នៅព្រឹកថ្ងៃសុក្រ ១៤ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយជាសាធារណៈអំពីការដាក់ឱ្យអនុវត្តប្រកាសស្តីពី “លក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរធនបាល” នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ក្រោមអធិបតីភាពរបស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ.។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមដល់ក្រុមហ៊ុនបរធនបាលដើម្បីស្វែងយល់ពីអំពីលក្ខខណ្ឌ និងនីតិវិធីក្នុងការត្រួតពិនិត្យលើភាពរឹងមាំហិរញ្ញវត្ថុ និងកាតព្វកិច្ចផ្សេងៗរបស់ក្រុមហ៊ុនបរធនបាលដែលទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតពី ន.ប.ធ. សំដៅដល់ការធានាលើប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងទទួលបានទំនុកចិត្តពីអ្នកចូលរួមក្នុងវិស័យបរធនបាលកិច្ច។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃ ន.ប.ធ. ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនបរធនបាល, ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច, បរធនបាលរូបវន្តបុគ្គលឯករាជ្យ, ក្រុមហ៊ុនវាយតម្លៃ និងក្រុមហ៊ុនផ្ដល់សេវាសវនកម្មដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត/ការទទួលស្គាល់ពី ន.ប.ធ. ។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)