នាព្រឹកថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច, និយ័តករបរធនបាលកិច្ច (ន.ប.ធ.) សហការជាមួយក្រសួងយុត្តិធម៌ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការបំពេញមុខងារជានគរបាលយុត្តិធម៌ និងនីតិវិធីពាក់ព័ន្ធនានា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងតំណាងរបស់ក្រសួងយុត្តិធម៌, ឯកឧត្តម នុប សុធនវិសុទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ និងអមដោយលោកជំទាវ ប៉ែន ផល្លីការ ប្រធាននាយកដ្ឋានយុត្តិធម៌ព្រហ្មទណ្ឌ និងនគរបាលយុត្តិធម៌ និងសហការី ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ ន.ប.ធ. និងមន្ត្រីអធិការកិច្ចបរធនបាលកិច្ចដែលទទួលបាននីតិសម្បទានជានគរបាលយុត្តិធម៌ និងមន្ដ្រីជំនាញពាក់ព័ន្ធផ្សេងទៀតរបស់ ន.ប.ធ. និងតំណាងក្រសួងយុត្តិធម៌។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីសិទ្ធិអំណាចរបស់មន្ត្រីអធិការកិច្ចបរធនបាលកិច្ច ក្នុងការស៊ើបអង្កេត ត្រួតពិនិត្យ ស្រាវជ្រាវបទល្មើស ឆែកឆេរ ចាប់យកវត្ថុតាង កោះហៅបុគ្គលពាក់ព័ន្ធ ចាប់វិធានការផ្អាកសកម្មភាពអាជីវកម្មជាបណ្ដោះអាសន្ន ព្រមទាំងអនុវត្តតួនាទីនៃការធ្វើអធិការកិច្ចក្នុងវិស័យបរធនបាលកិច្ច ប្រកបដោយវិជ្ជាជីវៈ ប្រសិទ្ធភាព និងសណ្ដាប់ធ្នាប់របៀបរៀបរយ។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)