នាព្រឹកថ្ងៃសុក្រ ១២កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី២ លើសេចក្ដីព្រាង “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យបរធនបាលកិច្ច ឆ្នាំ ២០២៥-២០៣៥” នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច (ជាន់ទី១៥) ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. អមដោយឯកឧត្តមអគ្គនាយករង និងប្រធាននាយកដ្ឋាន ព្រមទាំងមន្ដ្រីជំនាញនៃ ន.ប.ធ. និងដោយមានការចូលរួមពីក្រុមហ៊ុនបរធនបាល បរធនបាលរូបវន្ដបុគ្គល ប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្រុមហ៊ុនវាយតម្លៃ និងក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច ព្រមទាំងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីទទួលបានមតិយោបល់ និងធាតុចូលបន្ថែមពីតួអង្គ និងភាគីពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ដើម្បីឱ្យការរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យបរធនបាលកិច្ច ឆ្នាំ ២០២៥-២០៣៥ កាន់តែមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងមានសង្គតិភាពជាមួយក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅដល់ការអនុវត្តប្រកបដោយសណ្តាប់ធ្នាប់ តម្លាភាព ប្រសិទ្ធភាព និងទំនុកចិត្តពីអ្នកចូលរួមក្នុងវិស័យបរធនបាលកិច្ច។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)