18:50:15
កម្មវិធី "វគ្គបណ្តុះបណ្តាល និងការប្រឡងសម្រាប់បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច" លើកទី១ ឆ្នាំ២០២២

ប្រកាសបើកកម្មវិធី


នាព្រឹកថ្ងៃចន្ទ ១២ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការី បានអញ្ជើញប្រកាសបើក “វគ្គបណ្ដុះបណ្ដាល និងប្រឡងសម្រាប់បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ចលើកទី ១ ក្រុមទី១ ឆ្នាំ២០២២”។ ការរៀបចំវគ្គបណ្តុះបណ្តាល និងប្រឡងសម្រាប់បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ចនេះ គឺជាការបោះជំហានថ្មីបន្ថែមមួយទៀត ក្នុងដំណើរការបង្កើតអត្ថិភាពទីផ្សារបរធនបាលកិច្ចពេញលេញនៅកម្ពុជា ដែលមានប្រតិបត្តិករ តួយ៉ាងដូចជា ក្រុមហ៊ុនបរធនបាល បរធនបាលរូបវន្តបុគ្គលឯករាជ្យ បុគ្គលិកជាន់ខ្ពស់ និងបុគ្គលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច ជាអ្នកមានគុណវុឌ្ឍិគ្រប់គ្រាន់ តាមលក្ខខណ្ឌតម្រូវក្នុងបទប្បញ្ញត្តិជាធរមាន និងស្របតាមឧត្តម្មានុវត្តន៍អន្តរជាតិ។ កម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៧ ខែកក្កដា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។


កិច្ចពិភាក្សា


កាលពីរសៀលថ្ងៃពុធ ១៤ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានអញ្ជើញចូលរួមធ្វើជាអ្នកសម្របសម្រួលក្នុងកម្មវិធីកិច្ចពិភាក្សា៖ បទពិសោធន៍អនុវត្តន៍ បញ្ហាប្រឈម និងកាលានុវត្តភាព សម្រាប់ក្រុមទី១ នៃកម្មវិធីវគ្គបណ្ដុះបណ្ដាល និងការប្រឡងសម្រាប់បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច លើកទី១ ឆ្នាំ២០២២ នៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។ កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមដោយវាគ្មិនកិត្តិយសដែលសុទ្ធសឹងជាអ្នកជំនាញក្នុងវិស័យបរធនបាលកិច្ច និងវិស័យហិរញ្ញវត្ថុ រួមមាន៖ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានក្រុមប្រឹក្សាបរធនបាល នៃបរធនបាលកិច្ចហិរញ្ញវត្ថុ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់, លោក ជា ផល្លារិន ប្រធានគណៈកម្មការបរធនបាល នៃបរធនបាលកិច្ចហិរញ្ញវត្ថុ អម្រឹត និងឯកឧត្ដម ស៊ុម សុខម្ភូ ស្ថាបនិកក្រុមហ៊ុន Thurawadh Co. Ltd។ នៅក្នុងកិច្ចពិភាក្សានេះ វាគ្មិនកិត្តិយស បានធ្វើការចែករំលែកអំពីបទពិសោធន៍ក្នុងការគ្រប់គ្រង និងចាត់ចែងបរធនបាលកិច្ច អត្ថប្រយោជន៍នៃការបង្កើតវិស័យបរធនបាលកិច្ច និងបញ្ហាប្រឈមដែលធ្លាប់បានជួបប្រទះក្នុងការអនុវត្តការងារកន្លងមក ព្រមទាំងបានចែករំលែកអំពីទស្សនវិស័យអំពីវិស័យបរធនបាលកិច្ចផងដែរ។ វាគ្មិនទាំងអស់សុទ្ធតែបានបង្ហាញទស្សនាទានវិជ្ជមានចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ជាពិសេសប្រតិបត្តិការបរធនបាលកិច្ច ដែលបាននិងកំពុងក្លាយជាយន្តការក្នុងបង្កើត និងបង្កើនទំនុកចិត្ត គាំពារដល់រំហូរប្រតិបត្តិការមូលធន និងចូលរួមជំរុញការអភិវឌ្ឍវិស័យពាក់ព័ន្ធផ្សេងៗក្នុងសេដ្ឋកិច្ច និងសង្គមកម្ពុជា។


កម្រងរូបភាព


កម្រងរូបភាពអនុស្សាវរីយ៍នៃការប្រឡងបុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច លើកទី១ ឆ្នាំ២០២២ សម្រាប់ក្រុមទី១ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។


ប្រកាសបើកកម្មវិធី


នាព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម នង ពិសិដ្ឋ អគ្គនាយករង នៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. អមដោយសហការី បានអញ្ជើញប្រកាសបើក “វគ្គបណ្ដុះបណ្ដាល និងប្រឡងសម្រាប់បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ចលើកទី ១ ក្រុមទី២ ឆ្នាំ២០២២”។ ការរៀបចំវគ្គបណ្តុះបណ្តាល និងប្រឡងសម្រាប់បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ចនេះ គឺជាការបោះជំហានថ្មីបន្ថែមមួយទៀត ក្នុងដំណើរការបង្កើតអត្ថិភាពទីផ្សារបរធនបាលកិច្ចពេញលេញនៅកម្ពុជា ដែលមានប្រតិបត្តិករ តួយ៉ាងដូចជា ក្រុមហ៊ុនបរធនបាល បរធនបាលរូបវន្តបុគ្គលឯករាជ្យ បុគ្គលិកជាន់ខ្ពស់ និងបុគ្គលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច ជាអ្នកមានគុណវុឌ្ឍិគ្រប់គ្រាន់ តាមលក្ខខណ្ឌតម្រូវក្នុងបទប្បញ្ញត្តិជាធរមាន និងស្របតាមឧត្តម្មានុវត្តន៍អន្តរជាតិ។ កម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២-៥ ខែសីហា ឆ្នាំ២០២២ នៅអគារនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។


កិច្ចពិភាក្សា


កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានអញ្ជើញចូលរួមដឹកនាំ និងសម្របសម្រួលកិច្ចពិភាក្សាស្តីពី៖ ទស្សនាទាននៃកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅកម្ពុជា ក្នុងកម្មវិធីវគ្គបណ្ដុះបណ្ដាល និងការប្រឡងសម្រាប់បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច លើកទី១ ឆ្នាំ២០២២ សម្រាប់ក្រុមទី២ នៅអគារនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។ កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមដោយវាគ្មិនកិត្តិយសដែលសុទ្ធសឹងជាអ្នកជំនាញក្នុងវិស័យបរធនបាលកិច្ច និងវិស័យហិរញ្ញវត្ថុ រួមមាន៖ លោក ប៊ុន យិន ប្រធាននាយកប្រតិបត្តិធនាគារ ស៊ីអាយអឹមប៊ី ភីអិលស៊ី, លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី, ឯកឧត្តម អ៊ុក រី អភិបាលនៃក្រុមហ៊ុន យ័ន ហាន ត្រាស អ៊ិនវេសម៉ិន ឯ.ក និង លោក ជា ហាង ប្រធានក្រុមបរធនបាលនៃបរធនបាលកិច្ចហិរញ្ញវត្ថុប្រាសាក់។ នៅក្នុងកិច្ចពិភាក្សានេះ វាគ្មិនកិត្តិយសបានធ្វើការពិភាក្សាអំពីទស្សនាទាននៃការបង្កើតវិស័យបរធនបាលកិច្ចនៅកម្ពុជា តាមរយៈការចែករំលែកបទពិសោធន៍អនុវត្តន៍ បញ្ហាប្រឈម កាលានុវត្តភាព ការដកស្រង់បទពិសោធន៍ខ្លះនៃការអភិវឌ្ឍវិស័យធនាគារសម្រាប់ជាវិភាគទានដល់កិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅកម្ពុជា ការពិភាក្សាអំពីទិដ្ឋភាពផ្នែកច្បាប់ និងការអនុវត្ត ក៏ដូចជាសក្ដានុពលនៃវិស័យបរធនបាលកិច្ច។ ជារួម វាគ្មិនទាំងអស់បានសម្ដែងការសាទរដល់កិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ច រួមទាំងការបង្កើតនិយ័តករបរធនបាលកិច្ច និងការដាក់ឱ្យអនុវត្តនូវបទដ្ឋានគតិយុត្តថ្មីៗ និងមានទស្សនាទានវិជ្ជមានចំពោះសក្ដានុពល ក៏ដូចជាប្រតិបត្តិការបរធនបាលកិច្ច ដែលនឹងចូលរួមជំរុញ និងគាំទ្រការអភិវឌ្ឍវិស័យផ្សេងៗទៀតនៅក្នុងសេដ្ឋកិច្ច និងសង្គមកម្ពុជា។


កម្រងរូបភាព


កម្រងរូបថតអនុស្សាវរីយ៍នៃការប្រឡងបុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច លើកទី១ ឆ្នាំ២០២២ សម្រាប់ក្រុមទី២ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នៅអគារនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។


ប្រកាសបើកកម្មវិធី


នាព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការី បានអញ្ជើញប្រកាសបើក “វគ្គបណ្ដុះបណ្ដាល និងការប្រឡងសម្រាប់បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ចលើកទី ១ ក្រុមទី៣ ឆ្នាំ២០២២”។ ការរៀបចំវគ្គបណ្តុះបណ្តាល និងការប្រឡងសម្រាប់បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ចនេះ គឺជាការបោះជំហានថ្មីបន្ថែមមួយទៀតក្នុងដំណើរការបង្កើតអត្ថិភាពទីផ្សារបរធនបាលកិច្ចពេញលេញនៅកម្ពុជា ដែលមានប្រតិបត្តិករ តួយ៉ាងដូចជា ក្រុមហ៊ុនបរធនបាល បរធនបាលរូបវន្តបុគ្គលឯករាជ្យ បុគ្គលិកជាន់ខ្ពស់ និងបុគ្គលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច ជាអ្នកមានគុណវុឌ្ឍិគ្រប់គ្រាន់តាមលក្ខខណ្ឌតម្រូវក្នុងបទប្បញ្ញត្តិជាធរមាន និងស្របតាមឧត្តម្មានុវត្តន៍អន្តរជាតិ។ កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩-១២ ខែសីហា ឆ្នាំ២០២២ នៅអគារនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។


កិច្ចពិភាក្សា


នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានអញ្ជើញចូលរួមដឹកនាំ និងសម្របសម្រួលកិច្ចពិភាក្សាស្តីពី "បរធនបាលកិច្ច៖ បទពិសោធន៍អនុវត្តន៍ និងកាលានុវត្តភាព" ក្នុងកម្មវិធីវគ្គបណ្ដុះបណ្ដាល និងការប្រឡងសម្រាប់បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច លើកទី១ ឆ្នាំ២០២២ សម្រាប់ក្រុមទី៣ នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។ កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមដោយវាគ្មិនកិត្តិយសដែលសុទ្ធសឹងជាអ្នកជំនាញក្នុងវិស័យបរធនបាលកិច្ច និងវិស័យហិរញ្ញវត្ថុ រួមមាន៖ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថាកសិករ និងជាប្រធានក្រុមបរធនបាលនៃបរធនបាលកិច្ចហិរញ្ញវត្ថុហត្ថាកសិករ, លោកឧកញ៉ាបណ្ឌិត ប៊ុន មុនី ប្រធានក្រុមបរធនបាលកិច្ចហិរញ្ញវត្ថុស្ថាបនាសហគមន៍កម្ពុជា, ឯកឧត្ដម ផូវ សំភី អ្នកជំនាញការច្បាប់ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់បរធនបាលកិច្ចហិរញ្ញវត្ថុ សីលានិធិ និងលោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព ភីអិលស៊ី និងជាប្រធានក្រុមប្រឹក្សាភិបាលបរធនបាលកិច្ចហិរញ្ញវត្ថុក្រេឌីត។ នៅក្នុងកិច្ចពិភាក្សានេះ វាគ្មិនកិត្តិយសបានធ្វើការពិភាក្សាអំពីទស្សនាទាននៃការដាក់ឱ្យអនុវត្តប្រតិបត្តិការបរធនបាលកិច្ចនៅកម្ពុជា តាមរយៈការចែករំលែកបទពិសោធន៍អនុវត្តន៍ បញ្ហាប្រឈម កាលានុវត្តភាព ការពិភាក្សាអំពីទិដ្ឋភាពផ្នែកច្បាប់ និងការអនុវត្ត មុននិងក្រោយពេលមានច្បាប់ស្តីពីបរធនបាលកិច្ច ក៏ដូចជាសក្ដានុពលនៃវិស័យបរធនបាលកិច្ចក្នុងការជួយជំរុញប្រតិបត្តិការរំហូរមូលធន, ប្រតិបត្តិការវិនិយោគអចលនទ្រព្យ, ការរៀបចំផែនការស្ថិរភាពហិរញវត្ថុគ្រួសារ និងបុគ្គល ជាដើម។ ជារួម វាគ្មិនទាំងអស់បានសម្ដែងការសាទរដល់កិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ច រួមទាំងការបង្កើតនិយ័តករបរធនបាលកិច្ច និងការដាក់ឱ្យអនុវត្តនូវបទដ្ឋានគតិយុត្តថ្មីៗ និងមានទស្សនាទានវិជ្ជមានចំពោះសក្ដានុពលនៃវិស័យបរធនបាលកិច្ច ក៏ដូចជាប្រតិបត្តិការបរធនបាលកិច្ច ដែលនឹងចូលរួមជំរុញ និងគាំទ្រការអភិវឌ្ឍវិស័យផ្សេងៗទៀតនៅក្នុងសេដ្ឋកិច្ច និងសង្គមកម្ពុជា។


កម្រងរូបភាព


កម្រងរូបថតអនុស្សាវរីយ៍នៃការប្រឡងសម្រាប់បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច លើកទី១ ឆ្នាំ២០២២ សម្រាប់ក្រុមទី៣ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នៅអគារនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។


អាសយដ្ឋាន៖ អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨
សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
អ៊ីម៉ែល៖ info@trustregulator.gov.kh
ទូរសព្ទ៖ (+ ៨៥៥ ) ២៣-២៣៧-៨៨៨