ថ្ងៃចន្ទ ១៤ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងក្រុមហ៊ុន ប៉ូម៉ា មេឌា ឯ.ក បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “ការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីវិស័យបរធនបាលកិច្ច” ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និង លោក សុក ចន្ថា អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ប៉ូម៉ា មេឌា ឯ.ក នៅទីស្តីការ អ.ស.ហ.។ ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងដើម្បីបង្កើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការសំដៅផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីវិស័យបរធនបាលកិច្ច តាមរយៈយន្តការផ្សព្វផ្សាយបែបពាណិជ្ជកម្មនៅតាមទីសាធារណៈ។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពីតំណាងជាន់ខ្ពស់នៃនិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ. ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ប៉ូម៉ា មេឌា ឯ.ក តំណាងក្រុមហ៊ុនបរធនបាល និងបុគ្គលពាក់ព័ន្ធផ្ដល់សេវាក្នុងវិស័យបរធនបាលកិច្ច។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)