នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីការដាក់ឱ្យអនុវត្តប្រកាសស្តីពី “កាតព្វកិច្ចផ្តល់របាយការណ៍ ជូនដំណឹង និងស្នើសុំការអនុញ្ញាតរបស់បរធនបាល” ក្រោមអធិបតីភាពរបស់ឯកឧត្តម ណី សាកល អគ្គនាយករងនៃ ន.ប.ធ. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយដល់សាធារណជន ជាពិសេសបរធនបាលដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ប.ធ. អំពីការអនុវត្តនូវកាតព្វកិច្ចផ្តល់របាយការណ៍ ការជូនដំណឹង និងការស្នើសុំការអនុញ្ញាតរបស់បរធនបាលដែលធ្វើប្រតិបត្តិការបរធនបាលកិច្ច នៅក្នុងវិស័យបរធនបាលកិច្ច ព្រមទាំងដើម្បីធានាឱ្យបាននូវការបំពេញកាតព្វកិច្ច និងការធ្វើប្រតិបត្តិការបរធនបាលកិច្ចរបស់បរធនបាលប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដោយអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃ ន.ប.ធ. ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនបរធនបាល, ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្តិភាព ឬរក្សាទុក និងបរធនបាលរូបវន្តបុគ្គលឯករាជ្យដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ប.ធ.។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)