នៅព្រឹកថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំថោះ ចត្វាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីការដាក់ឱ្យអនុវត្តប្រកាសស្តីពី “ការទទួលស្គាល់ក្រុមហ៊ុនផ្ដល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច” នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ អំពីលក្ខខណ្ឌ និងនីតិវិធីនៃការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច ព្រមទាំងសិទ្ធិ និងកាតព្វកិច្ចធ្វើអាជីវកម្មរបស់ក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច ដល់សាធារណជន, បរធនបាល និងបុគ្គលពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ជាពិសេសក្រុមហ៊ុនផ្តល់សេវាសវនកម្ម ដែលកំពុងធ្វើប្រតិបត្តិការក្នុងព្រះរាជាណាចក្រកម្ពុជា និងមានបំណងដាក់ពាក្យស្នើសុំការទទួលស្គាល់ពី ន.ប.ធ. ក្នុងការផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច ដើម្បីធានាឱ្យបាននូវគុណភាពសវនកម្ម និងអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានក្នុងវិស័យបរធនបាលកិច្ច។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃ ន.ប.ធ. ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនបរធនបាល, ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្តិភាព ឬរក្សាទុក និងបរធនបាលរូបវន្តបុគ្គលឯករាជ្យដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ប.ធ. ព្រមទាំងក្រុមហ៊ុនផ្ដល់សេវាសវនកម្ម។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)