូចខាងក្រោម៖ក-ផ្ដល់ឥណទានគ្រប់ប្រភេទចំពោះសាធារណជនដោយមានកម្រៃ រាប់បញ្ចូលទាំងឥណទានភតិសន្យាខ-ទទួលប្រាក់បញ្ញើមិនមានមុខសញ្ញាប្រើពីសាធារណជនគ-ប្រព្រឹត្តកម្មនិងការដាក់ឱ្យអតិថិជនប្រើប្រាស់នូវមធ្យោបាយទូទាត់ជារូបិយវត្ថុ ឬជារូបិយប័ណ្ណ។
ទ្រព្យសម្បត្តិបរធនបាលកិច្ច
សំដៅដល់ទ្រព្យសម្បត្តិឬមូលនិធិដែលបានផ្ទេរទៅក្នុងបរធនបាលកិច្ចនិងផលដែលបានពីទ្រព្យសម្បត្តិឬមូលនិធិនោះ។
ទ្រព្យសម្បត្តិ
សំដៅដល់ចលនវត្ថុនិងអចលនវត្ថុដែលបានកំណត់ក្នុងមាត្រា១២០នៃក្រមរដ្ឋប្បវេណី។
ទ្រព្យសកម្ម
ប្រាក់និងអ្វីៗផ្សេងទៀតដែលជាកម្មសិទ្ធិរបស់រូបវន្តបុគ្គលឬនីតិបុគ្គល ហើយដែលអាចទូទាត់បំណុល ប្រើប្រាស់ ទទួលអត្ថប្រយោជន៍ និងបង្កើនប្រាក់ចំណូលបាន។
ទ្រព្យបញ្ចាំ
ជាទ្រព្យដែលត្រូវបានរក្សាទុកសម្រាប់ធានាកាតព្វកិច្ចបំណុល ឬបំពេញកាតព្វកិច្ចផ្សេងទៀតតាមកិច្ចសន្យាណាមួយ។
ទ្រព្យ
តម្លៃទ្រព្យសកម្មដែលមានក្រោយពេលដកចេញនូវបំណុលដែលជំពាក់គេ។
ទុនចុះបញ្ជី
ទុនផ្លូវការដែលក្រុមហ៊ុនមាននៅពេលចុះបញ្ជីពាណិជ្ជកម្ម។
ទិន្នន័យធំ
បណ្តុំទិន្នន័យដែលមានទំហំធំមានច្រើនសណ្ឋាន និងជាទូទៅគ្មានរចនាសម្ព័ន្ធច្បាស់លាស់ ហើយប្រើប្រាស់ដើម្បីវិភាគរកលំនាំ និន្នាការ និងការជាប់ទាក់ទងគ្នារវាងដែនមួយទៅដែនមួយទៀត។
ទាយជ្ជទាន
ន័យហិរញ្ញវត្ថុ មូលនិធិ ឬ ទ្រព្យសម្បត្តិដែលផ្តល់ជាទុនទៅស្ថាប័ន បុគ្គល ឬក្រុមសម្រាប់គោលដៅជាក់លាក់អ្វីមួយ។
ទស្សន៍លទ្ធភាព
ភាពអាចប៉ាន់ប្រមាណទុកជាមុននូវស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ទំនាស់ផលប្រយោជន៍
សំដៅដល់ផលប្រយោជន៍ជាទឹកប្រាក់ ផលប្រយោជន៍គ្រួសារ ឬផលប្រយោជន៍ផ្ទាល់ខ្លួន ដែលអាចមានឥទ្ធិពលលើទង្វើរបស់បុគ្គលណាមួយក្នុងការបំពេញភារកិច្ចផ្លូវការរបស់ខ្លួន។
តតិយជន
ជនទីបី ឬភាគីទីបីក្នុងរឿង។ អ្នកដទៃ ឬអ្នកក្រៅ។ ឧទា៖ អ្នកលក់ និងអ្នកទិញជាភាគីទី១ និងទី២។ អ្នកផ្សេងទៀត ក្រៅពីអ្នកលក់ និងអ្នកទិញ ហៅថា តតិយជន។
ឌីជីថលូបនីយកម្ម
ដំណើរការនៃការកែសម្រួលការធ្វើអភិបាលកិច្ច ឬធុរកិច្ចឬដំណើរការសកម្មភាពអ្វីមួយឱ្យមានប្រសិទ្ធភាពតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
ឆ្នាំសារពើពន្ធ
សំដៅរយៈពេលរាប់គិតចាប់ពីថ្ងៃទី១ ខែមករា ឬថ្ងៃផ្តើមធ្វើប្រតិបត្តិការ ចំពោះបរធនបាលកិច្ចទើបបង្កើតថ្មី រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឬរយៈពេលផ្សេងទៀតដែលសម្រេចដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឆន្ទានុសិទ្ធិ
អំណាចដែលប្រគល់ដល់អាជ្ញាធរ ឱ្យរើសយកមធ្យោបាយណាមួយ តាមចិត្តខ្លួនមកដោះស្រាយបញ្ហាណាមួយ។
ចលនការ
និន្នាការកើនឡើង ឬថយចុះជាបន្តបន្ទាប់នូវថ្លៃ ឬបិរមាណនៃមូលបត្រ ឬទំនិញដែលត្រូវបានជួញដូរក្នុងរយៈពេលមួយ។
ចំណូលមូលធន
រួមមាន ចំណូលបានមកពីអចលកម្មហិរញ្ញវត្ថុ ហិរញ្ញប្បទានឥតសំណងសម្រាប់វិនិយោគ ការខ្ចី និងចំណូលមូលធនផ្សេងទៀត។
គ្រឹះស្ថានហិរញ្ញវត្ថុ
ស្ថាប័នសាធារណៈ ឬឯកជន ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ដើម្បីផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជន ដូចជា សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាជួញដូរមូលបត្រ សេវាធានារ៉ាប់រង សេវារបបសន្តិសុខសង្គម សេវាវិនិយោគជាដើម។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
គ្រឹះស្ថានហិរញ្ញវត្ថុ ឬស្ថាប័នហិរញ្ញវត្ថុ ឯកជនមានឯកទេស ក្នុងការផ្តល់ប្រាក់កម្ចីខ្នាតតូច សម្រាប់ក្រុម ឬបុគ្គលមានចំណូលទាប និងសហគ្រាសធុនតូច និងមានដើមទុនអប្បបរមាតម្កល់នៅធនាគារជាតិតិចជាងប្រាក់តម្កល់របស់ធនាគារពាណិជ្ជ។
គ្រឹះស្ថាន (ភ្នាក់ងារ) ផ្តល់សេវាទូទាត់សងប្រាក់
គ្រឹះស្ថាន (ភ្នាក់ងារ) ផ្តល់សេវាទូទាត់សងប្រាក់ដែលទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មត្រឹមត្រូវ។
គម្លាតឌីជីថល
ភាពខុសគ្នាក្នុងការចាប់យក ឬការមានឱកាសចាប់យកបច្ចេកវិទ្យាឌីជីថល។
គណនេយ្យភាព
ភាពអាចទទួលខុសត្រូវបាន ភាពអាចគណនាបានឬភាពអាចពន្យល់បាន។
គណនេយ្យករ
បុគ្គលដែលមានគុណវុឌ្ឍិក្នុងការកត់ត្រា និងការរក្សាបញ្ជីចំណូល ចំណាយ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់សវនកម្ម និងវិភាគគណនី និងការផ្តល់យោបល់លើបញ្ញត្តិពន្ធនានា និងឱកាសវិនិយោគ។
គណនេយ្យ
ការកត់ត្រាជាប្រព័ន្ធនិងគ្រប់ជ្រុងជ្រោយអំពីប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន អង្គភាព ឬស្ថានប័នណាមួយ។
គណនី
បញ្ជី ឬតារាងកត់ត្រាប្រាក់ចំណូល ចំណាយ និងទ្រព្យ។
ខ្លឹមសារឌីជីថល
ខ្លឹមសារនៃព័ត៌មានក្នុងទម្រង់ឌីជីថល ដែលអាចមើល អាន ស្តាប់ ឬទាញយកបាន ក្នុងទម្រង់ជាអត្ថបទ រូបភាព សំឡេង វីដេអូ។
ក្ស័យធន
សំដៅដល់ស្ថានភាពរបស់ក្រុមហ៊ុន ឬនីតិបំណុលមិនអាចទូទាត់សងបំំណុលបាន ហើយត្រូវបានប្រកាសបញ្ជាក់ដោយតុលាការ។
ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ
ក្រុមហ៊ុនសហកម្មសិទ្ធិមួយប្រភេទដែលកើតឡើងពីកិច្ចសន្យារវាងបុគ្គលពីរ ឬច្រើននាក់ ដែលដាក់រួមគ្នានូវទ្រព្យសម្បត្តិ ចំណេះដឹង ឬសកម្មភាពរបស់បុគ្គលទាំងនោះ ដើម្បីប្រកបពាណិជ្ជកិច្ចរួមក្នុងគោលបំណងរកប្រាក់ចំណេញ ហើយសមាជិកទាំងអស់ជាសហកម្មសិទ្ធិករទូទៅ។
ក្រុមហ៊ុនវាយតម្លៃ
សំដៅដល់នីតិបុគ្គលដែលទទួលបានអាជ្ញាបណ្ណសេវាកម្មវាយតម្លៃពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) និងទទួលបានការទទួលស្គាល់ការវាយតម្លៃពីនិយ័តករបរធនបាលកិច្ច (ន.ប.ធ.)។
ក្រុមហ៊ុនមូលធន
សំដៅដល់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតរួមមានក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតដែលបង្កើតឡើងតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។
ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត
ក្រុមហ៊ុនមូលធនមួយប្រភេទបង្កើតឡើងនិងចុះបញ្ជីតាមច្បាប់ ដឹកនាំ និងគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាល ដែលក្នុងនោះមានសមាសភាពជាអភិបាលយ៉ាងតិច៣រូប។ ក្រុមហ៊ុនប្រភេទនេះមានសិទ្ធិបោះចេញនូវមូលបត្រសម្រាប់លក់ជាសាធារណៈ។
ក្រុមហ៊ុនផ្តល់សេវាសវនកម្ម
សំដៅដល់នីតិបុគ្គលដែលទទួលបានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសវនកម្មពីនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) និងទទួលបានការទទួលស្គាល់ជាក្រុមហ៊ុនផ្តល់សេវាសវនកម្ម ក្នុងវិស័យបរធនបាលកិច្ចពីនិយ័តករបរធនបាលកិច្ច (ន.ប.ធ.)។
ក្រុមហ៊ុនបរធនបាល
សំដៅដល់បរធនបាលជានីតិបុគ្គល ដែលទទួលបានអាជ្ញាបណ្ណ និង/ឬការអនុញ្ញាតពី ន.ប.ធ. ឱ្យធ្វើប្រតិបត្តិការបរធនបាលកិច្ចមួយ ឬច្រើន។
ក្រមសីលធម៌វិជ្ជាជីវៈ
សំដៅដល់គោលការណ៍ តម្លៃ ស្តង់ដា ឬវិធាននានាដែលកំណត់អំពីឥរិយាបថរបស់គណនេយ្យករ និងសវនករក្នុងវិជ្ជាជីវៈរបស់ខ្លួន។
ក្រមរដ្ឋប្បវេណី
សំដៅដល់ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២០៧/០៣០ ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៧។
ក្រមព្រហ្មទណ្ឌ
សំដៅដល់ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១០៩/០២២ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩។
ក្រមនីតិវិធីព្រហ្មទណ្ឌ
សំដៅដល់ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលខ នស/រកម/០៨០៧/០២៤ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧។
កិច្ចព្រមព្រៀងអនុបំណុល
សំដៅលើកិច្ចព្រមព្រៀងដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើឡើងជាមួយដៃគូអភិវឌ្ឍ ដើម្បីទទួលយកអនុបំណុលមកគ្រប់គ្រងជំនួស សម្រាប់បន្ដសកម្មភាពអភិវឌ្ឍន៍វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។
កាលាវសាន
កាលបរិច្ឆេទកំណត់ក្នុងការទូទាត់សេវាបំណុល។
ការស្រូបយក ឬការចាប់យកឌីជីថល
ស្ថានភាពដែលមនុស្សមានជំនាញក្នុងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងថ្នាលឌីជីថលតាមបំណង និងឱ្យអស់លទ្ធភាព។
ការសម្អាតប្រាក់
សំដៅដល់៖ ក- ការបំប្លែងឬការផ្ទេរទ្រព្យសម្បត្តិ ដោយមិនដឹងថាទ្រព្យសម្បត្តិនេះជាផលនៃបទល្មើសក្នុងគោលបំណងបិទបាំង ឬក្លែងប្រភពដើមមិនស្របច្បាប់នៃទ្រព្យសម្បត្តិទាំងនេះ ឬជួយបុគ្គលណាមួយដែលបានពាក់ព័ន្ធក្នុងបទល្មើស ដើម្បីឱ្យបុគ្គលនោះគេចផុតពីផលវិបាកតាមផ្លូវច្បាប់នូវសកម្មភាពរបស់ខ្លួន។ ខ- ការបិទបាំងឬការក្លែងសភាវៈពិត ប្រភព ទីតាំង សិទ្ធិចាត់ចែង ចលនា ឬកម្មសិទ្ធិ ឬសិទ្ធិលើទ្រព្យសម្បត្តិ ដោយដឹងថាទ្រព្យសម្បត្តិទាំងនេះបានមកពីបទល្មើស។ គ- ការធ្វើលទ្ធកម្ម ការកាន់កាប់ ឬការប្រើប្រាស់ទ្រព្យសម្បត្តិ ដោយដឹងថាទ្រព្យសម្បត្តិទាំងនេះបានមកពីបទល្មើស។ ឃ- ការចូលរួម ការប៉ុនប៉ងប្រព្រឹត្ត ដោយជួយនិងជំរុញឱ្យប្រព្រឹត្តសកម្មភាពណាមួយដែលបានកំណត់។
ការសម្របឌីជីថល
សមត្ថភាពរបស់មនុស្សក្នុងការយល់ដឹង និងការសម្របខ្លួនទៅតាមការវិវឌ្ឍឥតឈប់ឈររបស់បច្ចេកវិទ្យាឌីជីថលដែលចាក់ជ្រៅនៅក្នុងធុរកិច្ច សេដ្ឋកិច្ច និងសង្គម។
ការសម្គាល់អតិថិជនឌីជីថល
ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីបង្កើត និងកំណត់អត្តសញ្ញាណរបស់អតិថិជនក្នុងពិភពឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិកដោយពឹងផ្អែកលើឯកសារសម្គាល់។
ការរំលាយបញ្ចូលគ្នា (Merger and Acquisition)
សំដៅដល់យុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ឬនីតិបុគ្គលក្នុងការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងទិញលក់ ក្នុងគោលបំណងសម្រេចបានកំណើនឆាប់រហ័សឬក្នុងគោលបំណងជាក់លាក់ផ្សេងទៀត។
ការបង្កកទ្រព្យសម្បត្តិ
សំដៅដល់ការទប់ស្តាត់ការលក់ ការផ្គត់ផ្គង់ ភតិសន្យា ការផ្ទេរ ការបំប្លែង ការធ្វើមត៌កឬអនុប្បទាន ការចល័ត ឬការប្រើប្រាស់ទ្រព្យ។
ការធ្វើអធិការកិច្ច
សំដៅដល់ការត្រួតពិនិត្យ ស៊ើបអង្កេត ស្រាវជ្រាវ ឆែកឆេររបស់មន្រ្តីអធិការកិច្ចបរធនបាលកិច្ច ក្នុងករណីសង្ស័យប្រព្រឹត្តល្មើសនឹងច្បាប់និង/ឬបទប្បញ្ញត្តិក្នុងវិស័យបរធនបាលកិច្ចដើម្បីពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យបរធនបាលកិច្ច និង/ឬ ការត្រួតពិនិត្យលើបរធនបាលកិច្ចដែលបានចុះបញ្ជី, ប្រតិបត្តិការរបស់ប្រតិបត្តិករបរធនបាល និងអ្នកចូលរួមដទៃទៀតក្នុងវិស័យបរធនបាលកិច្ច។
ការទទួលកាន់កាប់បន្ត (Takeover)
សំដៅដល់ការសម្រេចបាននូវការទិញមូលបត្រកម្មសិទ្ធិ ការទិញធុរកិច្ច ឬទ្រព្យសកម្មរបស់នីតិបុគ្គលណាមួយ ដើម្បីគ្រប់គ្រង និងកាន់កាប់នីតិបុគ្គលនោះ។
ការចាប់ផ្ដើមប្រតិបត្តិការបរធនបាលកិច្ច
សំដៅដល់ការចាប់ផ្តើមធ្វើប្រតិបត្តិការរបស់បរធនបាលកិច្ចក្រោយពីទទួលបានអាជ្ញបណ្ណ/ការអនុញ្ញាត/ការចុះបញ្ជីឬចាប់ផ្តើមពេលដែលបរធនបាលចាប់ផ្ដើមជួលបុគ្គលិក ដើម្បីបំពេញការងារសម្រាប់ប្រតិបត្តិការដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត/ការចុះបញ្ជីឬចាប់ផ្ដើមពីពេលដែលបរធនបាលចាប់ផ្ដើមធ្វើសកម្មភាពពេលដែលទទួលបានអាជ្ញាបណ្ណ និង/ឬការអនុញ្ញាត។
កម្មសិទ្ធករ
ម្ចាស់កម្មសិទ្ធិ, អ្នកដែលមានសិទ្ធិប្រើប្រាស់សិទ្ធិអាស្រ័យផលនិងសិទ្ធិចាត់ចែងលើវត្ថុណាមួយ។
Building 168F (8th Floor), Street 598, Chrang Chamres 1, Russey Keo, Phnom Penh.
info@trustregulator.gov.kh
(+855)23-237-888
© All rights reserved 2023 Trustregulator (TR)