នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. អាណត្តិទី១ លើកទី១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកនិយ័តករក្រោមឱវាទនៃ អ.ស.ហ. និងសមាជិក-សមាជិកា អ.ស.ហ. ព្រមទាំងថ្នាក់ដឹកនាំនៃនិយ័តករនិងអង្គភាពក្រោមឱវាទ អ.ស.ហ. ដោយផ្ទាល់នៅទីស្ដីការ អ.ស.ហ.។ ជាលទ្ធផលនៃកិច្ចប្រជុំ របៀបវារៈចំនួនពីររបស់ ន.ប.ធ. បានទទួលការអនុម័តពីអង្គប្រជុំ ដែលក្នុងនោះមាន ៖ (១).សេចក្តីព្រាងប្រកាសស្តីពី ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច និង (២).សេចក្តីព្រាងប្រកាសស្តីពី បែបបទ និងនីតិវិធីនៃការដាក់ទណ្ឌកម្មរដ្ឋបាល និងការពិន័យអន្តរការណ៍ ដោយត្រូវធ្វើការកែសម្រួលលើទម្រង់ និងអក្ខារាវិរុទ្ធបន្ថែមមួយចំនួន មុនដាក់ជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. ចុះហត្ថលេខាដាក់ឱ្យអនុវត្តជាផ្លូវការ។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)