នាព្រឹកថ្ងៃពុធ ១៥រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច និងឯកឧត្តមសាស្រ្តាចារ្យ បណ្ឌិត សួស សោភា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ សម្រាប់និស្សិតនៅសាកលវិទ្យាល័យ អំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ គុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច។ សិក្ខាសាលានេះក៏បានផ្ដល់ឱកាសដល់និស្សិតដើម្បីធ្វើការបង្កើនចំណេះដឹងបន្ថែមពាក់ព័ន្ធវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ប.ធ. និងមន្ត្រីជំនាញ,សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)