18:50:15
ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ (IFA) ស្ដីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា”។

នាព្រឹកថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ (IFA) ស្ដីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច និងលោក ប៊ុន សុន្ទរង្គ នាយករង នៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ (IFA) នៅទីស្ដីការអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
ក្នុងក្របខណ្ឌនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ន.ប.ធ. បានចាប់ដៃគូយុទ្ធសាស្រ្តជាមួយនឹង IFA ដែលជាគ្រឹះស្ថានអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ សម្រាប់គ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ អំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ គុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច។ កិច្ចសហប្រតិបត្តិការនេះក៏នឹងផ្ដល់ឱកាសដល់និស្សិតដើម្បីធ្វើការបង្កើនចំណេះដឹង និងដកស្រង់យកបទពិសោធន៍ការងារផ្ទាល់ជាមួយនិយ័តករបរធនបាលកិច្ច ក៏ដូចជានឹងផ្ដល់ឱកាសអាទិភាពដល់មន្រ្តីនៃ ន.ប.ធ. ដែលមានបំណងបង្កើនសមត្ថភាព និងចំណេះដឹងបន្ថែម ជាពិសេសពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុផងដែរ។
កម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពី តំណាងជាន់ខ្ពស់នៃនិយ័តករ និងអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.), ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ., ថ្នាក់ដឹកនាំជាន់ខ្ពស់ សាស្រ្តាចារ្យ និងនិស្សិត នៃ IFA។ កម្មវិធីត្រូវបានបញ្ចប់ទៅដោយភាពរលូន និងប្រកបដោយផ្លែផ្កា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល។
សូមបញ្ជាក់ថា បរធនបាលកិច្ច គឺជាចំណងគតិយុត្ត ដែលក្នុងនោះ បរធនបាលទាយក (ម្ចាស់ទ្រព្យ) ប្រគល់ទ្រព្យរបស់ខ្លួនឱ្យបរធនបាល (អ្នកជំនាញវិជ្ជាជីវៈ និងមានអាជ្ញាបណ្ណ) ឱ្យធ្វើការគ្រប់គ្រង ចាត់ចែង និងថែរក្សាសុវត្ថិភាព ឬថែរក្សាទុកជំនួស ដើម្បីជាប្រយោជន៍ដល់បរធនបាលទាយកវិញ ឬដល់ភាគីផ្សេងទៀត។

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ស្ដីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា”។

នារសៀលថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ស្ដីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ក្នុងក្របខណ្ឌនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរនឹងបង្កើតកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមអនុវត្តដល់សមាជិក-សមាជិការបស់ FASMEC ដែលជាស្ថាបនិក សហគ្រិន និងធុរជនក្នុងសកម្មភាពធុរកិច្ចពាក់ព័ន្ធនៅប្រទេសកម្ពុជា ឲ្យមានការយល់ដឹងបន្ថែមអំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ លទ្ធភាពអនុវត្ត និងទាញយកផលប្រយោជនពីប្រតិបត្តិការបរធនបាលកិច្ច ក្នុងដំណើរការធុរកិច្ចរបស់ខ្លួន ក៏ដូចជាចូលរួមជំរុញការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ., ឧកញ៉ា ស៊ិន ចន្ធី អនុប្រធាននៃ FASMEC, ឧកញ៉ា ឈិន កេន អគ្គលេខាធិការនៃ FASMEC, តំណាងនៃនិយ័តករក្រោមឱវាទនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ., ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ FASMEC, ប្រធាន/នាយកប្រតិបត្តិ ថ្នាក់ដឹកនាំក្រុមហ៊ុនដែលជាសមាជិក-សមាជិការបស់ FASMEC, ក្រុមហ៊ុនបរធនបាល និងបុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ចផងដែរ។ កម្មវិធីត្រូវបានបញ្ចប់ទៅដោយភាពរលូន និងប្រកបដោយផ្លែផ្កា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល។ សូមបញ្ជាក់ថា បរធនបាលកិច្ច គឺជាចំណងគតិយុត្ត ដែលក្នុងនោះបរធនបាលទាយក (ម្ចាស់ទ្រព្យ) ប្រគល់ទ្រព្យរបស់ខ្លួនឲ្យបរធនបាល (អ្នកជំនាញវិជ្ជាជីវៈ និងមានអាជ្ញាបណ្ណ) ឲ្យធ្វើការគ្រប់គ្រង ចាត់ចែង និងថែរក្សាសុវត្ថិភាព ឬថែរក្សាទុកជំនួស ដើម្បីជាប្រយោជន៍ដល់បរធនបាលទាយកវិញ ឬដល់ភាគីផ្សេងទៀត។

និយ័តករបរធនបាលកិច្ច តំណាងដោយឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” ជាមួយនឹងក្រុមហ៊ុន ហ្សីលាននាម ឯ.ក តំណាងដោយលោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនហ្សីលាននាម ឯ.ក និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា តំណាងដោយលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅឯសណ្ឋាគារ Raffles Hotel Le Royal ។

នាព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និយ័តករបរធនបាលកិច្ច តំណាងដោយឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” ជាមួយនឹងក្រុមហ៊ុន ហ្សីលាននាម ឯ.ក តំណាងដោយលោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនហ្សីលាននាម ឯ.ក និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា តំណាងដោយលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅឯសណ្ឋាគារ Raffles Hotel Le Royal ។ ក្នុងក្របខណ្ឌនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ និយ័តករបរធនបាលកិច្ចនឹងបង្កើតកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមអនុវត្តដល់ក្រុមហ៊ុន ហ្សីលាននាម ឯ.ក ដែលជាបណ្ដុំនៃក្រុមហ៊ុនធុរកិច្ចប្រមាណជា ៣០ ក្រុមហ៊ុន ដែលផ្ដល់នូវថ្នាលបច្ចេកវិទ្យា ក្នុងធុរកិច្ចពាក់ព័ន្ធការផ្ដល់ប្រឹក្សាការវិនិយោគក្នុងវិស័យអចលនទ្រព្យ និងដល់សមាជិក-សមាជិការបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលជាស្ថាបនិក សហគ្រិន និងធុរជនប្រមាណជា១៣០ ក្រុមហ៊ុនផ្តល់សេវាវាយតម្លៃ និងផ្ដល់ប្រឹក្សាវិនិយោគក្នុងវិស័យអចលនទ្រព្យ ឱ្យបានយល់អំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច មានលទ្ធភាពសមស្របដើម្បីរៀបចំខ្លួនចូលរួមអនុវត្ត និងទាញយកផលប្រយោជន៍ពីប្រតិបត្តិការបរធនបាលកិច្ចក្នុងដំណើរការធុរកិច្ចរបស់ខ្លួន ក៏ដូចជាចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា តាមរយៈការលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយជាសាធារណៈ។ បរធនបាលកិច្ចគឺសំដៅដល់ ចំណងគតិយុត្ត ដែលក្នុងនោះ បរធនបាលទាយកជាម្ចាស់ទ្រព្យ បានប្រគល់ទ្រព្យសម្បត្តិរបស់ខ្លួនឲ្យបរធនបាល ជាអ្នកជំនាញវិជ្ជាជីវៈ និងមានអាជ្ញាបណ្ណ ដើម្បីគ្រប់គ្រង ចាត់ចែង និងថែរក្សាទ្រព្យសុវត្ថិភាព ឬថែរក្សាទុកទ្រព្យសម្បត្តិជំនួស សម្រាប់ជាផលប្រយោជន៍របស់អត្ថគាហកៈ។ យន្តការបរធនបាលកិច្ចនឹងជួយជំរុញ ក៏ដូចជាទាក់ទាញទំនុកចិត្តពីវិនិយោគិនក្នុងការវិនិយោគទៅលើវិស័យពាក់ព័ន្ធ រួមទាំងវិស័យអចលនទ្រព្យផងដែរ។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ និយ័តករមូលបត្រកម្ពុជា និងនិយ័តករបរធនបាលកិច្ច ប្រធាន/នាយកប្រតិបត្តិ ថ្នាក់ដឹកនាំក្រុមហ៊ុនដែលជាសមាជិក-សមាជិការបស់ក្រុមហ៊ុន ហ្សីលាននាម ឯ.ក និងរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក្រុមហ៊ុនបរធនបាល និងបុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ចផងដែរ។ កម្មវិធីនេះត្រូវបាន និងបញ្ចប់ទៅដោយភាពរលូន និងប្រកបដោយផ្លែផ្កា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល។

និយ័តករបរធនបាលកិច្ច បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹង CEO Master Club ស្ដីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា”។

នារសៀលថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និយ័តករបរធនបាលកិច្ច បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹង CEO Master Club ស្ដីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” ក្រោមអធិបតីភាពរបស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងលោកបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកនៃ CEO Master Club ។
ក្នុងក្របខ័ណ្ឌនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរនឹងបង្កើតកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមអនុវត្តដល់សមាជិក-សមាជិការបស់ CEO Master Club ដែលជាស្ថាបនិក សហគ្រិន និងធុរជនមានសក្តានុពល និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពធុរកិច្ចនៅប្រទេសកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យសហគ្រិន និងធុរជនទាំងអស់អាចយល់បានពីយន្តការប្រតិបត្តិការបរធនបាលកិច្ច មានលទ្ធភាពសមស្របដើម្បីរៀបចំខ្លួនចូលរួមអនុវត្ត និងទាញយកផលប្រយោជនពីប្រតិបត្តិការបរធនបាលកិច្ច ក្នុងដំណើរការធុរកិច្ចរបស់ខ្លួន ក៏ដូចជា ចូលរួមជំរុញការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា តាមរយៈការលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយជាសាធារណៈ។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពីតំណាងនៃនិយ័តករក្រោមឱវាទនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ. ប្រធាន/នាយកប្រតិបត្តិ ថ្នាក់ដឹកនាំក្រុមហ៊ុនដែលជាសមាជិក-សមាជិការបស់ CEO Master Club ក្រុមហ៊ុនបរធនបាល និងបុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ចផងដែរ។ កម្មវិធីត្រូវបានបញ្ចប់ទៅដោយភាពរលូន និងប្រកបដោយផ្លែផ្កា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល។

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ស្ដីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា”

នារសៀលថ្ងៃសុក្រ ១៤រោច ខែស្រាពណ៏ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ស្ដីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច និង លោក ស៊ាង សុបញ្ញា ប្រធានក្រុមប្រឹក្សាសមាគមសហគ្រិនវ័យក្មេងកម្ពុជា។ ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) បញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងអំពីវិស័យបរធនបាលកិច្ចដល់សមាជិករបស់ YEAC ដែលជាសមាគមសហគ្រិនវ័យក្មេង ឱ្យមានលទ្ធភាព សមស្របដើម្បីរៀបចំខ្លួនក្នុងការចូលរួមវិនិយោគក្នុងវិស័យបរធនបាលកិច្ចនៅប្រទេសកម្ពុជា ក៏ដូចជាការពង្រឹងការគ្រប់គ្រង ការរៀបចំ និងការធ្វើប្រតិបត្តិការបរធនបាលកិច្ច
(២) អភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅប្រទេសកម្ពុជា តាមរយៈការលើកកម្ពស់ការយល់ដឹង ការត្រៀមខ្លួន និងការធ្វើប្រតិបត្តិការបរធនបាលកិច្ច ព្រមទាំងការលើកទឹកចិត្ត និងជំរុញ សហគ្រិនវ័យក្មេងនៅកម្ពុជាចូលរួមផ្សព្វផ្សាយអំពីវិស័យបរធនបាលកិច្ច ក៏ដូចជាចូលរួមវិនិយោគក្នុងវិស័យនេះផងដែរ និង
(៣) ពង្រឹង និងអភិវឌ្ឍសហគ្រិនវ័យក្មេងនៅកម្ពុជា តាមរយៈការជួយដល់សមាជិករបស់ខ្លួនឱ្យទទួលបានការយល់ដឹងបន្ថែមអំពីការអភិវឌ្ឍថ្មីៗនៃវិស័យហិរញ្ញវត្ថុ បង្កើននូវជម្រើសវិនិយោគតាមរយៈប្រភពនានា ពង្រឹងការគ្រប់គ្រង ការរៀបចំ និងការធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងបរធនបាលកិច្ច ព្រមទាំងមានបំណងចូលរួមចំណែកជំរុញដល់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ដោយផ្អែកតាមប្រព័ន្ធទីផ្សារ។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពីតំណាងនៃនិយ័តករក្រោមឱវាទនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ. ប្រធាន/នាយកប្រតិបត្តិ ថ្នាក់ដឹកនាំ ក្រុមហ៊ុនដែលជាសមាជិក-សមាជិកាសមាគមសហគ្រិនវ័យក្មេង ក្រុមហ៊ុនបរធនបាល និងបុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ចផងដែរ។ កម្មវិធីត្រូវបានបញ្ចប់ទៅដោយភាពរលូន និងប្រកបដោយ ផ្លែផ្កា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល។

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្ដីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា”

នាព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងឯកឧត្ដម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្ដីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា”។ គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីបង្កើតកិច្ចសហការក្នុងភាពជាដៃគូរវាងស្ថាប័នរដ្ឋទាំងពីរ ក្នុងការជំរុញ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីវិស័យបរធនបាលកិច្ច នៅប្រទេសកម្ពុជា តាមរយៈការបង្កើតកម្មវិធីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា យន្តការប្រតិបត្តិការបរធនបាលកិច្ច លក្ខខណ្ឌតម្រូវនិង បទដ្ឋានគតិយុត្តពាក់ព័ន្ធ ការបង្កើតនិងបង្កើនទំនុកចិត្តតាមរយៈការបង្កើត និងចុះបញ្ជីបរធនបាលកិច្ច និងផលប្រយោជន៍ដែលអាចទាញយកចេញពីប្រតិបត្តិការបរធនបាលកិច្ចក្នុងធុរកិច្ចពាក់ព័ន្ធ និងក្នុងប្រតិបត្តិការររំហូរមូលធនទៅគ្រប់វិស័យក្នុងសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យ និងសវនកម្ម, លោកជំទាវ កុច មារតី អគ្គនាយករងនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា, និងតំណាងនៃនិយ័តករក្រោមឱវាទនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ.និង ទទក, ក្រុមហ៊ុនបរធនបាល និងបុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ចផងដែរ។

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសារព័ត៌មាន ខេមបូណូមីស បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្ដីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា”

កាលពីព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងលោក ស៊ឺន សាយ នាយកប្រតិបត្តិ នៃសារព័ត៌មាន ខេមបូណូមីស បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្ដីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា”។ គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីបង្កើតកិច្ចសហការក្នុងភាពជាដៃគូជាមួយអង្គភាពសារព័ត៌មានខេមបូណូមីស ក្នុងការបង្កើនការជំរុញ និងលើកកម្ពស់ការយល់ដឹងបន្ថែម ក៏ដូចជាដើម្បីបញ្ជ្រាបការយល់ដឹងអំពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា យន្តការបរធនបាលកិច្ច លក្ខខណ្ឌតម្រូវក្នុងការធ្វើប្រតិបត្តិការ បទដ្ឋានគតិយុត្តពាក់ព័ន្ធ និងផលប្រយោជន៍ដែលអាចទាញយកចេញពីប្រតិបត្តិការបរធនបាលកិច្ច ការបង្កើតនិងបង្កើនទំនុកចិត្តតាមរយៈការបង្កើតបរធនបាលកិច្ចក្នុងធុរកិច្ចពាក់ព័ន្ធ និងក្នុងប្រតិបត្តិការររំហូរមូលធនទៅគ្រប់វិស័យក្នុងសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពីតំណាងនៃនិយ័តករក្រោមឱវាទនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ក្រុមហ៊ុនបរធនបាល និងក្រុមហ៊ុនផ្ដល់សេវាក្នុងវិស័យបរធនបាលកិច្ច ផងដែរ។








អាសយដ្ឋាន៖ អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨
សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
អ៊ីម៉ែល៖ info@trustregulator.gov.kh
ទូរសព្ទ៖ (+ ៨៥៥ ) ២៣-២៣៧-៨៨៨