នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.), និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងក្រុមហ៊ុន ស្ត្រងហូល ត្រាសធី ឯ.ក. បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “ការប្រឹក្សាយោបល់ និងជំនួយបច្ចេកទេសសម្រាប់ការអភិវឌ្ឍបរធនបាលកិច្ចឥណទានកាបូននៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និង លោក CHANG CHUNG-KAI ប្រធានក្រុមហ៊ុន ស្ត្រងហូល ត្រាសធី ឯ.ក. នៅទីស្តីការ អ.ស.ហ.។ ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងដើម្បីបង្កើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការ និងយន្តការសមស្របសម្រាប់ការផ្ដល់កិច្ចសហការទៅវិញទៅមកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់ សំដៅជំរុញការអភិវឌ្ឍបរធនបាលកិច្ចឥណទានកាបូននៅកម្ពុជា តាមរយៈយន្តការប្រឹក្សាយោបល់ និងជំនួយបច្ចេកទេស។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពីតំណាងជាន់ខ្ពស់នៃនិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ. ថ្នាក់ដឹកនាំ និងស្ថាប័នជាដៃគូរបស់ក្រុមហ៊ុន ស្ត្រងហូល ត្រាសធី ឯ.ក. តំណាងក្រុមហ៊ុនបរធនបាល និងបុគ្គលពាក់ព័ន្ធផ្ដល់សេវាក្នុងវិស័យបរធនបាលកិច្ច។ ពិធីនេះត្រូវបានបញ្ចប់ទៅដោយភាពរលូន និងផ្លែផ្កាខ្ពស់ ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)